សមាគមរោងចក្រកាត់ដេរបានគូសបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ ប្រទេសដែលមានលក្ខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍន៍ អាចនឹងទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមប្រព័ន្ធ GSP របស់អង់គ្លេស។
ប្រព័ន្ធ GSP របស់អង់គ្លេសនេះ ដំបូងនឹងផ្ដល់ការអនុគ្រោះពាណិជ្ជកម្មទៅកាន់ប្រទេសនានា ដូចជា GSP របស់សភាពអឺរ៉ុបដែរ។ ប្រព័ន្ធ GSP របស់អង់គ្លេស នឹងមានក្របខណ្ឌចំនួន ៣ គឺ ក្របខណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ក្របខណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង។
សម្រាប់កម្ពុជា ដែលត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថាជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត គឺស្ថិតនៅក្នុងក្របខណ្ឌមួយក្នុងចំណោមក្របខណ្ឌខាងលើនោះដែរ។ ដូច្នេះ កម្ពុជានឹងទទួលបានការនាំចេញ ដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់អង់គ្លេសសម្រាប់មុខទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ ហើយវាគឺដូចគ្នាទៅនឹងគម្រោង EBA របស់សហភាពអឺរ៉ុបដែរ។ នេះបើតាមការបញ្ជាក់របស់សមាគមរោងចក្រកាត់ដេរកម្ពុជា។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមកាត់ដេរកម្ពុជា បានបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា ង់គ្លេស គឺជាអ្នកនាំចូលនូវទំនិញពីកម្ពុជាច្រើនជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់នៅអឺរ៉ុប។
លោកបន្ថែមថា « ដោយសារកម្ពុជាយើងនៅជាប្រទេសមានការអភិវឌ្ឍន៍តិចតួច យើងស្ថិតនៅក្នុងក្របខ័ណ្ឌLDC ដូច្នេះយើងនឹងទទួលបានភាពអនុគ្រោះពីអង់គ្លេស ដូចប្រព័ន្ធ EBA [ពេញលេញ]ដែរ»៕