ទេសចរណ៍ធ្លាក់ចុះ​នៅត្រីមាសទីដំបូងឆ្នាំ២០២០

កម្ពុជាធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិជិត ៤០% នៅត្រីមាសទី១ ឆ្នាំ២០២០នេះ!


យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងរយៈពេល៣ខែ នៅដើមឆ្នាំ២០២០នេះ មានចំនួនជាង ១,១ លាននាក់ប៉ុណ្ណោះ គឺមានការថយចុះរហូតដល់ទៅ ៣៨,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។
អ្នកសៀមរាប៖ ភាពស្ងាត់ជ្រងំនៅ Pub Street ជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន(រូបភាព Kim Yuthana)
ដោយ

ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ផង បានប្រាប់សារព័ត៌មាន​ខេមបូណូមីស តាមប្រព័ន្ធ​តេឡេក្រាមថា ដោយសារសកលលោក រួមទាំងកម្ពុជា​ផងនោះ បាននឹងកំពុង​បន្តជួបបញ្ហា​វីរុសកូវីដ-១៩នេះ និន្នាការនៃការថមថយ​ចំនួនភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹងកើត​មានជា​បន្តបន្ទាប់​ទៀត។

ឯកឧត្តមលើកឡើងថា «មែនទែនទៅ បញ្ហាធ្លាក់​ចុះនៃវិស័យ​ទេសចរណ៍​នេះ គ្រប់ប្រទេស​ទាំងអស់​សុទ្ធតែ​ប៉ះពាល់​ទាំងអស់គ្នា ដោយក្នុងស្រុក​យើងខេត្តសៀមរាប គឺប៉ះពាល់ធ្ងន់ធ្ងរជាងគេ ព្រោះថា ជាតំបន់​កម្សាន្ត​គោលដៅធំ ដោយចំនួនភ្ញៀវ​នៅមាន​ត្រឹមខែមួយ ខែពីរអីហ្នឹង ចូលដល់​ដើមខែ​បីមានតិចតួច ហើយស្ទើរតែ​អស់ភ្ញៀវតែម្តង ចាប់ពី​ពាក់កណ្តាល​ខែបីទៅ»។

ចំពោះវិធានការនានា ក្នុងការស្រោចស្រង់វិស័យនេះ ដែលបានដាក់ចេញ​ដោយរាជរដ្ឋាភិបាល​កាលពីពេលកន្លង​ទៅវិញ ត្រូវបានឯកឧត្តម​ឲ្យដឹងថា «ក្រសួងទេសចរណ៍​ យើងអនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល រឿងមិនយកពន្ធ​រយៈពេល​២ខែ ក៏ដូចជាយើង​បានអនុគ្រោះ​ពន្យារការបង់​បន្តអាជ្ញាបណ្ណ​របស់គាត់​អីជាដើម ព្រោះថា កាលពីមុន​កាលណា​ដល់ត្រូវបង់​បន្តអាជ្ញាបណ្ណអញ្ចឹង គាត់ត្រូវតែ​មកបង់ ព្រោះអាជ្ញាបណ្ណ​គាត់មាន​សុពលភាព​មួយឆ្នាំ​ បើហួសថ្ងៃត្រូវ​ផាកពិន័យ​ តែពេលនេះ​មិនមានការផាកអ្វីទេ តែបង់នៅ​តែបង់ដដែល ហើយនៅ​មាន​វិធានការ​ផ្សេងទៀត ក៏យើង​បានអនុវត្តហើយដែរ»។

យ៉ាងងណាមិញ​ថ្វីត្បិតតែ មានសញ្ញាណវិជ្ជមាន​ជុំវិញ​ច្រើនជុំវិញ​ករណី​ឆ្លង និងជាសះស្បើយ​ពីជំងឺកូវីដ-១៩​ពិតមែន ប៉ុន្តែក្រសួង​សុខាភិបាល​និងអង្គការ​សុខភាព​ពិភពលោក​នៅតែបន្ត​ព្រមាន​ពីស្ថានភាព​គ្រោះនៃការ​រីករាលដាល​នៃវីរុស​នេះនៅឡើយ។ ដូចនេះ អ្នកនាំ​ពាក្យក្រសួង​ទេសចរណ៍​រូបនេះ បញ្ជាក់ថា មិនទាន់​អាចដឹងថា វិស័យឧស្សាហកម្ម​មាសបៃតង​មួយនេះ នឹងវិលមករកភាព​ល្អប្រសើរ​វិញបាន​នៅពេល​ណានោះទេ ខណៈដែល​បម្រាម​នៃការធ្វើដំណើរ​ចេញចូលក្នុង​និងក្រៅប្រទេស​នៅតែមាន រួមទាំង​អាជីវកម្មផ្នែក​ទេសចរណ៍​មួយចំនួន​ធំ នៅតែបន្ត​បិទនៅឡើយ។

គួរជម្រាបថា ភ្ញៀវទេសចរអន្តរជាតិ ដែលមកតាមផ្លូវអាកាសមាន​ ៣ច្រកក្នុងរយៈពេល៣ខែនេះ រួមមាន ច្រកភ្នំពេញ ច្រកសៀមរាប និងច្រកកងកេង មានចំនួនជាង​៦៦ម៉ឺននាក់ ស្មើនឹងប្រមាណ ៥៧,៤% ថយចុះ ជិត៤៨,៩%។ ហើយក្នុងចំណោម​ច្រកទាំង៣នេះ ច្រកសៀមរាប មានការថយចុះច្រើន​ជាងគេ រហូតដល់ ជិត ៥៨,៨% ខណៈដែលច្រកភ្នំពេញ ថយចុះជិត ៣៧,២% ច្រកកងកេង ថយចុះ៥៦,៩%។ ដោយឡែកទេសចរតាមផ្លូវគោក វិញ មានជិត៤៥ម៉ឺននាក់ ថយចុះជាង១៤,១% និងផ្លូវទឹក​មានប្រមាណជាង ៥០ម៉ឺននាក់ ថយចុះប្រមាណ ២២,៥%៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា ម៉ុង ឫទ្ធី៖ ស្វាយខ្ញុំ៥ម៉ឺនដើមនៅឆ្នាំនេះ នឹងសល់ទុំជ្រុះចោលប្រហែល ៦០០ តោន

ព័ត៌មាន
នៅរយៈពេលចុងក្រោយនេះ បញ្ហាតម្លៃស្វាយធ្លាក់ថ្លៃ មិនមានអ្នកទិញ បានក្លាយជារឿងក្ដៅមួយ ដោយមានកសិករម្ចាស់ចម្ការស្វាយមួយចំនួនបានផុសត្អូញត្អែរនៅត...

ត្រីមាសទី១ ឆ្នាំនេះ វិស័យធានារ៉ាប់រងកម្ពុជា នៅតែរក្សាកំណើនល្អ ទោះមានវិបត្តិកូវីដ-១៩

ព័ត៌មាន
បើទោះបីជាមានវិបត្តិកូវីដ-១៩ កំពុងកើតមានឡើងក៏ដោយ ប៉ុន្ដែអ្នកជំនាញវិស័យធានារ៉ាប់រងនៅកម្ពុជា អះអាងថា វិស័យនេះនៅតែរក្សាកំណើនបានជាធម្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ