វិស័យបច្ចេកវិទ្យាឌីជីថល

វិស័យបច្ចេកវិទ្យាឌីជីថល នឹងក្លាយជាក្បាលម៉ាស៊ីនគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង


ការប្រែប្រួលនៃវិស័យឌីជីថល ឆ្ពោះទៅរកឧស្សាហកម្ម ៤.០ បាននិងកំពុងត្រូវបានពិភពលោក យកចិត្តទុកដាក់ យ៉ាងខ្លាំង ដើម្បី​ទាញយក​ប្រយោជន៍ផង និងទប់ទល់នឹងកត្តាប្រឈមពីវិស័យនេះផង។ យ៉ាងណាមិញ នៅកម្ពុជាវិញ រាជរដ្ឋាភិបាលក៏បាន​និងកំពុង​បន្តរៀប​ផែនការយុទ្ធសាស្ត្រ​កាន់តែស្រួចស្រាល់ថែមទៀត ដើម្បីទាញយកប្រយោជន៍ ពីវិស័យឌីជីថលដែលកំពុង​លូតលាស់នេះ សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង។
វិស័យបច្ចេកវិទ្យាឌីជីថល នឹងក្លាយជាក្បាលម៉ាស៊ីនគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង (រូបភាពពី ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី)
ដោយ

បើតាម ការលើកឡើង​ ពីឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សា​ភិបាល វិទ្យាស្ថាន​បណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍កម្ពុជា (CDRI) បាន​ឲ្យដឹងថា​ ជាមួយនឹង​ការ​រីកចម្រើន​នៃវិស័​ឧស្សាហកម្ម​៤.០ ការប្រែក្លាយ​ផ្នែក​ឌីជីថល អាចជាក្បាលម៉ាស៊ី​ជំរុញកំណើន​ថ្មីមួយ ដែលកម្ពុជា​ត្រូវការ​ដើម្បី​សម្រេច​ចក្ខុវិស័យ​រយៈពេលវែង ប្រែក្លាយជា​ប្រទេស​ចំណូលមធ្យម​កម្រិតខ្ពស់​ឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់​នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ តាម​ការបញ្ជាក់ ​របស់​ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ បាន​ឲ្យ​ដឹងទៀតថា ការពិភាក្សា​លើ​វិស័យបច្ចេកវិទ្យា​ឌីជីថល​នៅកម្ពុជា​គឺបានធ្វើឡើង​ច្រើនគួរឲ្យ​កត់សម្គាល់។ ជាក់ស្ដែង នៅដើមឆ្នាំ​២០១៩នេះ កម្ពុជា​បាន​ធ្វើសន្និសីទធំៗចំនួន​៣ ផ្ដោតលើ​ការពិភាក្សា​ទាក់ទង​នឹងវិស័យ​ឌីជីថលនេះ។ 

ថ្លែង​ក្នុង​សន្និសីទចក្ខុវិស័យ​ប្រទេសកម្ពុជា​ប្រចាំឆ្នាំ​លើក​ទី១៣ ធ្វើឡើង​ក្រោមប្រធាន​បទស្តីពី «ការប្រែក្លាយ​ផ្នែកឌីជីថល​ឆ្ពោះទៅកាន់​ឧស្សាហកម្ម ៤.០» កាលពីព្រឹកមិញនេះ សម្ដេច តេជោ ហ៊ុន សែន បាន​លើកឡើងថា  បច្ចេកវិទ្យាឌីជីថល អាចជួយជំរុញកំណើន​សេដ្ឋកិច្ច និងប្រសិទ្ធភាព។ ហើយក្នុងនោះ បច្ចេកវិទ្យាឌីជីថល រួមមាន ទូរស័ព្ទវៃឆ្លាត បច្ចេកវិទ្យាក្លោដ  បច្ចេកវិទ្យាប្រើរ៉ូបូត បច្ចេកវិទ្យាប្លុកឆេន និង អ៊ីនធើណិតនៃបរិក្ខារ ជាដើម។ ហើយទាំងអស់នេះ បាននិងកំពុងផ្តល់លទ្ធភាពខ្ពស់ក្នុងការបង្កើនការ តភ្ជាប់រវាងមនុស្ស និងមនុស្សបង្កើតឡើងនូវធុរកិច្ចថ្មីៗ ជាមួយនឹងគំនិតថ្មីៗ សម្រួលដល់ការធ្វើពាណិជ្ជកម្ម កាត់បន្ថយរបាំងចូលទីផ្សារ បង្កើតឱកាសសម្រាប់សកម្មភាពច្នៃប្រឌិតថ្មីៗ និងបង្កើតសកម្មភាពសហគ្រិនផងដែរ។

ដ្បិតតែ​វិស័យឌីជីថល ផ្ដល់​អត្ថប្រយោជន៍ជាច្រើន​ដល់​ការលូតលាស់​សេដ្ឋកិច្ច​ក៏ពិតមែន តែយ៉ាងណា វា​ក៏ចោទ​ជាបញ្ហា​ប្រឈម​ជាច្រើនផងដែរ។ បើតាម​ប្រសាសន៍សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់​ដែរថា វិស័យឌីជីថល ក៏បាននិងកំពុង​គំរាម​កំហែង​ដល់​ការងាររបស់​មនុស្សផង ដោយត្រូវ​ជំនួស​ដោយមនុស្សយន្ដ ឬរ៉ូបូត រួមជាមួយ នឹង​ការកើតមាន​នូវ​ឧក្រិដកម្ម​បច្ចេកវិទ្យា​ជាច្រើន​ផ្សេងទៀត។ 

សម្ដេច ហ៊ុន សែន បានបញ្ជាក់ទៀតថា ស្របតាម​រីកចម្រើន​នៃវិស័យ​បច្ចេកវិទ្យា​ឌីជីថលនេះ ការកសាង និងដាក់អនុវត្ត​នូវគោលនយោបាយ​បទប្បញ្ញត្តិច្បាប់ និងស្តង់ដាពាក់ព័ន្ធ ដូចជា សុវត្ថិភាព ឌីជីថល គឺជាកត្តាចាំបាច់ ក្នុងការកសាង​ក្របខណ្ឌ យុទ្ធសាស្ត្ររយៈពេលវែង។ ក្នុងនោះដែរ កម្ពុជា នឹងរៀបចំក្រប​ខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ​សម្រាប់​ការគ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ និងសិទ្ធិឯកជន​នៃទិន្នន័យ និងសន្តិសុខ​តាមប្រព័ន្ធ​អ៊ីនធើណេត ការការពារ និងរក្សាទុក​ព័ត៌មាន​សម្ងាត់ ការធ្វើ​ពាណិជ្ជកម្ម និងទូទាត់ តាមប្រព័ន្ធ​អេឡិចត្រូនិក និងបទប្បញ្ញត្តិ​ផ្សេងទៀត ដើម្បីការពារ​អ្នកប្រើប្រាស់។

គួរបញ្ជាក់ដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បាន​និងកំពុង​រៀបចំ​នូវគោល​នយោយបាយ​សម្រាប់​សេដ្ឋកិច្ចឌីជីថល​នេះដែរ ហើយបើតាម​ការបញ្ចាក់ពី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសកម្ពុជាយើង ដើម្បីអាចបង្កើត​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញមួយ និងប្រែក្លាយ​សេដ្ឋកិច្ច ទៅជាសេដ្ឋកិច្ចដែលមាន​កំណើនដឹកមុខ ដោយបច្ចេកវិទ្យា​ព័ត៌មាន​មួយបាននោះ ចាំបាច់​ត្រូវការពេលវេលា​ប្រហែល​១ទសវត្សរ៍​ទៀត៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ផ្ដាំទៅអ្នកនយោបាយជាប់ឃុំម្នាក់ថា«អញមិនឲ្យហ្អែងរួចខ្លួនទេ!»

ព័ត៌មាន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានបញ្ចេញសារខ្លាំងដោយបានផ្ដាំទៅកាន់អ្នកនយោបាយដែលកំពុងជាប់ឃុំខ្លួនម្នាក់ ថា លោកនឹង មិនអនុញ្ញ…

ចិន ចំណាយរាប់ពាន់លានដុល្លារ តភ្ជាប់ផ្លូវដឹកជញ្ជូនដោយផ្ទាល់ ជាមួយប្រទេសជិតខាងកម្ពុជាចំនួន ២

ព័ត៌មាន
ប្រទេសជិតខាងកម្ពុជា ចំនួន ២ គឺវៀតណាម និងឡាវ កំពុងទទួលបានការពង្រីកការតភ្ជាប់មធ្យោបាយដឹកជញ្ជូនដោយផ្ទាល់ពីប្រទេសចិនកាន់តែទូលំទូលាយ ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ