ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា បានបញ្ជាក់នៅក្នុងសារព័ត៌មានវៀតណាម VN Express ថា កម្ពុជា បាននាំចេញផលិតផលកសិកម្ម ក្នុងបរិមាណច្រើនទៅកាន់ប្រទេសវៀតណាម នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១នេះ។ ដោយក្នុងរយៈពេល៨ខែ កន្លងមកនេះ កម្ពុជាបាននាំចេញស្រូវទៅវៀតណាមជិត ២,៤លានតោន មានការកើនឡើងប្រមាណ៨៦% ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក ការនាំចេញដំឡូងមីស្រស់ ជាង ៣៥ម៉ឺនតោន ស្មើនឹងជិត ៧៦% នៃបរិមាណនាំចេញដំឡូងមីស្រស់សរុប។ រីឯ គ្រាប់ស្វាយចន្ទីវិញ កម្ពុជាបាននាំចេញទៅវៀតណាមជិត៨៧ម៉ឺនតោន ស្មើនឹងជាង៩៩ %នៃបរិមាណនាំចេញសរុប និងម្រេចនាំចេញទៅវៀតណាមមានដល់ទៅជាង២ម៉ឺន៤ពាន់តោន ឬជិត១០០%នៃបរិមាណសរុប។
ក្រៅពីផលិតផលសំខាន់ៗខាងលើ កម្ពុជា ក៏បាននចេញ សណ្តែកសៀង,គ្រាប់ពោត និងផ្លែឈើ មួយចំនួនទៀតផងដែរ។
អ្នកជំនាញ ក្នុងវិស័យកសិកម្ម យល់ថា អំឡុងវិបត្តិកូវីដ-១៩ កម្ពុជា បានជួបបញ្ហាកង្វះមធ្យោបាយដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារអឺរ៉ុប ទើបកម្ពុជា បង្វែរទីផ្សារនាំចេញទៅកាន់ប្រទេសវៀតណាម គួបផ្សំប្រទេសវៀតណាមមានតម្រូវខ្ពស់ ទើបនៅមួយរយៈពេលចុងក្រោយនេះ ការនាំចេញកសិផលរបស់កម្ពុជា មានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។
លោក ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានកត់សម្គាល់ឃើញថា ប្រទេសវៀតណាម ជាទីផ្សារធំរបស់កម្ពុជា ក្នុងការនាំចេញផលិតផលកសិកម្ម ព្រោះលោកយល់ថា វៀតណាម ជាប្រទេសមានភាពជឿនលឿនជាងកម្ពុជា លើផ្នែកវិស័យកែច្នៃ និងមានតម្រូវការខ្ពស់ ទើបធ្វើឱ្យកំណើននៃការនាំចេញផលិតផលកសិកម្ម កម្ពុជា ទៅកាន់ទីផ្សារវៀតណាម កើនឡើងយ៉ាងគំហុកយ៉ាងដូច្នេះ។ អ្នកជំនាញរូបនេះ យល់ឃើញទៀតថា ដំណើរការនៃការនាំចេញ ទៅកាន់ប្រទេសវៀតណាម ហាក់មានភាពងាយស្រួល ជាងប្រទេសដទៃ ដូចជាប្រទេសថៃ ជាដើម។
យោងតាមរបាយការណ៍នាំចេញផលិតផលកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្ម សរុបជាង ៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ជាង ៣ពាន់លានដុល្លារ៕