យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅក្នុងរយៈពេល១ឆ្នាំ ឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្ម ទៅកាន់ទិសដៅ ៦៨ប្រទេស ក្នុងបរិមាណជិត ៨លានតោន ដោយមានការកើនឡើងជាង៦៣% បើប្រៀបនឹងឆ្នាំ២០២០។ ប៉ុន្ដែ ក្នុងនោះ ការនាំចេញអង្ករសម្រេចបានតែប្រមាណ៦១ម៉ឺនតោនប៉ុណ្ណោះ ថយចុះ១០% ធៀបនឹងឆ្នាំ២០២០។
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានអះអាងប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ការខ្វះនូវមធ្យោបាយដឹកជញ្ជូន នៅតែជាឧបសគ្គក្នុងការនាំចេញអង្ករ និងធ្វើឱ្យការនាំចេញអង្ករនៅឆ្នាំ២០២១ ថយចុះ ហើយរហូតពេលនេះ ក៏មិនទាន់អាចដោះស្រាយនៅឡើយដែរ។ ឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា ក្នុងករណីដែលកម្ពុជា មិនអាចដោះស្រាយនូវបញ្ហាប្រឈមទាំងនេះទេ ការនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំ២០២២ អាចនឹងបន្តរងផលប៉ះពាល់ និងបន្តការកកស្ទះដដែល។ យ៉ាងណាក៏ដោយចុះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា សហព័ន្ធមានក្ដីរំពឹងថា នៅឆ្នាំ២០២២នេះ អាចនឹងនាំចេញអង្ករប្រមាណ៨០ម៉ឺនតោន ប្រសិនណា កម្ពុជា អាចដោះស្រាយបញ្ហាដឹកជញ្ជូនបាន។
ឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ទៀតថា ស្ថិតក្នុងស្ថានភាពដែលពិភពលោកកំពុងជួបការរាតត្បាតជំងឺកូវីដ-១៩ តម្រូវការអង្ករនៅលើទីផ្សារ ក៏មានការកើនឡើងដែរ តែដោយសារកម្ពុជា ខ្វះខាតនូវមធ្យាបាយដឹកជញ្ជូន ពិសេសការដឹកជញ្ជូនទៅកាន់ទីផ្សារឆ្ងាយៗ ដូចជា សហគមន៍អឺរ៉ុប អូស្ត្រាលី និងប្រទេសអាហ្វ្រិក ជាដើម ដែលធ្វើឱ្យទីផ្សារងាកទៅបញ្ជាទិញអង្ករពីប្រទេសដទៃវិញ។ យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ សហព័ន្ធស្រូវ-អង្ករកម្ពុជា នឹងរង់ចាំមើលបន្តទៀតពីស្ថានភាពក្នុងវិស័យដឹកជញ្ជូន ពិសេសក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះតែម្ដង។
គួរបញ្ជាក់ដែរថា បើគ្មានអ្វីប្រែប្រួលទេ សភាពាណិជ្ជកម្មសហភាពអឺរ៉ុប នឹងលើកលែងការយកពន្ធលើអង្ករនាំចូលគ្រប់ប្រភេទពីកម្ពុជាឡើងវិញហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ បន្ទាប់ពីអឺរ៉ុបបានកំណត់យកពន្ធអស់រយៈពេលប្រមាណ៣ឆ្នាំកន្លងមកនេះ។ អ្នកជំនាញ រំពឹងទុកថា កម្ពុជានឹងអាចក្ដោបក្ដាប់ទីផ្សារអឺរ៉ុបមកវិញបាន៤០% នៃការនាំចេញអង្ករសរុប នៅក្រោយពេលអឺរ៉ុបលុបចោលការយកពន្ធអង្ករពីកម្ពុជាឡើងវិញ៕