ក្នុងចំណោមអ្នកឆ្លងទាំងនេះភាគច្រើនរកឃើញក្នុងសហគមន៍ ខណៈអ្នកដំណើរចូលមកកម្ពុជាមានតែជាង១០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះកម្ពុជាពុំទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ។ ទោះបីយ៉ាងក្តី កំណើនចំនួនអ្នកឆ្លងនេះកំពុងបង្កក្តីបារម្ភដល់រាជរដ្ឋាភិបាលកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនេះដែរ។
ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនៅកម្ពុជាបានបង្ហាញសញ្ញាគួរឲ្យព្រួយបារម្ភនៅមួយរយៈចុងក្រោយនេះ ពោលគឺចំនួនអ្នកឆ្លងបានកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង ចំនួនអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុងបានហក់ឡើងដល់៣ខ្ទង់នៅ១០ថ្ងៃជាប់ៗកន្លងមកនេះគ្នា ដែលមានចំនួនសរុបរហូតដល់២ពាន់៤០៥នាក់ ក្នុងនោះរកឃើញឆ្លងក្នុងសហគមន៍ចំនួន២ពាន់២៧០នាក់ និងនាំចូល១៣៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន១ពាន់៣៥នាក់។
ទោះបីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងមានការកើនឡើងជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែនៅប៉ុន្មានសប្តាហ៍កន្លងមកនេះកម្ពុជាពុំដែលមានអ្នកស្លាប់ដោយសារកូវីដ-១៩ នោះទេ។ តែយ៉ាងណា ការកើនឡើងយ៉ាងគំហុកនូវចំនួនឆ្លងពី ពីរខ្ទង់មកបីខ្ទង់នៅប៉ុន្មានថ្ងៃកន្លងមកនេះ កំពុងបង្កក្តីបារម្ភដល់ផែនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ទន្ទឹមនឹងបង្ហាញការព្រួយបារម្ភ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានទប់ស្កាត់កូវីដ-១៩ បីកុំបីការពារឲ្យបានខ្ជាប់ខ្ជួន និងនាំគ្នាទៅចាក់វ៉ាក់សាំងដូចជំរុញនិងដូសទី៤ឲ្យបានគ្រប់គ្នាផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញវិធានការរដ្ឋបាលមួយចំនួនដោយតម្រូវឲ្យកាត់បន្ថយការជួបជុំ និងកាត់បន្ថយចំនួនមនុស្សចូលរួមក្នុងពិធីមង្គលការពី១០នាក់មកនៅត្រឹម៧នាក់ក្នុង១តុជាដើម។
ជាមួយគ្នានេះ សាលារាជធានីភ្នំពេញបានចេញសារាចរណ៍ណែនាំមួយដោយហាមសិស្សានុសិស្សជួបជុំគ្នានៅតាមសាលា និងទីសាធារណនានាក្នុងឱកាសបុណ្យនៃក្តីស្រលាញ់ ១៤ កុម្ភៈ ផងដែរ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងដោយក្រើនរំលឹកដល់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនត្រូវបន្តបង្កើនការប្រុងប្រយ័ត្នតាមរយៈការត្រួតពិនិត្យសុខភាពសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកជាប្រចាំ។ បន្ថែមលើក្រសួងតម្រូវឲ្យកាត់បន្ថយចំនួនសិស្ស ដើម្បីរក្សាគម្លាត និងតម្រូវសាលាមួយចំនួនដែលស្ថិតនៅតំបន់មានហានិភ័យខ្ពស់បង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ។
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងរហូតដល់ ៥១២នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩សរុបនៅកម្ពុជាកើនឡើងដល់ជាង ១២ម៉ឺន៣ពាន់នាក់ និងអ្នកជាសះស្បើយមានចំនួន១១ម៉ឺន៨ពាន់នាក់ និងស្លាប់មានជាង៣ពាន់នាក់៕