អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា បើទោះបីជា ការប្រមូលចំណូលពន្ធនៅ៩ខែឆ្នាំនេះ មានការថមថយចុះក៏ដោយ ប៉ុន្ដែ សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានភាពធន់ ដោយរំពឹងថាចំណូលពន្ធនឹងកើនឡើងវិញ នៅឆ្នាំក្រោយ ស្របទៅតាមការលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ពិសេសនៅពេលរាជរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ។
យោងតាមរបាយការណ៍ប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ សុទ្ធតែបានបង្ហាញថា នៅរយៈពេល ៩ខែ ឆ្នាំ២០២១ ការប្រមូលពន្ធថយចុះ ក្នុងរង្វង់ ៦%ដូចគ្នា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងនោះ ចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២ពាន់១រយលានដុល្លារធ្លាក់ចុះជាង៦% ខណៈការប្រមូលពន្ធគយ មានទឹកប្រាក់ជិត ១ពាន់៧រយលានដុល្លារ ធ្លាក់ចុះ ៦,៨%។
ជុំវិញការធ្លាក់ចុះនៃការប្រមូលពន្ធនេះ ត្រូវបានក្រុមអ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា មកពីផលរំខានពីជំងឺកូវីដ-១៩ ដែលបន្តយារយីដល់វិស័យសេដ្ឋកិច្ច។ ក្រៅពីមានការរំខានពីវីរុសកូវីដ-១៩ តើមានហេតុផលផ្សេងអ្វីទៀត ដែលធ្វើឱ្យការប្រមូលពន្ធ របស់កម្ពុជា មានការធ្លាក់ចុះបែបនេះ?
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានពន្យល់ប្រាប់សារព័ត៌មានខេមបូណូមីស យ៉ាងដូច្នេះថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានបិទខ្ទប់នូវរាជធានីខេត្តមួយចំនួន ដែលធ្វើឱ្យអាជីវកម្ម ជាច្រើនត្រូវបានផ្អាកសកម្មភាពរបស់ខ្លួន ដែលមិនអាជីវកម្មខ្លះ មិនមានលទ្ធភាពបង់ពន្ធ ហើយធ្វើឱ្យរាជរដ្ឋាភិបាលបានលើកលែងពន្ធ នាពេលកន្លងមក។ ដោយឡែក ទាក់ទងការប្រមូលពន្ធគយ នាអំឡុងវិបត្តិកូវីដ-១៩ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចរូបនេះ មើលឃើញថា ពលរដ្ឋមួយចំនួនធំ បានងាកមកគាំទ្រផលិតផលក្នុងស្រុក ជំនួសផលិតផលនាំចូលវិញ។
ដោយឡែកលោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិត្យសភាកម្ពុជា ក៏មានការយល់ឃើញមិនខុសគ្នា ប៉ុន្មានពីលោកបណ្ឌិត គី សិរីវឌ្ឍន៍ដែរ ដោយលោកបានពន្យល់ថា អំឡុងវិបត្តិកូវីដ-១៩ ប្រជាពលរដ្ឋភាគច្រើន បានជួបបញ្ហាសេដ្ឋកិច្ច ដែលមានការយឺតយ៉ាវ ក្នុងការបំពេញភារកិច្ចបង់ពន្ធ ក៏ដូចជា បញ្ហាផ្សេងៗមួយចំនួនទៀត ដូចជាការលើកលែងពន្ធ ពីរដ្ឋាភិបាលនាពេលកន្លងមក ជាដើម។ ដ្បិតថា ការប្រមូលពន្ធ ក្នុងឆ្នាំនេះ មានការធ្លាក់ចុះ ក៏ពិតមែន តែជំនាញសេដ្ឋកិច្ចរូបនេះ នៅតែមានក្ដីរំពឹងខ្ពស់ថា នៅឆ្នាំក្រោយ សេដ្ឋកិច្ចកម្ពុជា នឹងមានភាពប្រសើរឡើង តាមរយៈការប្រមូលពន្ធនេះ។
បើយោងតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានគយ បានបង្ហាញថា ប្រភេទពន្ធនិងអាករ ដែលប្រមូលបានរួមមាន អាករតម្លៃបន្ថែម ប្រមូលបាន៣៨%នៃចំណូលសរុប, អាករពិសេសមានជាង៣៧%, ពន្ធនាំចូល មានជាង១៨%, អាករបន្ថែមលើផលិតផលប្រេងមាន ៤,៥% និងអាករនាំចេញនិងកម្រៃផ្សេងៗមាន២% នៃចំណូលសរុប៕