កម្ពុជា-ចិន

កម្ពុជាស្នើឲ្យចិនភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅសំខាន់ៗបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍


កម្ពុជាស្នើឲ្យចិនភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅសំខាន់ៗរបស់ចិនមកកម្ពុជាបន្ថែមទៀត ដើម្បីជំរុញកំណើនជើងហោះហើរ និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ ការស្នើបែបនេះធ្វើឡើងក្នុងជំនួបរវាងប្រភូតិភូនៃក្រសួងទេសចរណ៍កម្ពុជា ជាមួយលោក ស្ស៉ឺ ចឺអ៊ី (Shi Zeyi) អនុប្រធានការិយាល័យផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌និងទេសចរណ៍ចិននៅថ្ងៃទី៨ ខែកុម្ភៈ នាទីក្រុងប៉េកាំងប្រទេសចិន។
កម្ពុជាស្នើឲ្យចិនភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅសំខាន់ៗបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍
ដោយ

ក្រៅពីនេះកម្ពុជា-ចិន ក៏បានពិភាក្សាលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការរៀបចំឲ្យមានខ្សែទស្សនកិច្ចទេសចរណ៍របស់វិស័យឯកជន និងរដ្ឋរវាងប្រទេសទាំងពីរផងដែរ។ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរជនជាតិចិនបានដល់ ១លាននាក់នៅឆ្នាំនេះ ក្រោយមើលឃើញពីចរន្តភ្ញៀវទេសចរចិនបានចូលមកកម្សាន្តនៅកម្ពុជាជាបន្តបន្ទាប់ ក្រោយប្រទេសចិនបានបើកទូលាយសម្រាប់ការធ្វើដំណើរអន្តរជាតិឡើងវិញកាលពីពេលថ្មីៗ។

នាជំនួបពិភាក្សាការងារជាមួយលោក ស្ស៉ឺ ចឺអ៊ី អនុប្រធានការិយាល័យផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌និងទេសចរណ៍ចិននៅថ្ងៃទី៨ ខែកុម្ភៈនាទីក្រុងប៉េកាំងប្រទេសចិន ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានស្នើភាគីចិនបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅសំខាន់នៃប្រទេសចិនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ បើតាមការគូសបញ្ជាក់របស់ក្រសួងទេសចរណ៍ គោលបំណងនៃការជំរុញនេះ គឺដើម្បីជំរុញកំណើនភ្ញៀវទេសចរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របពេលចិនមានការកែប្រែវិធានការរឹតបន្តឹងកូវីដ-១៩ របស់ខ្លួន។

ក្រៅពីបញ្ហានេះភាគីកម្ពុជា និងចិនក៏បានពិភាក្សាគ្នាលើបញ្ហាសំខាន់ៗមួយចំនួនទៀតផងដែរពាក់ព័ន្ធការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពធនធានមនុស្សជូនមន្រ្តីរាជការ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដូចជាមគ្គុទេសក៍ទេសចរណ៍ និងបុគ្គលិកជួរមុខ ដែលនិយាយភាសាចិន។ ជាពិសេសកម្ពុជាឲ្យស្នើសុំភាគីចិនចូលរួមផ្តល់យោបល់ធាតុចូលថ្មីៗ ដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសៀវភៅស (China Ready) ស្របតាមនិន្នាការទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ បញ្ហាបង្កើតឲ្យមានខ្សែទស្សនកិច្ចរបស់វិស័យឯក និងរដ្ឋ ក៏ដូចជាការរៀបចំព្រឹត្តិការណ៍កីឡាផ្សារភ្ចាប់វិស័យទេសចរណ៍ វប្បធម៌ និងវិនិយោគ ក៏ត្រូវបានភាគីទាំងពីរលើកយកមកពិភាក្សាផងដែរ។ គួរបញ្ជាក់ថា កម្ពុជាកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធីទទួលស្វាគមន៍ភ្ញៀវទេសចរចិនចំនួន១២៥នាក់មកពីទីក្រុងប៉េកាំងជាលើកដំបូងក្រោយការបើកប្រទេសឡើងវិញរបស់ចិន ហើយវាជាការទទួលភ្ញៀវទេសចរចិនលើកទីពីររបស់កម្ពុជា បន្ទាប់ពីជើងហោះហើរពីទីក្រុងគួនមីងមកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុកាលពីពេលថ្មីៗ។ សម្រាប់ជើងហោះហើរដំបូងពីទីក្រុងគួនមីងមកខេត្តព្រះសីហនុបាននាំយកភ្ញៀវទេសចរជនជាតិចិនចំនួន១២០នាក់ ដែលជាការបើកទំព័រថ្មីសម្រាប់កម្ពុជាក្នុងការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះកម្ពុជាកំពុងស្នើឲ្យចិនភ្ជាប់ជើងហោះហើរត្រង់តំបន់ផ្សេងៗមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។

តាមរយៈសន្ទុះចរន្តភ្ញៀវទេសចរចិនចូលមកកម្ពុជាជាបន្តបន្ទាប់នេះ បានជំរុញឲ្យ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចស្រូបទាញភ្ញៀវទេសចរចិនបានចន្លោះពី៨០ទៅ១លាននាក់នៅឆ្នាំនេះ។ បន្ថែមលើជើងហោះហើរទាំងពីរខាងលើ កម្ពុជាត្រៀមទទួលជើងហោះហើរដឹកភ្ញៀវទេសចរចិនពីទីក្រុងគួនមីង និងសៀងហៃមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបនៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ។ ឯកឧត្តមរំពឹងថា ចរន្តភ្ញៀវទេសចរចូលមកកម្ពុជានឹងមានកើនឡើងខ្លាំងចាប់ពីខែមីនា តទៅ។

ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រី ស្នើឲ្យប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរចិន ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជា និងពិភពលោកឲ្យត្រឹមត្រូវ និងល្អបំផុតតាមដែលអាចធ្វើទៅបាន។

គួរជម្រាបថា កាលពីខែមករា កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះមានទេសចរចិនប្រមាណ២ម៉ឺន៥ពាន់នាក់ មានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវទេសចរអន្តរជាតិទាំងនេះធ្វើដំណើរចូលមកកម្ពុជាតាមជើងហោះហើរចំនួន ១,៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន១,១៧៨ជើង៕




អត្ថបទបន្ទាប់


ថៃរំពឹងថា ការចំណាយនៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈ ខាងមុខនេះនឹងមានដល់ ៧០លានដុល្លារ

ការចំណាយនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ឆ្នាំនេះក្នុងប្រទេសថៃ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ទៅជាង ៧០លានដុល្លារ ពោលគឺមានការកើនឡើងជាង៥៧% ធៀបន…

តើមានប្រទេសណាខ្លះចេញមុខជួយប្រទេសតួកគី និងស៊ីរីភ្លាមៗ ក្រោយគ្រោះរញ្ជួយដីមហាប្រល័យវាយប្រហារប្រទេសទាំងពីរ?

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសទួរគី និងស៊ីរីបានកើនឡើងដល់ជាង ១២ ០០០ នាក់ហើយ នេះបើតាមការរាយការណ៍ពីភ្នាក់ព័ត៌មា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ