បើមិនគ្មានអ្វីប្រែប្រួលទេនោះ ក្រសួងកសិកម្មកម្ពុជា និងតំណាងភាគីចិន នឹងចុះហត្ថលេខាលើពិធីសារនាំចេញផ្លែស្វាយពីកម្ពុជាទៅចិននៅថ្ងៃ ទី ៩ ខែមិថុនានេះ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ផ្លែស្វាយកម្ពុជា នឹងក្លាយជាផលិតផលផ្លែឈើស្រស់មួយមុខទៀត ដែលនឹងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីផ្លែចេក ដែលត្រូវបានអនុញ្ញាតឲ្យនាំចេញទៅចិននាពេលកន្លងទៅ។ តាមការគូសបញ្ជាក់របស់ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈការចុះពិធីសារនៅថ្ងៃស្អែកនេះ កម្ពុជានឹងអាចនាំចេញផ្លែស្វាយគុណភាពខ្ពស់ ៥០ម៉ឺនតោន ទៅកាន់ទីផ្សារចិនជារៀងរាល់ឆ្នាំ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានឲ្យដឹងថា ការចុះពិធីសារនៅថ្ងៃស្អែកនេះ គឺជាការបើនូវរនាំងថ្មីមួយទៀត ដែលអាចឲ្យកម្ពុជានាំចេញស្វាយទៅកាន់ប្រទេសចិន ពេលលណាក៏បាន ក្រោយពីចុះហត្ថលេខានេះរួចភ្លាម។
ទោះយ៉ាងណា ឯកឧត្តម គូសបញ្ជាក់ថា បើទោះបីជាមានការបើករនាំងនេះក៏ពិតមែន តែកម្ពុជានៅតែមានបញ្ហាប្រឈមច្រើនជាមួយនឹងក្រុមហ៊ុនឯកជនដែលជាអ្នកនាំចេញ គឺត្រូវតែមានការរៀបចំឲ្យមានម៉ាស៊ីនសម្អាតមេរោគជាមុន ខណៈបច្ចុប្បន្នយើងទើបតែឃើញមានក្រុមហ៊ុន Hyundia តែមួយទេ ដែលអាចរៀបចំខ្លួនមានស្តង់ដាអាចនាំចេញស្វាយទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ។
ឯកឧត្តម វេង សាខុន បង្ហើបឲ្យដឹងទៀតថា ក្រៅពីផ្លែស្វាយ កម្ពុជាក៏នឹងបន្តការចរចាជាមួយចិនបន្ថែមទៀ ដើម្បីអាចនាំចេញ តាង៉ែន ឬហៅថាមៀនប៉ែលិន ផ្លែស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិនដោយផ្ទាល់ផងដែរ។ បច្ចុប្បន្ន ផលិតផលកសិកម្មរបស់កម្ពុជាដែល ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចូលដោយផ្ទាល់រួមមានដូចជា អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក។
របាយការណ៍ក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងថា រយៈពេល៥ខែដំបូងឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ សរុបបានក្នុងបរិមាណ ជាង៤ម៉ឺន តោន កើនឡើងជាង ១ម៉ឺនតោន ស្មើនឹង ជិត៦០ភាគនៃផែនការ៕