លោក ពុយ សេន ដែលជាឈ្មួញប្រមូលទិញដំឡូមីនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំឡូងមីឆ្នាំនេះ ឡើងថ្លៃ១គុណ២ ព្រោះ ឆ្នាំទៅ ខ្ញុំទិញធ្លាក់ថ្លៃដល់១០០រៀលក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងស្រស់។ ឆ្នាំនេះ ថៃ និងយួន វាលិចទឹក ហើយយួនឥឡូវ វាក៏ស៊ីដំឡូងស្រស់ច្រើនដែរ។ ទីផ្សារដំឡូងយើង តែងតែពឹងថៃច្រើនជាងគេ ព្រោះ ថៃវាយកទៅចិនផង»។
បើតាមឈ្មួញរូបនេះ ពលរដ្ឋនៅខេត្តបាត់ដំបងកំពុងសប្បាយចិត្តក្នុងការប្រមូលផល ខណៈដែលពលរដ្ឋខ្លះទៀត ក៏មានអារម្មណ៍ស្តាយក្រោយដែលយកដីដាំពោតអស់ ព្រោះតែ ឆ្នាំមុនតម្លៃដំឡូងមីចុះថោកខ្លាំងពេក។ ហេតុនេះហើយទើប ពលរដ្ឋមួយចំនួនធំ បានទុកដំឡូងមីកាលពីឆ្នាំមុន ដើម្បីគាល់លក់នៅឆ្នាំនេះវិញ។
របាយការពីអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថា គិតចាប់ពីខែមេសា ដល់ខែកញ្ញាឆ្នាំ២០១៧ ការនាំចេញផលិតចំណិតដំឡូងមីក្រៀមទៅទីផ្សារបរទេស មានប្រមាណ ២,៣លានតោន ខណៈការនាំចេញដំឡូងមីស្រស់ស្រស់វិញ មានរហូតដល់ជាង៧៥ម៉ឺនតោន។ ក្នុងនោះ ប្រទេសថៃ និង វៀតណាម ត្រូវបានចាត់ទុកថា ជាទីផ្សារធំបំផុតក្នុងនាំចេញផលិតផលដំឡូងមីកម្ពុជា ខណៈការនាំចេញទៅទីផ្សារចិនផ្ទាល់ ហាក់មានចំនួនតិចតួចនៅឡើយ។
យ៉ាងណាក៏ដោយ ទីផ្សារចិន គឺជាអ្នកបញ្ជាទិញកសិផលដំឡូងមីច្រើនជាងគេបង្អស់នៅក្នុងពីភពលោក។ ជាមួយគ្នានេះ ដំឡូងមី ដែលជាផលិតផលសំខាន់ជាងគេទី២បន្ទាប់ពីស្រូវ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ផងដែរនៅមួយរយៈពេលចុងក្រោយនេះ។ ជាក់ស្ដែងនៅពេលកន្លងទៅថ្មីៗនេះ វេទិកាផ្សព្វផ្សាយផលិតផលដំឡូងមី ក៏ត្រូវបានបង្កើតឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ។
ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏ធ្លាប់មានប្រសាសន៍ថា នៅឆ្នាំ២០១៧កន្លងទៅ ផ្ទៃដីដាំដុះដំឡូងមីមានប្រមាណ៦០ម៉ឺនហិចតា ហើយកសិផលដំឡូងមី ជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ និងកំពុងមានតម្រូវការច្រើននៅលើទីផ្សារពិភពលោក។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ដំឡូងមី អាចយកទៅផលិតសម្រាប់ធ្វើអាហារសម្រាប់មនុស្ស ចំណីសត្វ អេតាណុល និង សម្ភារប្រើប្រាស់ផ្សេងទៀត ដែលមិនប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះ ផលិតផលនេះ មិនងាយខូច ដូចកសិផលដទៃទៀតនោះទេ។
ជុំវិញបញ្ហានេះ លោក ច័ន្ទ សុផល បានលើកឡើងថា លោកគាំទ្រចំពោះគោលនយោបាយរបស់រដ្ឋាភិបាលរបស់ក្រសួងពាណិជ្ជកម្ម ដែលជំរុញទីផ្សារដំឡូងមីនេះ ព្រោះ ដំណាំដំឡូងមីនេះ ជាឧស្សាហកម្មយុទ្ធសាស្រ្តមួយ ដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតតម្លៃបន្ថែម ក៏ដូចជាការផលិតបន្ថែមទៀត។ យ៉ាងណាក៏ដោយ លោកអះអាងថា ទីផ្សារផលិតផលកសិកម្ម តែងមានការប្រែប្រួលទៅតាមរលកនៃទីផ្សារសាកល ដូច្នេះ កសិករត្រូវមានត្រៀមខ្លួនឲ្យមុនឈានទៅរកការដាំដុះ ដូចជា ប្រភពទុន និងព័ត៌មានទីផ្សារជាដើម។
ការដាំដុះដំឡូងមីមាននៅគ្រប់២៥ខេត្តក្រុង ខណៈខេត្តដែលមានការដាំដុះច្រើនជាងគេ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ក្រចេះ និងកំពង់ធំជាដើម។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ក៏មានក្រុមហ៊ុនចិន Green Leader Holdings Group Limited ដែលមានមូលដ្ឋាននៅហុងកុង បានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសន្យាថា នឹងសាងសង់រោងចក្រកែច្នៃដំឡូងមី ឲ្យបានយ៉ាងតិច ៣កន្លែងនៅកម្ពុជា ក្នុងឆ្នាំ ២០១៨នេះ និងគ្រោងពង្រីករោងចក្របន្ថែម ឲ្យបានរហូតដល់ ២០កន្លែងនៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
បើតាមការអះអាងពីតំណាងក្រុមហ៊ុនចិនហុងកុងមួយនេះ រោងចក្រទី១
នឹងត្រូវសាងសង់ឡើងឆាប់ៗនេះ នៅលើទឹកដីខេត្តត្បូងឃ្មុំ ខណៈដែលរោងចក្រទី២បន្ទាប់ទៀត អាចនឹងត្រូវសាងសង់ឡើងនៅខេត្តត្បូងឃ្មុំដដែល
និងអាចបន្តសាងសង់នៅស្រុកស្នួលខេត្តក្រចេះ ខេត្តស្ទឹងត្រែង ពោធិ៍សាត់
និងមណ្ឌលគីរី ជាដើម ក្រោមជាការចង្អុលបង្ហាញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមជម្រាបថា បើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បច្ចុប្បន្ន ការដាំដុះដំឡូងមីរបស់កម្ពុជា មានប្រមាណ ១៤ លានតោន ក្នុងមួយឆ្នាំ លើផ្ទៃដីជាង៧០ម៉ឺនហិកតា ខណៈដែលបច្ចុប្បន្ន រោងចក្ររកែច្នៃដំឡូងមីមានប្រមាណតែ ៤រោងចក្រប៉ុណ្ណោះ ក្នុងនោះ ក៏មានរោងចក្រខ្លះក៏កំពុងប្រឈមនឹងការក្ស័យធនផងដែរ។ ដូច្នេះ កម្ពុជាត្រូវការរោងចក្រកែច្នៃជាច្រើនទៀតដើម្បីកែច្នៃ និងនាំចេញ៕