ការដាក់ចេញនូវគោលការណ៍ថ្មីនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានពិនិត្យឃើញថា ប្រទេសថៃ បានដាក់ចេញនូវគោលការណ៍ថ្មី ដែលអនុញ្ញាតឱ្យអ្នកដំណើរ និងភ្ញៀវទេសចរ មកពីប្រទេសចំនួន ៤៦ប្រទេស ដែលមាន ហានិភ័យទាបអាចចូលទៅប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ ក្នុងនោះរួមមានប្រទេសកម្ពុជា ផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា កន្លងមក ដោយសារតែការរាតត្បាតខ្លាំងនូវជំងឺកូវីដ១៩ ប្រទេសកម្ពុជា ហាក់បានផ្ដាច់ទំនាក់ទំនងផ្លូវអាកាស ជាមួយនឹងប្រទេសមួយចំនួន។
ស្របនឹងប្រទេសថៃ បានអនុវត្តនូវគោលការណ៍មិនតម្រូវឱ្យអ្នកដំណើរ និងទេសចរ ធ្វើចត្តាឡីស័ក សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ក៏គួរពិចារណាដែរ លើការអនុវត្តលើគោលការណ៍បដិការជាមួយប្រទេសថៃ គឺសហការគ្នាដើម្បីអាចទាក់ទាញភ្ញៀវទេសចរបន្តពីប្រទេសថៃ ឲ្យចូលមកកម្សាន្ដនៅកម្ពុជា។ ទន្ទឹមនឹងនោះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា បើសិនកម្ពុជា មិនបើកប្រទេសពេញលេញឡើងវិញនោះទេ កម្ពុជាអាចស្លាប់ដោយសារសេដ្ឋកិច្ច ពិបាកជាងស្លាប់ ដោយសារតែកូវីដ១៩ ទៅទៀត។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបតែបានដាក់ចេញសេចក្ដីសម្រេចមួយ ស្ដីអំពី នីតិវិធីប្រតិបត្តិស្តង់ដារនៃការធ្វើចត្តាឡីស័ក របស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ទាំងជនជាតិខ្មែរ និងជនបរទេស ដែលបានធ្វើដំណើរចូលមកម្ពុជា គឺតម្រូវឲ្យចត្តាឡីស័ក ចន្លោះពី ៣ថ្ងៃ ទៅ ៧ថ្ងៃ។ ដោយឡែក សម្រាប់អ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំង គឺត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដដែល។
កម្ពុជា មានផែនការបើកប្រទេសពេញលេញឡើងវិញ នៅចុងឆ្នាំ២០២១នេះ ខណៈស្ថានភាពការឆ្លងរាតត្បាតជំងឺកូវីដ១៩ ទូទាំងប្រទេសកម្ពុជា បច្ចុប្បន្ន ចាប់ផ្ដើមមានភាពធូរស្រាលឡើងវិញ ជាបណ្ដើរៗ។ ការថយចុះនៃចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជា ក៏បានបង្ហាញពីភាពវិជ្ជមាននៃសម្ទុះនៃការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្ពុជា ផងដែរ។ គិតត្រឹមថ្ងៃទី២១ ខែតុលា មានប្រជាពលរដ្ឋ ជាង ១៣លាននាក់ហើយ ទូទាំងប្រទេស បានចាក់វ៉ាក់សាំងបង្កាកូវីដ១៩៕