ការទទួលបានសិទ្ធិក្នុងការនាំចេញស្វាយទៅកូរ៉េខាងត្បូងនេះ ត្រូវបានគេរំពឹងថា នឹងអាចជួយសង្គ្រោះទីផ្សារផ្លែស្វាយរបស់កម្ពុជា ដែលកន្លងមកធ្លាប់តែឃើញមានជន់ជោរលើទីផ្សារ នៅពេលរដូវប្រមូលផលម្ដងៗ ខណៈដែលតួលេខពីក្រសួងកសិកម្មបង្ហាញថា ពេញមួយរដូវ កម្ពុជាមានទិន្នផលស្វាយប្រមាណជាង ១,២ លានតោន។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា និងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងបូស៊ានប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម កូរ៉េបានបញ្ជាក់ថា ភាគីកូរ៉េបានអនុម័តរួចហើយនូវការអនុញ្ញាតឲ្យនាំចូលស្វាយពីកម្ពុជាទៅកាន់កូរ៉េ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។ ដូច្នេះ ក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជានឹងអាចនាំចូលស្វាយទៅកូរ៉េបានហើយ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានថ្លែងអំណរគុណដល់ភាគីកូរ៉េ នូវដំណឹងល្អសម្រាប់ការនាំចូលស្វាយនេះ ហើយឯកឧត្តម ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយភាគីកូរ៉េថែមទៀត លើការធ្វើទំនើបកម្មកសិកម្ម នៅកម្ពុជា ដើម្បីផ្លាស់ប្តូរនូវពិសោធន៍ដែលកសិកម្មកូរ៉េបានឆ្លងកាត់។
ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd ត្រូវបានគេដឹងថា គឺជាជាក្រុមហ៊ុនកូរ៉េទទួលបានសិទ្ធិនាំចេញផ្លែស្វាយរបស់កម្ពុជាទៅកូរ៉េ។
គួររំឭកបន្តិចដែរថា បើតាមក្រសួងកសិកម្មធ្លាប់បានបញ្ជាក់ ថា អគ្គនាយកដ្ឋានកសិកម្មបានសម្រេចការចរចាទីផ្សារជាមួយប្រទេសកូរ៉េខាងត្បូងតាំងពីដើមខែធ្នូ ឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្ដែ ដោយសារតែកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដ ម៉ាស៊ីនកម្ចាត់រុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្ដៅ ទើបធ្វើឲ្យការនាំចេញត្រូវបានអាក់ខាន ហើយបន្តអូសបន្លាយជាបន្តបន្ទាប់មកទល់នឹងពេលនេះ។គួរបញ្ជាក់ថា ក្រៅពីទីផ្សារប្រទេសកូរ៉េខាងត្បូងនេះ ថ្មីៗនេះ កម្ពុជាក៏កំពុងជំរុញឲ្យមានកិច្ចព្រមព្រៀងដើម្បីនាំចេញផ្លែស្វាយទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ តាមការគូសបញ្ជាក់របស់ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា ប្រសិនបើមានដំណើរការរលូន និងជោគជ័យ កិច្ចព្រមព្រៀងនេះ អាចនឹងត្រូវបានចុះហត្ថលេខានៅដើមឆ្នាំ២០២០ខាងមុខ។
នៅរយៈពេលជាង ៩ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញផ្លែស្វាយជាង ៤,៤ ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេស វៀតណាម ថៃ និងសិង្ហបុរី។ នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ពីក្រសួងកសិកម្មបង្ហាញទៀតថា បច្ចុប្បន្នផ្ទៃដីដាំដុះស្វាយនៅទូទាំងប្រទេសមានចំនួន ប្រមាណ ១០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ៨ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបានជាង១៥ តោន ក្នុងមួយហិកតា បើគិតសរុបពេញមួយរដូវវិញ គឺមានជាង ១លាន ២សែនតោន ក្នុងមួយរដូវ៕