ឯកឧត្តមបានបន្ថែមថា «ក្រសួងកសិកម្មមានតួនាទីសំខាន់៣ ដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺថាឲ្យកាត់បន្ថយការនាំចូល ធ្វើម៉េចបង្កើនសមត្ថភាពនៃការចិញ្ចឹមក្នុងស្រុក ។ ដោយយោងតាមអនុសាសន៍នេះ ក្រសួងមានរៀបចំសេណារីយ៉ូ២ ដោយសេណារីយ៉ូទី១ គឺយើងបានសិក្សាអំពីសេចក្តីត្រូវការសាច់ជ្រូកនៅកម្ពុជា ដែលយើងបានដឹងទាំងអស់គ្នាថា ស្តង់ដារបស់កម្ពុជានោះគឺមានចំនួន ១១,៦ គីឡូក្រាម ក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំ ហើយយើងបានគុណនឹងប្រជាជន ១៦លាននាក់ ហើយចែកនឹងជ្រូករស់មួយក្បាល៥០គីឡូ សេចក្តីត្រូវការជ្រូកមួយថ្ងៃរបស់កម្ពុជា ត្រូវការប្រមាណជាង ១ម៉ឺនក្បាល»។
ឯកឧត្តមបានបន្តថា« ប៉ុន្តែបើយើងពិនិត្យទៅលើការចិញ្ចឹម លទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក គឺមានរហូតទៅដល់ ៥.៨០០ក្បាលក្នុងមួយថ្ងៃ ហើយកន្លងទៅនេះ យើងបានអនុញ្ញតឲ្យនាំចូលលើស ៦ពាន់ ទៅ៧ពាន់ក្បាល ហើយយើងកំពុងឃ្លាំមើលក្រុមហ៊ុនណាដែលប្រព្រឹត្តបទល្មើស យើងនឹងកាត់បន្ថយបន្ថែមទៀត»។
បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានបញ្ជាក់ថា ទៅថ្ងៃអនាគត ការនាំចូលជ្រូកនឹងត្រូវកាន់តែកាត់បន្ថយថែមទៀត ដើម្បីជំរុញការចិញ្ចឹមក្នុងស្រុកឲ្យបានកាន់តែច្រើនជាអតិបរមា ព្រោះថា ការនាំចូលនេះក៏មានហានិភ័យច្រើនដែរ ជាពិសេសការនាំជំងឺនានាចូលមក ជាក់ស្តែងដូចជាជំងឺប៉េស្តជ្រូកអាហ្រ្វិកជាដើម។
ពាក់ព័ន្ធនឹងការផ្គត់ផ្គង់សាច់ជ្រូកនេះដែរ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ខេមបូណូមីសថា សមាគមកំពុងតែប្រឹងប្រែងធ្វើយ៉ាងណា ជំរុញការចិញ្ចឹមជ្រូកក្នុងស្រុកឲ្យបានច្រើន ដោយមិនត្រឹមតែអាចផ្គត់ផ្គង់គ្រប់គ្រាន់ក្នុងស្រុកប៉ុណ្ណោះទេ សមាគមមានមហិច្ឆតានាំចេញទៅក្រៅប្រទេសថែមទៀតផង។
ឯកឧត្តម វេង សាខុន បញ្ជាក់ដែរថា បច្ចុប្បន្នេះ មានក្រុមហ៊ុនឯកជនមួយដែលផលិតចំណីសត្វបានស្នើទៅកាន់ក្រសួងកសិកម្ម ដើម្បីបើកការចិញ្ចឹមសត្វមួយទៀត ដោយចាប់ផ្តើមចិញ្ចឹមដំបូងប្រហែល ៣ពាន់ ទៅ៤ពាន់ក្បាល ខណៈដែលឆ្នាំក្រោយនឹងបង្កើនដល់ ២ម៉ឺនក្បាល៕