យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេញមួយឆ្នាំ២០២៣ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៨លាន ៤សែនតោន ថយចុះប្រមាណ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដោយគិតជាទឹកប្រាក់សរុបមានជាង៤ពាន់៣រយលានដុល្លារអាម៉េរិក។ ក្នុងនោះកម្ពុជាបាននាំចេញអង្ករជាង៦៥ម៉ឺនតោន រកចំណូលបានជាង៥៦៧លានដុល្លារ និងស្រូវជាង២លាន៧សែនតោន រកចំណូលបានជាង៩៣៩លានដុល្លារ និងចំណូលពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួនជិត២ពាន៨រយលានដុល្លារ។
ជុំវិញការនាំចេញកសិផលរបស់កម្ពុជានេះ លោក ច័ន្ទ សុផល អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មកម្ពុជាកត់សម្គាល់ឃើញថា បើទោះបីការនាំចេញកសិផលរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះបន្តិចក៏ពិតមែន តែតម្លៃកសិផលមួយចំនួនហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងតម្លៃទទួលបានកាលពីឆ្នាំមុនៗ ជាក់ស្តែងដូចជាតម្លៃស្រូវ និងដំឡូងមីជាដើម។
ជាមួយគ្នានេះ ទិន្នផលកសិផលជារួមនៅឆ្នាំ២០២៣ ក៏មានភាពល្អប្រសើរផងដែរ ទោះបីប្រទេសមួយចំនួននៅក្នុងតំបន់ប្រឈមនឹងបាតុភូតធម្មជាតិអែលនីណូក៏ដោយ។ អ្នកជំនាញរូបនេះរំពឹងថា នៅឆ្នាំ២០២៤ នេះ ការនាំចេញ កសិផលកម្ពុជានឹងកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ហើយតម្លៃក៏នឹងមានការកើនឡើងដូចគ្នាដែរ។ តែយ៉ាងណា លោក ក៏បានបង្ហាញពីក្តីបារម្ភចំពោះបាតុភូតអែលនីណូក្នុងការធ្វើឱ្យប៉ះពាល់ដល់វិស័យកសិកម្មរបស់កម្ពុជានៅឆ្នាំនេះផងដែរ។
សូមជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅពេញមួយឆ្នាំ២០២៣ កសិផលដែលកម្ពុជានាំចេញមានការថយចុះមានដូចជា ចំណិតដំឡូងមីក្រៀម, ម្សៅដំឡូងមី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, គ្រាប់សណ្ដែកបាយ, គ្រាប់សណ្ដែកសៀង, ផ្លែចេកស្រស់, ផ្លែស្វាយស្រស់ និងម្រេចជាដើម។ ចំណែកកសិផលដែលនាំចេញមានការកើនឡើង រួមមាន ស្រូវ, អង្ករ, ដំឡូងមីស្រស់, កាកសំណល់ដំឡូងមី, ដំណាប់ស្វាយ, ផ្លែមៀនស្រស់ និងដូងប្រេងជាដើម៕