
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីឯកឧត្តម សុខ ចិន្តាសោភា បានកោតសរសើរក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យក្រោយឆ្នាំ២០២៥ (HLTF-ACV) ចំពោះវឌ្ឍនភាពនិងសន្ទុះក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ផែនការយុទ្ធសាស្ត្រសហគមន៍អាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន ផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន និងផែនការយុទ្ធសាស្ត្រតភ្ជាប់អាស៊ានឱ្យបានទាន់ពេលសម្រាប់ការអនុម័តទន្ទឹមនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ នៅឆ្នាំក្រោយ។

ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជារូបនេះ បានបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលជាផលប្រយោជន៍រួម និងបានស្វាគមន៍នូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់របស់ប្រទេសដែលនៅក្រៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការស្នើសុំចូលជាភាគីនៃសន្ធិសញ្ញា TAC ហើយទន្ទឹងរង់ចាំការចូលជាភាគីនៃសន្ធិសញ្ញា TAC ដោយសាធារណរដ្ឋ ហ្វាំងឡង់ ព្រះរាជាណាចក្រលុចសំបួ ព្រះរាជាណាចក្រអេស្ប៉ាញ សហរដ្ឋម៉ិកស៊ិក និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី។

បើតាមក្រសួងការបរទេស កិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងវឌ្ឍនភាពក្នុងការសម្រេចបាននូវអាទិភាពនិងសមិទ្ធផលសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្នាំ២០២៤ ស្របតាម មូលបទនៃភាពជាប្រធានអាស៊ានរបស់ឡាវ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដើម្បី ធានាថា អាស៊ាននៅតែអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរ និងត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត ហើយនៅតែបន្តដើរតួនាទីជាមជ្ឈមណ្ឌលនៃកំណើនសាកល៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ
