ជាក់ស្ដែង ថ្មីៗបំផុតនេះ អង្គការ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានចាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងបញ្ជីប្រទេសទាំង១០ នៅលើពិភពលោកដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុត ប្រចាំឆ្នាំ២០១៧នេះ។
និយាយក្នុងក្របខ័ណ្ឌអាស៊ាន ១០ប្រទេស កំណើនសេដ្ឋកិច្ចកម្ពុជាឈរនៅលំដាប់ថ្នាក់ទី២ ស្ទួនគ្នាជាមួយប្រទេសមីយ៉ាន់ម៉ា និងហ្វ៊ីលីពិន ដោយមានកំណើនសេដ្ឋកិច្ច ៦,៩%។
ដោយឡែក ក្នុងអាស៊ានដដែល ប្រទេសឡាវមានកំណើនសេដ្ឋកិច្ចឈរនៅលំដាប់ថ្នាក់លេខ១ គឺ ៧% សម្រាប់ឆ្នាំ២០១៧នេះ។
កន្លងមក ស្ថាប័នអន្តរជាតិធំៗបីបានវាយតម្លៃសេដ្ឋកិច្ចកម្ពុជាថា នៅតែរឹងមាំ។ ស្ថាប័នទាំងបីនោះ រួមមាន ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ
ស្ថាប័នទាំងបីខាងលើ រួមទាំងរដ្ឋាភិបាលកម្ពុជាសុទ្ធតែបានវាយតម្លៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ជុំវិញ ៧ភាគរយដដែលនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។
កំណើនសេដ្ឋកិច្ចនេះ ត្រូវបានគាំទ្រមួយផ្នែកដោយការបង្កើនការចំណាយរបស់រដ្ឋាភិបាលទៅលើផ្នែកផ្សេងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ប៉ុន្តែ វិស័យធំៗដែលធ្លាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចនេះ មានដូចជា វិស័យសំណង់ និង ការនាំចេញសម្លៀកបំពាក់ បង្ហាញនូវសញ្ញាថមថយល្បឿនបន្តិច៕