ការធ្លាក់ចុះនៃការនាំចូលប្រេងឥន្ធនៈនេះ ត្រូវបានអ្នកជំនាញមើលឃើញថា គឺកើតមានឡើង នៅចំពេលមេរោគរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តការណ៍ការសហគមន៍២០កុម្ភៈ បានធ្វើឲ្យអាជីវកម្មជាច្រើនផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយក្នុងនោះដែរ ការងារសង្វាក់ផលិតកម្ម ការងារដឹកជញ្ជូន និងរោងកចក្រសហគ្រាស ត្រូវបានផ្អាកជាបន្តបន្ទាប់ ជាកត្តាមួយធ្វើឲ្យការនាំចូលប្រេងឥន្ធនៈមានការថយចុះផងដែរ។
លោក ហ៊ុន សុខាឡាយ នាយកផែនការនិងទីផ្សារ នៃកំពង់ផែស្វយ័តភ្នំពេញ ប្រាប់ក្រុមការងារខេមបូណូមីសថា នៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ ការនាំចូលទំនិញ រួមជាមួយនឹងប្រេងឥន្ធនៈ កើនជាង១០% បើធៀបនឹងឆ្នាំ២០២០។ ប៉ុន្តែគិត សម្រាប់តែការនាំចូលប្រេងឥន្ធនៈមួយមុខ មានការថយចុះជិត៩% ពោលគឺមានមកនៅប្រមាណជាង ២០ម៉ឺនតោនប៉ុណ្ណោះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១។
ចំពោះការនាំចូលប្រេងឥន្ធនៈថយចុះនេះដែរ ត្រូវបានលោក ហ៊ុន សុខាឡាយ បញ្ជាក់ថា គ្មានបញ្ហាអ្វីក្រៅតែពីបញ្ហាកូវីដ-១៩នេះនោះទេ។
សម្រាប់ការនាំចូលប្រេងឥន្ធនៈតាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុវិញ នៅរយៈពេល៣ខែដើមឆ្នាំនេះមានប្រមាណជិត៤៨ម៉ឺនតោនថយចុះជិត ១៥%។ ការថយចុះនេះ ត្រូវបានលោក សុខ កុលចិន្តា ប្រធានផ្នែករដ្ឋបាលកំពង់ស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា ខេត្តព្រះសីហនុ ក៏មានការបិទខ្ទប់ដូចរាជធានីភ្នំពេញដែរ ដូច្នេះមិនសូវមានការធ្វើចរាចរណ៍ ដោយ ក្រុមហ៊ុនសហគ្រាសរោងចក្រជាច្រើនត្រូវផ្អាកផលិតកម្ម ទើបជំរុញឲ្យតម្រូវការឥន្ធនៈថយចុះទៅតាមនោះដែរ។យ៉ាងណាក៏ដោយចុះ ជុំវិញនឹងបញ្ហាតម្រូវការប្រេងឥន្ធនៈថយចុះនេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានសុទិដ្ឋនិយមថា តម្រូវការប្រេងឥន្ធនៈនឹងមានការកើនឡើងវិញ នៅពេលចរន្តនៃការដឹកជញ្ជូន ការធ្វើដំណើរ និងការបើកច្រវ៉ាក់ផលិតកម្មចាប់ផ្តើមមានបណ្តើរ បន្ទាប់ពីការបិទខ្ទប់រាជធានីភ្នំពេញ បានបិទបញ្ចប់។
សូមបញ្ជាក់ថា មិនមែនមានតែកម្ពុជាទេ ដែលមានតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈថយចុះ បើក្រឡេកទៅមើលប្រទេសក្បែរខាងកម្ពុជា គឺប្រទេសថៃ ដែលបច្ចុប្បន្នកំពុងជួបបញ្ហារីករាលដាលកូវីដ-១៩ ខ្លាំងក្លាដែរនោះ ក៏មានការប្រើប្រាស់ប្រេងឥន្ធនៈថយចុះដូចគ្នាដែរ។
ជាក់ស្ដែង តាមរបាយការណ៍ពីនាយកដ្ឋានអាជីវកម្មថាមពលរបស់ថៃ បានឲ្យដឹងថា នៅត្រីមាសទី១ឆ្នាំនេះ ថៃមានការធ្លាក់ចុះការប្រើប្រាស់ប្រេងឥន្ធនៈជិត៨% ដោយមានមកនៅត្រឹមប្រមាណជិត១៤០លានលីត្រប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈកាលពីឆ្នាំមុននៅរយៈពេលដូចគ្នានេះ ការប្រើប្រាស់មានដល់ទៅជាង១៥០លានលីត្រឯណោះក្នុងមួយថ្ងៃ៕