តាមការបញ្ជាក់របស់របាយការណ៍ ការនាំចេញផ្លូវការសរុបមានជាង ១,៦ លានតោន ខណៈដែលការនាំចេញក្រៅផ្លូវការមានប្រមាណ១,៣ លានតោន។
ក្នុងចំណោមផលិតផលកសិកម្មជិត ៣លានតោន ដែលត្រូវបាននាំចេញនៅ ៣ខែមកនេះ ផលិតផលអង្ករនៅតែមានចំណែកធំជាងគេ ដែលបានបានចេញប្រមាណ ២៣ ម៉ឺនតោន កើនឡើងដល់ទៅជាង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញអង្ករទៅសហភាពអឺរ៉ុបសម្រេចបានប្រមាណ ៧ម៉ឺនតោន កើនឡើងជិត៣៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចេញអង្ករទៅ ប្រទេសចិនវិញមានជាង ១០,១ ម៉ឺនតោន កើនឡើង ជិត៣៥%។
ក្រៅពីអង្ករ គ្រាប់ស្វាយចន្ទីក៏មានការនាំចេញច្រើនគួរសមដែរ ដែលមានប្រមាណ ១២,២ ម៉ឺនតោន, ផ្លែចេកស្រស់ មាន ៧,៦ ម៉ឺនតោន, ផ្លែស្វាយមានប្រមាណ ២,៦ ម៉ឺនតោន និងគ្រាប់ពោត មានជាង ២,៥ ម៉ឺនតោន និងមានផលិតផលផ្សេងៗជាច្រើនមុខទៀត។
នៅក្នុងរបាយការណ៍ ក៏បានគូសបញ្ជាក់ ការនាំចេញក្រៅផ្លូវការមានដូចជា ការនាំចេញស្រូវទៅវៀតណាមមានប្រមាណ៨៥ ម៉ឺនតោន និងការនាំចេញដំឡូងមីស្រស់ទៅវៀតណាមដែរនោះ មានប្រមាណ ៤៥ម៉ឺនតោន។
សូមបញ្ជាក់ដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ៣០ ខែមីនាកន្លងទៅនេះ បានប្រកាសបិទលែងឲ្យនាំចេញស្រូវ និងអង្ករសទៅក្រៅប្រទេស តែនៅអនុញ្ញាតឲ្យនាំចេញអង្ករក្រអូប ចាប់ពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២០ តទៅ រហូតដល់មានការជូនដំណឹងជាថ្មីវិញ។ ការបិទនេះ គឺក្នុងគោលដៅរក្សាទុកស្បៀងនៅក្នុងស្រុក ស្របពេលពិភពលោក រួមទាំងកម្ពុជាផងដែរនោះ កំពុងរងផលប៉ះពាល់ដោយបញ្ហា Covid-19។
បើទោះបីជាមានការបិទនាំចេញអង្ករស និងស្រូវបែបនេះក្ដី ប៉ុន្ដែ សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា វាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញអង្កររបស់កម្ពុជាទាំងមូលនោះទេ ពោលគឺវាអាចប៉ះពាល់តែប្រមាណ ១០% ប៉ុណ្ណោះ នៃការនាំចេញអង្ករសរុប៕