កសិផលនាំចេញ

គ្រាប់ស្វាយចន្ទីកម្ពុជាទិន្នផលឆ្នាំនេះធ្លាក់ចុះ ប៉ុន្ដែការនាំចេញកើនគំហុក


បើទោះបីជាអ្នកជំនាញ និង ម្ចាស់ចម្ការស្វាយចន្ទីមួយចំនួន អះអាងថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះ មានការធ្លាក់ចុះក៏ដោយ ក៏ប៉ុន្ដែបើយើងក្រឡេកទៅមើលការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ នៅតែកើនឡើងយ៉ាងគំហុក ជាមួយកំណើនជាង ២៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ វៀតណាមនៅតែជាទីផ្សារនាំចេញធំជាងគេសម្រាប់គ្រាប់ស្វាយចន្ទីរបស់កម្ពុជា។
គ្រាប់ស្វាយចន្ទី ជាផលិតផលកសិកម្មសក្ដានុពលសម្រាប់ការផលិតជាផលិតផលសម្រេច ដើម្បីនាំចេញ (រូបថត៖ ចាន់ មង្គល)
ដោយ

បើតាមរបាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា នៅរយៈពេល៤ខែដើមឆ្នាំ២០២១ ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជិត ៧០ម៉ឺនតោនកើនឡើងជាង ២៧៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមប្រទេសទីផ្សារៗធំៗទាំង៦ ប្រទេសវៀតណាម បានទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាក្នុងចំនួនច្រើនជាងគេដល់ទៅជិត ៦៩ម៉ឺនតោនទៅហើយ បន្ទាប់មកគឺប្រទេសចិនឈរលំដាប់ទីពីរមានជាង៣ពាន់២រយតោន រីឯថៃ ឈរលំដាប់ទី៣មានជាង៣ពាន់តោន និងតាមពីក្រោយដោយជប៉ុន ឡាវ និងអារ៉ាប់។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​បានអះអាងថា  ស្របពេលទិន្នផលស្វាយចន្ទី​មានការធ្លាក់ចុះគួរឲ្យគត់សម្គាល់ ប៉ុន្ដែ ការនាំចេញបែរជាកើនគំហុកនេះ តាមការសន្និដ្ឋានរបស់លោក គឺទំនងមកពីការកើនឡើង​នូវចំនួនផ្ទៃដីដាំដុះ និងការរីកចម្រើននៃបច្ចេកទេសដាំដុះស្វាយចន្ទី ដែលត្រូវបាន​ពង្រីក​កាន់តែច្រើនឡើង។

ជាមួយគ្នានេះដែរ លោក វ៉ា រុតសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាម្ចាស់ចម្ការស្វាយចន្ទីបានអះអាងថា ចម្ការស្វាយចន្ទី​របស់លោកឆ្នាំនេះ ផ្តល់ទិន្នផលធ្លាក់ចុះ​ប្រមាណ ៣០% ហើយចម្ការខ្លះធ្លាក់ចុះ​រហូតដល់ ៥០% ក៏មានដែរ។ អ្នកជំនាញ​រូបនេះ​កត់សម្គាល់​ឃើញថា មូលហេតុ​ដែលធ្វើឲ្យទិន្នផលគ្រាប់ស្វាយចន្ទីឆ្នាំនេះមានការធ្លាក់ចុះ ដោយសារឆ្នាំនេះមានសន្សើមប្រៃ គួបផ្សំនឹងសត្វល្អិត។

តាមការអះអាងអ្នកជំនាញកសិកម្មបានឲ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាភាគច្រើនជាគ្រាប់ស្វាយចន្ទីស្រស់មិនទាន់កែច្នៃ បន្ទាប់មកប្រទេសទាំងនោះ ជាពិសេសវៀតណាមបានយកគ្រាប់ស្វាយចន្ទីទាំងនោះទៅកែច្នៃ ដើម្បីនាំចេញលក់បន្តទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកជំនាញ ស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអ្នកវិនិយោគជួយបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែមទៀត ខណៈកម្ពុជាមានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន៣០ និងរោងចក្រកែច្នៃ និងវេចខ្ទប់ចំនួន៥ប៉ុណ្ណោះ។ 

ជុំវិញទៅនឹងការនាំចេញគ្រាប់ស្វាយចន្ទីនេះ បើយើងក្រឡេកទៅមើលវៀតណាម នៅ៤ខែដំបូងនៃឆ្នាំ២០២១នេះ បាននាំចូលគ្រាប់ស្វាយចន្ទីប្រមាណ ១លាន២សែនតោន មានតម្លៃជិត២ពាន់លានដុល្លារអាមេរិក កើនឡើងដល់ទៅជាង៣០០%ឯណោះ។ នេះបើតាមតួលេខពីការិយាល័យស្ថិតវៀតណាម។ ដោយឡែក នៅ៤ខែដំបូងនៃឆ្នាំ២០២១នេះដែរ វៀតណាមនាំចេញគ្រាប់ស្វាយចន្ទីបានជាង១៥ម៉ឺនតោន កើនឡើងជាង៨% ប៉ុន្ដែ ចំណូលវិញរកបានជិត៩០០លានដុល្លារថយចុះជាង៧%។

ប្រភពព័ត៌មានដដែលនេះ បានគូសបញ្ជាក់ទៀតថា គ្រាប់ស្វាយចន្ទី ដែលវៀតណាមទិញពីកម្ពុជានៅរយៈពេល៤ខែមកនេះ មានតម្លៃជាមធ្យម ១.៥៨០ ដុល្លារអាមេរិកក្នុងមួយតោន កើនឡើងជិត៦%ធៀបនឹងឆ្នាំមុន៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនហ៊ិននីគែន (ខេមបូឌា) ផ្តល់គ្រឿងឧបភោគបរិភោគជូនពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

ក្រុមការងារអាន់ឆ័រ ដែលជាម៉ាកយីហោរដ៏ល្បីមួយរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដ…

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្បថ និងប្តេជ្ញាបន្តវាយប្រហារក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា

នាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ កាលពីពេលថ្មីៗនេះ បានស្បថសច្ចាថាលោក នឹងប្តេជ្ញាបន្តការវាយប្រហារក្នុងតំបន់ហ្គាហ្សា តាមផ្លូវអាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ