គ្រាប់ស្វាយចន្ទី

តើមានកត្តារាំងស្ទះអ្វីនាំឱ្យកម្ពុជាមិនអាចនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារចិនដោយផ្ទាល់បានច្រើន?


ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយផ្ទាល់ គឺមានចំនួនតិចតួចប៉ុណ្ណោះមកទល់ពេលនេះ។ ប៉ុន្តែគ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបាននាំចូលទៅកាន់ទីផ្សារចិន យ៉ាងច្រើន តាមរយៈប្រទេសវៀតណាម។ តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យកម្ពុជាមិនអាចនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារចិនដោយផ្ទាល់យ៉ាងដូច្នេះ?
គ្រាប់ស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា កន្លងមកវិនិយោគិនចិនភាគច្រើន គឺចង់ទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា ដែលកែច្នៃរួចប៉ុណ្ណោះ ពោលគឺពួកគេមិនចង់ទិញគ្រាប់ស្វាយចន្ទីស្រស់យកទៅកែច្នៃនោះទេ ដ្បិតថា កម្លាំងពលកម្មនៅទីនោះមានតម្លៃថ្លៃ។ ប៉ុន្តែកាលពីពេលថ្មីៗនេះមានក្រុមហ៊ុនធំមួយរបស់ចិន ដែលមានមូលដ្ឋាននៅខេត្តក្វាងស៊ី បានមកសហការជាមួយសមាគមស្វាយចន្ទីកម្ពុជា ដើម្បីចរចាទិញគ្រាប់ស្វាយចន្ទីស្ងួតកម្ពុជា ចំនួនប្រមាណ២០ម៉ឺនតោនសម្រាប់​ឆ្នាំ២០២៥ ខាងមុខ។ បើតាមប្រធានសមាគមរូបនេះ គ្រាប់ស្វាយចន្ទីកម្ពុជា ដែលនាំទៅប្រទេសចិន នាពេលកន្លងមកភាគច្រើន គឺត្រូវបាននាំចេញតាមរយៈទីផ្សារវៀតណាម ដោយដាក់ស្លាកជាផលិតផលកម្ពុជា និងផលិតនៅប្រទេសវៀតណាម។

​តែយ៉ាងណា លោក អួន ស៊ីឡុត បានបញ្ជាក់ថា កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជា ទៅទីផ្សារចិន ផងដែរ ក៏ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះ។ ការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារចិន ដោយផ្ទាល់នៅមានកម្រិតតិចនេះ ត្រូវបានប្រធានសមាគមរូបនេះអះអាងថា កត្តាចម្បង គឺដោយសារកម្ពុជា មិនមានហេដ្ឋារចនាសម្ព័ន្ធគ្រាប់គ្រាន់សម្រាប់ផលិតកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅតាមតម្រូវការចង់បានរបស់ទីផ្សារចិន។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះរំពឹងថា កម្ពុជានឹងអាចនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារចិនដោយផ្ទាល់ក្នុងចំនួនច្រើន ប្រសិនបើកម្ពុជា មានរោងចក្រកៃច្នៃគ្រាប់គ្រាន់។

​គួរជម្រាបថា សមាគមស្វាយចន្ទីកម្ពុជា បានដាក់គោលដៅកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសឱ្យបាន៧០% នៅ១០ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា រហូតដល់ជាង៩០% ត្រូវបាននាំចេញទៅក្រៅប្រទេស ជាពិសេសទីផ្សារវៀតណាម។ កត្តានេះ គឺជាបញ្ហាចម្បងមួយដែលធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ពុំមានស្ថិរភាព។ យ៉ាងណាមិញនៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ បានប្រមាណជិត៥០ម៉ឺនតោន មានការកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

None



អត្ថបទបន្ទាប់


ប្រសិនបើវិស័យធនាគារជួបបញ្ហា ឬដួលរលំ តើនឹងមានរឿងអ្វីកើតឡើងចំពោះសេដ្ឋកិច្ច?

វិស័យធនាគារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញ និងអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ឬអាចនិយាយបានថា ជាជន្ទល់ក្នុងការជួយជំរុញកំណើនស…

ស្ថានភាពសេដ្ឋកិច្ចនៅអឺរ៉ុប បង្ហាញសញ្ញាជីពចរជីវិតឡើងវិញ ក្រោយធ្លាក់ចុះជាបន្តបន្ទាប់

សេដ្ឋកិច្ចរបស់អឺរ៉ុប ដែលបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តំាងពីផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបង្ហាញសញ្ញាជីពចរជីវិតឡើងវិញហើយ។ បើយោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ