បន្ទាប់ពីមានកិច្ចប្រជុំចង្អៀតគណៈកម្មការធិការគោលនយោបាយសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កាលពីពេលថ្មីៗនេះ ស្ដីពីលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងគោលការណ៍សម្រាប់ការចរចាបន្ដ ដែលមានការចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង ឃើញថា អង្គប្រជុំនេះ បានឯកភាពលើគម្រោងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅពាក់កណ្ដាលឆ្នាំ២០២០ខាងមុខនេះ នឹងគ្រោងចុះហត្ថលេខានៅដំណាច់ឆ្នាំ២០២០ផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការប្រកាសពីគម្រោងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាដែលនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០២០ខាងមុខនេះ គឺធ្វើឡើង បន្ទាប់ពីភាគីទាំងពីរ បានជួបពិភាក្សាក្នុងដំណើរការទាក់ទងនឹងការចរចានេះ ចំនួន ២ដងរួចមកហើយ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំចង្អៀតមួយនេះ ត្រូវបានគេមើលឃើញថា គឺធ្វើឡើងក្រោយពេលសហភាពអឺរ៉ុបបានប្រកាសពីការដកផ្នែកខ្លះ នៃការអនុគ្រោះពន្ធ EBA ហើយក្រសួងសេដ្ឋកិច្ច ក៏បានរំលេចនូវអត្ថប្រយោជន៍យ៉ាងច្រើន ពីកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-ចិននេះផងដែរ។ក្រសួងសេដ្ឋកិច្ច បានអះអាងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា «ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំង២។»
តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នឹងអាចសម្រាលបន្ទុក ក្រោយពី EBA ត្រូវបានដកផ្នែកខ្លះ ដែរឬទេ?
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ខេមបូណូមីស ថា តើពាណិជ្ជកម្មសេរីកម្ពុជាចិន អាចនឹងជួយសម្រាលបន្ទុក EBA ដែលទើបតែត្រូវបានសហភាពអឺរ៉ុបប្រកាសម្រេចដកផ្នែកខ្លះ កាលពីពេលថ្មីៗដែរ ឬយ៉ាងណា? លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអះអាងថា មាន EBA ឬអត់ EBA វាមិនមែនជាបញ្ហា តែវាអ្វីដែលសំខាន់ គឺសមត្ថភាពនៃការធ្វើពិធិកម្មសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។ លោកបន្ថែមថា ការធ្វើពាណិជ្ជកម្មសេរីជាមួយចិននេះ ក៏ជារឿងមួយល្អដែរ ក្នុងការទប់ទល់នឹងហានិភ័យសេដ្ឋកិច្ច។
ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ បានប្រសាសន៍ថា «បើយើងគិតឲ្យទូលាយ មានEBA ឬមិនមាន វាអត់ជាបញ្ហាទេ យើងត្រូវតែ diversify (ធ្វើពិពិធកម្ម) ឲ្យមានគ្រប់ជ្រុងជ្រោយ គ្រប់កន្លែងទាំងអស់ ឲ្យច្រើន។ អ៊ីចឹងទៅ ធ្វើជាមួយចិនអីបានខ្លះទៅ? វាល្អសម្រាប់យើង វាបានមួយអត់មួយ អាហ្នឹងជាគោលនយោបាយ ដែលជួយសម្រួលកុំឲ្យមានហានិភ័យខ្ពស់សម្រាប់ប្រទេសយើង ដូចនេះវាល្អតើ!»។
ទោះយ៉ាងណា ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ បានបន្ថែមទៀតថា កម្ពុជាក៏មិនត្រូវផ្ដោតតែលើទីផ្សារចិនតែមួយនោះដែរ ពោលគឺត្រូវស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីជាយុទ្ធសាស្ត្រត្រៀមទុកមុន ពីការប្រឈមនឹងហានិភ័យនៅពេលអនាគត។
ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំបានមើលការសែតជប៉ុនមួយបានសរសេរថា EU បន្តឹងEBAទៅ ឲ្យខ្មែរនឹងរត់រកចិន។ គឺវាអ៊ីចឹងមែន បើមិនចឹងទេខ្មែរយើងងាប់ តែយើងមិនមែនទទួលចិនតែមួយមុខ នរណាៗក៏ត្រូវតែទទួលដែរ គឺត្រូវមានឲ្យគ្រប់ជ្រុងជ្រោយទាំងអស់ បើគិតពីចិនតែមួយមុខ នៅពេលដែលចិនឈ្លោះជាមួយយើងទៅ ចិនធ្វើដូច EBA យើងនឹងមានបញ្ហាមិនខាន»។
ទាក់ទិននឹងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រោយការចរចាច្រើនលើកច្រើនសារ កម្ពុជាសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់ប្រយោជន៍ច្រើនដល់កម្ពុជា។ ឯកឧត្តម ស៊ាង ថៃ មានប្រសាសន៍ថា «វានឹងមានប្រយោជន៍សម្រាប់ប្រទេសទាំង២ កម្ពុជា-ចិន ហើយវាមិនចាំបាច់សំដៅតែលើ EBA ទេ កាលណាយើងធ្វើសេរីជាមួយគ្នាបាន អ្វីៗវានឹងប្រសើរទាំងអស់ ពីព្រោះសព្វថ្ងៃ ឧទាហរណ៍ថា ផលិតផលដែលកម្ពុជាមានហើយ តែអាចនាំទៅប្រទេសចិនហ្នឹងបាន តែវាជាប់របាំងមិនមែនពន្ធ នាំទៅអត់បានចំពោះទំនិញមួយចំនួន ដោយសារតែវាពាក់ព័ន្ធទៅនឹងអនាម័យ។ អ៊ីចឹងកិច្ចព្រមព្រៀងដែលយើងកំពុងតែចរចានេះ នឹងជួយសម្រួលដល់នាំចេញនូវទំនិញមួយចំនួនដែលកំពុងតែមានរបាំងហ្នឹងឯង»។
ប្រទេសចិនបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា ជាដៃគូរវិនិយោគដ៏ធំរបស់កម្ពុជា និងជាដៃគូនាំចូលទំនិញធំជាងគេមកកម្ពុជា ប៉ុន្ដែចិន មិនបានជាប់តំណែងជាទីផ្សារធំសម្រាប់ការនាំចេញទំនិញរបស់កម្ពុជានោះទេ។ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានយកវិស័យចំនួន១០ មកចរចាគ្នា ដែលត្រៀមចចារបញ្ចប់ពាក់កណ្តាលឆ្នាំនេះ និងចុះហត្ថលេខានៅចុងឆ្នាំ២០២០ នេះផងដែរ៕