ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា រហូតមកទល់នឹងពេលនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ៤៥០រោងចក្រហើយ ដែលបានព្យួរការងារ ខណៈដែលការនាំចេញនៃវិស័យកាត់ដេរនេះ នៅឆមាសទី១នេះ បានបង្ហាញពីការធ្លាក់ចុះជាង៥% ធៀបនឹងឆមាសទី១ កាលពីឆ្នាំមុន។
ឯកឧត្តម ហេង សួរ លើកឡើងយ៉ាងដូច្នេះថា « ពាក់ព័ន្ធជាមួយនឹងតួលេខនៃការនាំចេញសម្រាប់វិស័យកាត់ដេរនេះ គឺ បើប្រៀបធៀបឆ្នាំ២០២០ ទៅឆ្នាំ២០១៩ តាមតួលេខដែលយើងទទួលបានពីអគ្គនាយកដ្ឋានគយហ្នឹង គឺមានការថយចុះ ៥,៤% ដែលឆ្នាំកន្លងទៅយើងនាំចេញក្នុងឆមាសទី១នេះ [ឆ្នាំ២០១៩] គឺជាង ៤ពាន់លាដុល្លារអាមេរិក ប៉ុន្តែនៅក្នុងឆមាសទី១ឆ្នាំ២០២០នេះ គឺជាង៣.៧៨៤លានដុល្លារ»។
ចំពោះមូលហេតុដែលនាំឲ្យមានការធ្លាក់ចុះនេះដែរ ត្រូវបានអ្នកនាំពាក្យក្រសួងការងាររូបនេះ បានបញ្ជាក់ថា ដោយសារតែមានផលប៉ះពាល់មកពីជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យតម្រូវការនៃការបញ្ជាទិញសម្លៀកបំពាក់មានការថយចុះជាសកល ខណៈដែលការថយចុះនៃវិស័យកាត់ដេរនេះ គឺមិនមែនតែកម្ពុជានោះទេ ក្នុងនោះមានវៀតណាម និងបង់ក្លាដេសផងដែរ។
បើទោះបីជាការនាំចេញក្នុងវិស័យកាត់ដេរមានការធ្លាក់ចុះបន្តិចក៏ពិតមែន ប៉ុន្ដែ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ដែរថា នៅក្នុងរយៈពេល៥ខែដំបូង ក្នុងឆ្នាំ២០២០ ការនាំចេញសរុបជារួមរបស់កម្ពុជា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មិនទាន់មានភាពអវិជ្ជមាននៅឡើយទេ ពោលគឺនៅតែរក្សាបានតួលេខវិជ្ជមាន។ ប៉ុន្តែអាចនឹងមានការថមថយនៅពេលដំណាច់ឆ្នាំនេះ ដោយសារមានការលុបចោលនូវការបញ្ជាទិញច្រើននៅក្នុងវិស័យកាត់ដេរនេះ។
ឯកឧត្តម វង្សី វិស្សុត បានបន្ថែមទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងទៅកត្តាខាងក្រៅស្រុក ជាងកត្តាក្នុងស្រុក ដែលអាចជំរុញកំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំ។ ឯកឧត្តមបានបញ្ជាក់ថា « ទីផ្សារខាងក្រៅមិនមែនរលំទាំងស្រុងឯណា យើងធ្លាក់ថយខ្លាំងកាត់ដេរ យើងកាត់ដេរ៥ខែនេះ យើងធ្លាក់ច្រើនលើវិស័យកាត់ដេរ ទីផ្សារយើងនៅអឺរ៉ុបធ្លាក់ខ្លាំង ទីផ្សារអាមេរិកមុនដំបូងកើន ឥឡូវធ្លាក់បន្តិចវិញ ប៉ុន្តែយើងអ្វីផ្សេងទៀត(ផលិតផលគ្រឿងអេឡិចត្រូនិច កង់ កសិកម្ម) ដែលយើងនាំទៅ វាអត់ទាន់ធ្លាក់ទេ»។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានឲ្យដឹងទៀតថា ដើម្បីជួយសម្រួលបន្ទុកដល់ថៅកែរោងចក្រ និងជួយដល់កម្មករដែលត្រូវបានព្យួរការងារ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាមេរិក ក្នុងមួយខែសម្រាប់ពួកគេ ដោយក្នុងនោះ រាជរដ្ឋាភិបាលមានកញ្ចប់ថវិកាប្រមាណ ៦០លានដុល្លារអាមេរិក ហើយមកទល់ពេលនេះ មានកម្មករកម្មការិនីប្រមាណ ១៧ម៉ឺននាក់ហើយ ដែលទទួលបានប្រាក់ឧបត្ថម្ភនេះ។
តាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការងារ នៅឆ្នាំ២០២០នេះ រោងចក្រកាត់ដេរ ដែលបានបិទទ្វារលលែងដំណើរការចំនួន៨៣រោងចក្រហើយ ខណៈដែលកាលពីឆ្នាំ២០១៩ បិទទ្វារចំនួន៧៥រោចក្រ។ មន្ត្រីនាំពាក្យរូបនេះ បានអះអាងទៀតថា បើកុំតែមានគោលនយោបាយលើកទឹកចិត្ត និងការសម្របសម្រួលពីសំណាក់រាជរដ្ឋាភិបាលទេនោះ ចំនួននៃការបិទរោងចក្រនៅឆមាសទី១នៃឆ្នាំនេះ គឺអាចនឹងមានការកើនឡើងច្រើនជាងនេះទៀត៕