បើតាមសេចក្តីជូនដំណឹងពី ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី ១ ដល់ទី ១៥ ខែវិច្ឆិកានេះ សម្រាប់តម្លៃប្រេងសាំងធម្មតា លក់រាយ គឺ ២.៩៥០រៀលក្នុងមួយលីត្រ ខណៈតម្លៃប្រេងម៉ាស៊ូត គឺ ២.៥៥០រៀលក្នុងមួយលីត្រ។
ដោយឡែក តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក ឃើញថា កាលពីដើមខែតុលា កន្លងទៅ តម្លៃប្រេងឆៅ របស់ទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate ស្ថិតនៅរង្វង់ ៣៨ដុល្លារក្នុងមួយបារ៉ែល ខណៈ ទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស មានតម្លៃប្រមាណ ៤០ដុល្លារក្នុងមួយបារ៉ែល។
ទោះយ៉ាងណា ចូលមកដល់ ថ្ងៃទី ២ ខែវិច្ឆិកានេះ ឆ្នាំ២០២០ ទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះមកនៅជាង ៣៤ដុល្លារក្នុងមួយបារ៉ែល ខណៈ ទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស ក៏ធ្លាក់ចុះមកដល់ ៣៦ដុល្លារ ក្នុងមួយបារ៉ែល។
គួរជម្រាបថា តម្លៃប្រេងឆៅ នៅលើទីផ្សារអន្តរជាតិ បានបន្តធ្លាក់ចុះ ដោយសារតែ ក្តីកង្វល់ពីបញ្ហាមេរោគកូវីដ១៩ ដែលបានប៉ះពាល់ដល់តម្រូវការប្រើប្រាស់ប្រេងទូទាំងសកលលោក ជាពិសេសនៅប៉ែកអឺរ៉ុប មានការបិទទ្វារប្រទេសសារជាថ្មី និងការបង្ការទុកជាមុន ចៀសវាងភាពច្របូកច្របល់នៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនៅ សហរដ្ឋអាមេរិក៕