ទោះបីជាយ៉ាងនេះក្តី តំណាងសហជីពកត់សម្គាល់ឃើញថា ការផ្អាក និងការកាត់បន្ថយម៉ោងការងារសម្រាប់កម្មករ និយោជិតនៅតាមរោងចក្រមួយចំនួននៅកម្ពុជា នៅតែបន្តកើតមាន។ សម្រាប់សហជីព ការបង្កើតរោងចក្រថ្មីមួយចំនួនអាចកើតចេញពីក្រុមហ៊ុន ដែលបានបិទទ្វាររោងចក្ររបស់ខ្លួននាពេលកន្លងមក។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ស្ថានភាពការងារនៅតាមរោងចក្រនៅកម្ពុជា នៅតែរក្សាបានស្ថានភាពល្អប្រសើរ បើទោះបីសេដ្ឋកិច្ចសកល រួមទាំងកម្ពុជា ជួបនូវបញ្ហាក៏ដោយ។ ការអះអាងបែបនេះ ក៏ដោយសារឯកឧត្តមផ្អែកទៅលើកំណើនរោងចក្រថ្មីៗនៅកម្ពុជា នៅតែបន្តកើនឡើង ពោលគឺគ្រាន់តែក្នុងរយៈពេល៤ខែ គិតពីខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ មានរោងចក្របង្កើតថ្មីរហូតដល់៤៨៧រោងចក្រ។ សម្រាប់មន្រ្តីជាន់ខ្ពស់រូបនេះ ទាំងនិយោជក និងកម្មករនិយោជិក គឺបានយល់ដឹងពីច្បាប់ការងារ និងអនុវត្តតាមច្បាប់ការងារបានល្អ បើទោះបីមានករណីវិវាទការងារតិចតួចកើតមាន ប៉ុន្តែជាដំណោះស្រាយភាគីទាំងពីរបានដោះស្រាយបញ្ចប់វិវាទដោយស្មគ្រចិត្តក្រោមការសម្របសម្រួលពីក្រសួងការងារ។
មន្ត្រីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា បើទោះបីសេដ្ឋកិច្ចកម្ពុជារងឥទ្ធិពលពីវិបត្តិមេរោគរាតត្បាត បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា និងភាពតានតឹងភូមិសាស្ត្រនយោបាយសកលក្តី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបានស្ថិរភាពល្អប្រសើរ ព្រោះបើតាមការវាយតម្លៃពី world bank និង ADB កំណើនសេដ្ឋកិច្ចឆ្នាំនេះ ស្ថិតក្នុងរង្វង់៥,៣% និងក្នុងរង្វង់៦,៥% នៅឆ្នាំក្រោយ ខណៈបច្ចុប្បន្នកម្ពុជា មានតម្រូវការការងារជាង៤ម៉ឺនកន្លែងបន្ថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក អាត់ ធន់ ប្រធានសហជីពកម្មករកាត់ដេរកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពការងារនៅក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជានៅមួយរយៈចុងក្រោយនេះមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។ សម្រាប់លោក អាន់ ធន់ រោងចក្រដែលបានបង្កើតថ្មីៗ មិនមែនសុទ្ធតែជារោងចក្រចំណូលថ្មីនោះទេ ពោលគឺជារោងចក្រមួយចំនួនអាចជារោងចក្រចាស់ៗដែលថៅកៅរោងចក្របានបិទកាលពីកន្លងមកដោយសារមានបញ្ហាហិរញ្ញវត្ថុ។
ជុំវិញការបិទរោងចក្រចាស់ ហើយងាកទៅបើករោងចក្រថ្មី ត្រូវបានមេដឹកនាំសហជីពកម្មករកាត់ដេរកម្ពុជា អះអាងថា តាមច្បាប់ចំពោះក្រុមហ៊ុនដែលមិនមានការងារឱ្យកម្មករធ្វើ គឺអាចព្យួរការងារត្រឹមរយៈពេលតែ២ខែប៉ុណ្ណោះ តែបើព្យួរការងារលើសរយៈពេល២ខែ គឺត្រូវគិតប្រាក់ពេញមកឱ្យកម្មករ ទោះមិនមានការងារឱ្យកម្មករធ្វើក៏ដោយ ហើយបើក្រុមហ៊ុននៅតែមិនមានការងារឱ្យកម្មករធ្វើទៀត នោះក្រុមហ៊ុនអាចបញ្ឈប់ការងាររួម ឬអាចកាត់បន្ថយបុគ្គលិក កម្មករ តាមច្បាប់ដែលបានចែងជាដើម។
យោងតាមទិន្នន័យពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ សហគ្រាសជាង១ម៉ឺន៨ពាន់ ក្នុងនោះមានកម្មករ និយោជិតសរុបជាង១លាន៥សែននាក់ ក្នុងនោះរោងចក្រ សហគ្រាសកាត់ដេរ មានជាង១ពាន់៣រយ ដោយមានកម្មករ និយោជិតជាង៨២ម៉ឺននាក់ និងក្រៅពីកាត់ដេរ មានជាង១ម៉ឺន៦ពាន់រោងចក្រ និងមានមានកម្មករ និយោជិតជាង៦៨ម៉ឺននាក់៕