ដោយឡែក ផលនេសាទកែច្នៃវិញសម្រេចការនាំចេញបានជិត ៤ពាន់តោន ស្មើនឹងជិត ៨០ភាគរយនៃផែនការ ៥ពាន់តោន កើនឡើង១០តោន បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។
របាយការណ៍ក្រសួងកសិកម្ម ដដែលបានបង្ហាញថា ក្នុងអំឡុងពេលជាមួយគ្នានេះដែរ ការធ្វើអាជីវកម្ម នេសាទទឹកសាបបានបង្ហាញពីតួលេខថយចុះ ចំណែកឯអាជីវកម្មនេសាទសមុទ្រវិញ បានបង្ហាញពីតួលេខកើនឡើង។ ចំណែកឯផលនេសាទកែច្នៃក៏បានបង្ហាញពីការកើនឡើងផងដែរ រាប់ទាំងការកែច្នៃផលនេសាទទឹកសាប ផលនេសាទសមុទ្រ និងការកែច្នៃផលិតទឹកត្រីផង។
របាយការណ៍បញ្ជាក់ថា ការកែច្នៃផលនេសាទទឹកសាប នៅរដូវនេសាទអនុវត្តបានជាង ៤,៣ពាន់តោន កើនឡើង ១០០តោនបើប្រៀបធៀបនឹងឆ្នាំមុន។ ចំណែកផលនេសាទសមុទ្រវិញ សម្រេចបានជាង៨,៤ ពាន់តោន កើនឡើង៤៥ តោន និង ការផលិតទឹកត្រីសម្រេចបានជាង ៤៧ លានលីត្រ កើនលើសឆ្នាំមុន១លានលីត្រ។
ចំណែកអាជីវកម្មនេសាទវិញ បានបង្ហាញពីការថយចុះ ដោយក្នុងនោះនេសាទទឹកសាប លក្ខណៈគ្រួសារក្នុងដែននេសាទអនុវត្តបានជាង ១៩ ម៉ឺនតោនថយចុះជាង ៣ពាន់តោន និង នេសាទគ្រួសារតាមវាលស្រែអនុវត្តបានជាង ៦ម៉ឺនតោន ថយចុះជាង ១ម៉ឺនតោន ខណៈអាជីវកម្មនេសាទសមុទ្រសម្រេចបានជាង ៨,៨ ម៉ឺនតោន កើនលើសឆ្នាំមុន២៥០តោន។
គួរបញ្ជាក់ថា ការប្រមូលចំណូលពីសេវាផ្សេងៗនៅក្នុងវិស័យជលផលកម្ពុជាក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ នេះ ប្រមូលប្រាក់ចំណូលបានជាង ៤៥៤លានលានរៀល ស្មើនឹងជាង ១៤ភាគរយ នៃផែនការ ៣ពាន់លានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ថយចុះ ៨០០ លានរៀល៕