ធនាគារជាតិបានបង្ហាញរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ពីការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងអន្តជាតិ ដោយប្រទេសដែលត្រូវនាំចេញទំនិញពីកម្ពុជាគឺ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស និងជប៉ុនជាមួយនឹងទឹកប្រាក់សរុប ៦,៨ ពាន់លានដុល្លារ និងប្រទេសដែលកម្ពុជាត្រូវការនាំចូលទំនិញមកវិញគឺមានចិន ថៃ វៀតណាម និងជប៉ុន ដែលមានទឹកប្រាក់សរុប ១០,៥ ពាន់លានដុល្លារអាមេរិក។
ជុំវិញនឹងការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិនេះ អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានអះអាងថា កម្ពុជាពិតណាស់ គឺមានទំនាក់ទំនងជាមួយនឹងបរទេស ពោលគឺយើងមិនមែនជាប្រទេសឯកកានោះទេ ហើយចំពោះតួលេខពាណិជ្ជកម្មដែលបានបង្ហាញនេះ គឺកម្ពុជានៅតែចំណាយច្រើនជាងចំណូលរហូតជាង ៤ពាន់លានដុល្លារដែលចំនួននេះមិនសមស្របនៅឡើយ ទាមទារជំរុញបង្កើនការនាំចេញបន្ថែមទៀត។
របាយការណ៍បង្ហាញទៀតថា ចិនមានចំណែកទីផ្សារនំាចូលមកកម្ពុជារហូត ៤៦ភាគរយ ថៃជាង ១៥ភាគរយ វៀតណាមជាង ១៣ភាគរយ និងជប៉ុន ជាង ៤ភាគរយ។ និងចំណែក ទីផ្សារកម្ពុជានាំចេញវិញគឺមានតំបន់អឺរ៉ុបជាង ២៦ ភាគរយ អាមេរិក ២៨ភាគរយ អង់គ្លេសជាង ៦ភាគរយ និងជប៉ុនជាង ៧ភាគរយ ហើយផលិតផលដែលរួមចំណែកសម្រាប់ការនាំចេញទាំងនេះមានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប បរិក្ខាអគ្គិសនី កង់ និងអង្ករជាដើម។
ធនាគារជាតិ បានគូសបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មជាមួយអន្តរជាតិគឺសំខាន់ ដូច្នេះកម្ពុជាខ្លួនឯងត្រូវតែយល់ឲ្យបានច្បាស់ពីនិន្នាការសេដ្ឋកិច្ច ក៏ដូចជានយោបាយពិភពលោកផងដែរ ដើម្បីជាត្រៀមខ្លួនបង្ការឥទ្ធិពលអវិជ្ជមានណាមួយពីបណ្តាប្រទេសទាំងនោះ៕