ការនាំចេញនាំចូល ឆ្នាំ២០១៦ មានការកើនយឺត ស្ទើរតែមើលមិនឃើញ ដែលបានជំរុញឲ្យទំហំទឹកប្រាក់នៃការនាំចេញនាំចូលនៅក្នុងឆ្នាំ២០១៦ ក៏កើនឡើងតិចតួចដែរ ពោលគឺកើនតែជាង៤ភាគរយប៉ុណ្ណោះ។
ទឹកប្រាក់ដែលបានមកពីការនាំចេញនំាចូលសរុបមានចំនួនប្រមាណ ២ម៉ឺន ១៩៣៨លានដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែលមានទំហំទឹកប្រាក់ត្រឹមតែ ២ម៉ឺន១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជា។
លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍នៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបការងារពាណិជ្ជកម្មប្រចាំឆ្នាំ២០១៦ និង លើកទិសដៅការងារឆ្នាំ២០១៧ កាលពីពេលថ្មីៗនេះថា ទំហំនៃការនាំចេញនាំចូលទំនិញសរុបរបស់កម្ពុជា នៅតែបន្តការកើនឡើងក្នុងឆ្នាំ២០១៦ ប៉ុន្តែ ក្នុងសន្ទុះមួយដែលយឺតខ្លាំង។
- របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា គិតចាប់តាំងពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៦ កម្ពុជាបាននាំចូលផលិតផលសំខាន់ៗ រួមមានវត្ថុធាតុដើមសមា្រប់បម្រើឲ្យវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ យានយន្ត ម៉ូតូ គ្រឿងអេឡិចត្រូនិច ម្ហូបអាហារ និងភេសជ្ជៈ គ្រឿងសម្ភារៈសំណង់ ដែលសរុបជាទឹកប្រាក់ ១ម៉ឺន២ពាន់លានដុល្លារ ខណៈការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០១៦ មានទំហំទឹកប្រាក់ត្រឹមតែជាង៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
- ផលិតផលដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិមានដូចជា សម្លៀកបំពាក់កាត់ដេរ និងស្បែកជើង អង្ករ កៅស៊ូ និងទោចក្រក្រយាន។ល។ កម្ពុជាបាននាំចេញទៅទីផ្សារអាមេរិក មានទឹកប្រាក់សរុបប្រមាណ ២ពាន់ ៣៥៤លានដុល្លារ នាំចេញទៅទីផ្សារអឺរ៉ុប ២ពាន់៨២៥លានដុល្លារ នាំចេញទៅក្រៅសហគមន៍អឺរ៉ុប ៧៤លានដុល្លារ នាំចេញទៅទ្វីបអាហ្រ្វិក ២៤លានដុល្លារ និងនាំចេញទៅទ្វីបអាស៊ី និងអូសេអានី ១ពាន់៦១០លានដុល្លារ។
កម្ពុជាជាប្រទេសនាំចេញផលិតផលសម្លៀកបំពាក់ធំជាងគេបង្អស់ក្នុងចំណោមផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដែលភាគច្រើនជាផលិតផលកសិកម្ម។
ឧស្សាហកម្មកាត់ដេរមិនសូវល្អក្នុងឆ្នាំ២០១៦-២០១៧
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ឧស្សាហកម្មកាត់ដេរកម្ពុជានៅតែមិនទាន់បង្ហាញពីសញ្ញាល្អប្រសើរជាងឆ្នាំមុននៅឡើយ ខណៈដែលអ្នកបញ្ជាទិញមួយចំនួនបានបន្ថយការទិញពីកម្ពុជា ដោយបង្វែរទៅទិញពីប្រទេសដទៃជំនួសវិញ។
អ្នកជំនាញបានបញ្ជាក់អះអាងថា ការកើនឡើងនូវការប្រកួតប្រជែងពីប្រទេសវៀតណាម បង់ក្លាដេស និងភូមា គឺជាផ្នែកសំខាន់ក្នុងការទាញទម្លាក់សន្ទុះកំណើននៃការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរនិងសម្លៀកបំពាក់របស់កម្ពុជា ជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប តែម្តង។
វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើងត្រូវបានចាត់ទុកថា ជាឧស្សាហកម្មនាំចេញធំបំផុតរបស់ប្រទេសកម្ពុជា ដែលមានរោងចក្រប្រមាណជិត ១ពាន់រោងចក្រកំពុងធ្វើប្រតិបត្តិការ និងផ្តល់ការងារដល់ពលរដ្ឋខ្មែរប្រមាណ ៦២ម៉ឺននាក់ ខណៈប្រាក់ខែគោលអប្បបរមារបស់កម្មករត្រូវបានដំឡើងដល់១៣៨ដុល្លារអាមេរិកក្នុងមួយខែនៅឆ្នាំ២០១៦ ហើយក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជានឹងតម្លើងដល់ ១៥៣ដុល្លារក្នុងមួយខែ៕