លោក ឌួង ពូលឡង់ មន្រ្តីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច នៃនិវាសដ្ឋានបេសកកម្មប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី កត់សម្គាល់ឃើញថា ជម្លោះព្រំដែនកម្ពុជា និងថៃ បានបង្កើតជាឱកាសមាសដល់កម្ពុជា ក្នុងការពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ខណៈពលរដ្ឋខ្មែរជាច្រើនចាប់ផ្ដើមមាននិន្នាការឈប់ប្រើប្រាស់ផលិតផលរបស់ថៃ។ លោកបានសង្កត់ធ្ងន់ថា នេះជារបត់មួយដែលធ្វើឱ្យពលរដ្ឋស្ម័គ្រចិត្តទទួលយក និងជឿជាក់លើផលិតផលក្នុងស្រុក ទោះបីជាគុណភាពផលិតផលខ្លះនៅមានកម្រិត បើធៀបនឹងទំនិញនាំចូលក៏ដោយ។ កត្តានេះវាបានជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងការពឹងផ្អែកលើការនាំចូលពីខាងក្រៅបានយ៉ាងច្រើន។
ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា ការផលិតផលិតផលរបស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុកបច្ចុប្បន្នការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានផលិតផលជាច្រើនត្រូវបានផ្គត់ផ្គង់នៅលើទីផ្សារ និងមានការនាំចេញទៅកាន់ទីផ្សារបរទេសផងដែរ។ យ៉ាងណាមិញអ្នកជំនាញរូបនេះស្នើឱ្យពលរដ្ឋបន្តជួយគាំទ្រផលិតផលក្នុងស្រុក ដែលជាផ្នែកមួយជួយលើកទឹកចិត្តដល់អ្នកផលិត និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ទោះបីជាមានផលរំខានពីកត្តាភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ ក៏ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅតែមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងរង្វង់៤,៥% ក្នុងឆ្នាំ២០២៦ នេះ។
គួរបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានជិត១៧ពាន់លានដុល្លារ មានការកើនឡើង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញមានទំហំជាង៨ពាន់លានដុល្លារ។ តាមរយៈតួលេខនេះសបញ្ជាក់ថា បើទោះបីជាច្រកព្រំដែនគោកជាមួយប្រទេសជិតខាងរងផលប៉ះពាល់ ប៉ុន្តែកម្ពុជា នៅតែមានសមត្ថភាពខ្ពស់ក្នុងការបង្កើនផលិតភាពក្នុងស្រុក និងពង្រីកឥទ្ធិពលពាណិជ្ជកម្មរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោកបានយ៉ាងទូលំទូលាយ៕
អត្ថបទ៖ បូ ដូឡា