ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

រាជរដ្ឋាភិបាលសម្រេចបន្ថែមថវិកា៧លានដុល្លារទៀត ពីលើការចំណាយ២០០លានដុល្លារសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម


កម្ពុជាបានត្រៀមកញ្ចប់ថវិកាប្រមាណ ២០០លានដុល្លារ សម្រាប់ចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយការចំណាយនេះមិនរាប់បញ្ចូលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនោះទេ។ យ៉ាងណាមិញ ដើម្បីសម្រួលដល់អ្នកចូលរួមក្នុងប្រត្តិការណ៍ស៊ីហ្គេមនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចំណាយប្រមាណ ៧លានដុល្លារបន្ថែមទៀត សម្រាប់ការស្នាក់នៅ និងហូបចុករបស់គណៈប្រតិភូកីឡាស៊ីហ្គេម។ នេះជាការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
កម្ពុជាសម្រេចបន្ថែមថវិកា៧លានដុល្លារទៀត សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម

គិតមកទល់ពេលនេះ នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់ ហើយក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជានឹងរ៉ាប់រងលើថ្លៃចំណាយសម្រាប់ប្រតិភូកីឡាទាំងអស់ដែលចូលរួម។

ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលក្នុងវត្តព្រះបារមីវង្កតបុរី (វត្តតាំងក្រសាំង) នៅថ្ងៃទី២៤ មេសា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងពីជំហរកម្ពុជាជុំវិញការមិនយកថ្លៃចំណាយរបស់ប្រតិភូកីឡាទាំងអស់ដែលមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ ក្នុងនាមកម្ពុជាគឺជាម្ចាស់ផ្ទះ ក៏ដូចជា ដើម្បីសម្រួលមិនយកថ្លៃស្នាក់នៅ ហូបចុក និងធ្វើដំណើររបស់គណៈប្រតិភូកីឡា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ រដ្ឋបានចំណាយថវិកាបន្ថែមប្រមាណ ៧លានដុល្លារ ខណៈកន្លងមក កម្ពុជាបានត្រៀមកញ្ចប់ថវិកាប្រមាណ ២០០លានដុល្លារ សម្រាប់ចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថវិកាបន្ថែម ៧លានដុល្លារនេះ ដើម្បីចិញ្ចឹមកីឡាករ កីឡាការិនីបរទេស ដែលមកចូលរួមប្រកួតនៅកម្ពុជា ដែលជាទូទៅកីឡាករ កីឡាការិនី និងប្រតិភូកីឡាម្នាក់ត្រូវចំណាយថវិកាចំនួន ៥០ដុល្លារ ក្នុង១ថ្ងៃ សម្រាប់ចំណាយនានា ក៏ប៉ុន្តែសម្រាប់កម្ពុជាជាម្ចាស់ផ្ទះមិនតម្រូវឲ្យអ្នកចូលរួមបង់ថ្លៃនោះទេ។

បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ការមិនយកថ្លៃស្នាក់នៅ និងហូបចុក ពីប្រតិភូមកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលមានកម្ពុជា ធ្វើជាម្ចាស់ផ្ទះ អាចជាគំនិតផ្តួចផ្តើមមួយ ពេលកម្ពុជាទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសគេវិញ គេអាចមិនយកពីកម្ពុជាដូចគ្នា។ ប៉ុន្តែ យ៉ាងណាក៏ដោយ សម្តេចតេជោ ក៏អះអាងទៀតដែរថា សម្រាប់អ្នកគាំទ្រមកពីក្រៅប្រទេសត្រូវរ៉ាប់រងថ្លៃសណ្ឋាគារ ថ្លៃហូបចុក និងការធ្វើដំណើរដោយខ្លួនឯង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម ចាប់ផ្តើមពី ថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ដោយឡែក អាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពី ថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមអ្នកជំនាញធ្លាប់បានបង្ហាញគំនិតសុទិដ្ឋិនិយមខ្ពស់ ចំពោះការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងការរួមចំណែកជួយស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ក្រៅពីរួមចំណែកជួយស្តារវិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច ព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ គឺជាផ្នែកមួយក្នុងការជួយផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសាសនា ជាពិសេសវាបានរួមចំណែកជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត៕




អត្ថបទបន្ទាប់


ក្រសួងចំនួន៣កំពុងពិភាក្សាកំណត់អាយុកាលរថយន្តជជុះនាំចូល ខណៈនៅអាស៊ានមានតែកម្ពុជាទេ ដែលនៅអនុញ្ញាតឲ្យនាំចូលរថយន្តជជុះ

ក្រសួងពាក់ព័ន្ធចំនួន៣រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងពិភាក្សាគ្នា ដើម្បីកំណត់អាយុ…

កម្ពុជានាំចេញកៅស៊ូនៅត្រីមាសដំបូងឆ្នាំនេះកើនខ្ពស់ ប៉ុន្ដែតម្លៃនៅមិនទាន់មានស្ថិរភាពល្អនៅឡើយ

នៅរយៈពេល ៣ខែដំបូង ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បានចំនួនប្រមាណជាង ១៦៨លានដុល្លារ មានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ