បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់ ផ្ទុះឡើងរយៈពេល៧សប្តាហ៍ ការស្ទង់មតិអាជីវកម្មថ្មីៗ ដែលនឹងចេញផ្សាយនៅសប្តាហ៍ក្រោយ ត្រូវបានព្យាករថា នឹងបង្ហាញពីជម្រៅ នៃសង្គ្រាម ដែលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច។ ទិន្នន័យបឋមបានចង្អុលបង្ហាញរួចហើយអំពីកំណើនខ្សោយ និងអតិផរណាខ្ពស់នៅក្នុងប្រទេសជាច្រើន ជាពិសេសនៅពេលដែលតម្លៃថាមពលកើនឡើង។
មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា ទោះបីជាសង្គ្រាមអ៊ីរ៉ង់ អាចនឹងបញ្ចប់ក្នុងពេលឆាប់ ៗនេះក្ដី ក៏ការខូចខាតសេដ្ឋកិច្ចនឹងមិនរសាត់បាត់ទៅឆាប់រហ័សនោះឡើយ។ ប្រេង និងឧស្ម័នហក់ឡើងថ្លៃខ្ពស់កំពុងជំរុញឱ្យទំនិញឡើងថ្លៃទូទាំងពិភពលោក ខណៈដែលអ្នកប្រើប្រាស់កាត់បន្ថយការចាយវាយ ហើយសកម្មភាពអាជីវកម្មក៏ធ្លាក់ចុះ។
ពេលនេះបណ្ដាធនាគារកណ្តាលប្រឈមមុខនឹងជម្រើសដ៏លំបាកមួយថាតើពួកគេគួរដំឡើងអត្រាការប្រាក់ ដើម្បីគ្រប់គ្រងអតិផរណា ឬក៏គាំទ្រកំណើន ខណៈដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។ ដោយសារភាពមិនប្រាកដប្រជានៅតែខ្ពស់ បណ្ដាអ្នកធ្វើគោលនយោបាយកំពុងតាមដានទិន្នន័យយ៉ាងយកចិត្តទុកដាក់ដើម្បីសម្រេចថា ត្រូវចាត់វិធានការបន្ទាប់បែបណា។
ជារួមសង្គ្រាមអ៊ីរ៉ង់ កំពុងបន្ថែមសម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលផុយស្រួយរួចទៅហើយ ហើយកត្តានេះបង្កើនហានិភ័យដែលពិភពលោកអាចប្រឈមកំណើនយឺតយូរអង្វែង រួមផ្សំជាមួយនឹងអតិផរណាខ្ពស់ដែលមិនងាយនឹងស្រកចុះ៕
ដោយ: តែម សុខុម