ហាងឆេងមាស

ការទិញ-លក់មាសនៅរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ នៅអំឡុងពេលកូវីដ-១៩ ប៉ុន្ដែតម្លៃមាសនៅតែកើន


ស្របពេលដែលនៅប្រទេសថៃ មានប្រជាជនជាច្រើននាំគ្នាសម្រុកយកមាសទៅលក់នៅអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ-១៩ នេះសម្រាប់នៅកម្ពុជាយើងឯណេះវិញ គេសង្កេតឃើញថា ចរាចរណ៍ទិញលក់មាសរបស់ប្រជាពលរដ្ឋពិសេសនៅរាជធានីភ្នំពេញ គឺមិនមានការផ្អើលនាំគ្នាលក់មាសនោះទេ ផ្ទុយទៅវិញ វាហាក់មានសភាពកាន់តែស្ងប់ស្ងាត់ជាងមុនទៅទៀ។ ក៏ប៉ុន្ដែបើមើលទៅលើតម្លៃទីផ្សារហាងឆេងតម្លៃមាសវិញ គឺនៅតែបន្ដកើនឡើង។ នេះបើតាមការអះអាងម្ចាស់ហាងលក់មាសនៅរាជធានីភ្នំពេញ។
ការទិញ-លក់មាសនៅរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ នៅអំឡុងពេលកូវីដ-១៩ ប៉ុន្ដែតម្លៃមាសនៅតែកើន (រូបភាព៖ ហ្វេសប៊ុកផេង Heng Heng Jewelry)
ដោយ

ម្ចាស់ហាង​លីហួរប្ដូរប្រាក់ និងលក់គ្រឿងអលង្ការ លោកស្រី ស៊ាង លីម បាន​បញ្ជាក់​ឲ្យដឹងថា នៅអំឡុងពេល​មានរោគ​រាតត្បាត​កូវីដ-១៩នេះ ពលរដ្ឋ​ដែលមកទិញ ឬលក់មាស គឺមានការថយចុះ​គួរឲ្យគាត់សម្គាល់។ លោកជំទាវថា កាលពីមុន ​ហាង​របស់គាត់​ធ្លាប់​មាន​ភ្ញៀវ​ចេញចូល​ទិញ​ឬលក់​មាស​ចន្លោះប្រមាណ​ ៧០​ទៅ៨០នាក់​ក្នុងមួយថ្ងៃ តែមកទល់​ឥឡូវនេះ មានតែប្រមាណ ១០​នាក់ប៉ុណ្ណោះ​ក្នុងមួយថ្ងៃ។ ការ​​ថយចុះនេះ ត្រូវបាន​ម្ចាសហាង​ប្ដូរប្រាក់ និងលក់​គ្រឿងអលង្ការរូបនេះ អះអាងថា គឺដោយសារតែ​ពលរដ្ឋ​មានការ​ភ័យខ្លាច​ការឆ្លងមេរោគកូវីដ-19 មិនសូវហ៊ាន​ចេញដើរ​នោះទេ ទាល់តែមាន​ការចាំបាច់​។

លោកស្រី សាង លីម មានប្រសាសន៍ថា «អូនអើយ នៅទីផ្សារ​ស្ងាត់ជ្រាប​ទេអូនអើយ មនុស្ស (អ្នកចូលទិញ ឬលក់មាស)​ ធ្លាប់មាន​៧០ នាក់ ៨០នាក់​ ឥឡូវ​មានតែ​១០នាក់ទេអូន។ រាល់ដង​មានមនុស្សច្រើនទៅ យើង​មានទីផ្សារអញ្ចឹងទៅ ឥឡូវ​វាអត់អ្នកទិញ អត់អ្នកលក់អូន»។

បើទោះបីជា​មួយរយៈមកនេះ ហាក់ស្បើយភ្ញៀវ​ជាងមុនក៏ដោយចុះ ប៉ុន្ដែ បើតាម​ម្ចាស់​ហាងប្ដូរប្រាក់ និងលក់គ្រឿងអលង្ការលី ហួរ បានគូសបញ្ជាក់ថា តម្លៃមាស​គឺមិនមាន​ការថយចុះទេ នៅតែ​កើនឡើងដដែល។ ជាក់ស្ដែង សម្រាប់តម្លៃមាស​ទិញចូល​នៅថ្ងៃនេះ គឺ​មាន​តម្លៃ​ ១.៩៤០ ដុល្លារ​ក្នុងមួយ​តម្លឹង និងលក់ចេញ​វិញ​ក្នុង​តម្លៃ ១.៩៦០ ដុល្លារ ក្នុងមួយ​តម្លឹង។ តម្លៃនេះ គឺមានការកើន​ឡើង​ប្រមាណ ២០​ដុល្លារក្នុងមួយតម្លឹង​បើធៀបនឹង​កាលពីប៉ុន្មានថ្ងៃមុន។

លោកស្រី គង់ ពិសី ម្ចាស់ហាង​មាសពេជ្រ​ហេងហេង នៅរាជធានីភ្នំពេញ បាន​គូសបញ្ជាក់ដែរថា នៅមួយរយៈ​ចុងក្រោយនេះ សកម្មភាព​ទិញលក់​មាស​របស់ពលរដ្ឋ​ គឺហាក់មានការថយចុះ​តិចជាងមុនបន្តិចមែន ប៉ុន្ដែ មិនសូវ​ជាធ្លាក់ខ្លាំងទេ។ លោកស្រីបន្ថែមថា កាលពីឆ្នាំមុន នៅខែមេសានេះ គឺជាពេល​ដែលលក់មាស​ដាច់ខ្លាំង ប៉ុន្ដែ សម្រាប់​ឆ្នាំនេះ គឺហាក់ស្ងប់ស្ងាត់ ព្រោះតែ​មានបញ្ហាកូវីដ-១៩។

លោកស្រី គង់ ពិសី មានប្រសាសន៍ថា «ការលក់ចេញ (មាស) បើប្រៀបធៀបទៅ​ពីមិនទាន់មាន​រឿងជំងឺនេះ​កើតឡើង​ គឺឆ្នាំទៅ ខែធម្មតា ខែនេះ យើង​នៅលក់ដាច់​ យើងលក់​ដាច់ខ្លាំង​ ប៉ុន្ដែ​ដល់តែពេល​មានជំងឺនេះ​កើតឡើង​ គឺធ្លាក់ចុះដែរ ប៉ុន្ដែ​ធ្លាក់ចុះ​នៅតិចនៅឡើយ មិនទាន់​ថា​ធ្ងន់ធ្ងរ​ពេកទេ។ ហើយមាន​អ្នកមកលក់ដូរ ដូចថា ជីវភាពល្មមៗ​គាត់​លក់ចាយ​អីខ្លះដែរ ប៉ុន្ដែ​ដូចថា នៅតិចដែរ​មិនទាន់​ខ្លាំងក្លា​នៅឡើយ​ ប៉ុន្ដែ​បើត​ទៅមុខ​ទៀត​យ៉ាងម៉េច​ខ្ញុំក៏អត់ដឹងដែរ​ចា!»។

ទាក់ទង​នឹង​រឿង​ទីផ្សារមាសនេះដែរ បើយើង​ក្រឡេក​ទៅមើល​ប្រទេសថៃឯណោះវិញ នៅអំឡុងពេល​មាន​វិបត្តិ​កូវីដ-១៩នេះ គេសង្កេត​ឃើញ​ពលរដ្ឋថៃ​នៅក្នុងក្រុងបាងកក​ នៅតែបន្ដ​នាំគ្នា​យកមាស​ទៅលក់​នៅហាងលក់មាស​ ដោយកាលពីប៉ុន្មាន​ថ្ងៃមុននេះ មានការឈ​តម្រង់ជួរ​ព្រោងព្រាត​​នៅមុខហាងមាស​ក្នុងក្រុង​បាងកក​ដើម្បីរង់ចាំលក់​មាស៕ 

None



អត្ថបទបន្ទាប់


ក្រសួង​មហាផ្ទៃ​អំពាវនាវ​ដល់​ពលករ​កុំ​ឱ្យ​“ពុះ​កញ្រ្ជោល”​ត្រលប់​ទៅ​​រក​ការងារ​ក្រៅ​ប្រទេស ប៉ុន្តែ គួរតែ​ចាប់ផ្តើម​បង្ក​បង្កើន​ផល​ឧបត្ថម្ភ​ខ្លួន​ឯង

ពលករ​ដែល​បាត់បង់​ការងារ​ថ្មីៗ​នេះ​ដោយសារ​តែ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ពុំ​គួរ​“ពុះ​កញ្រ្ជោល ឬ​មួយ​ក៏ ជ្រួល​ច្រាល់” វិល​ត្រលប់​…

កម្ពុជាមានរោងចក្របង្កើតថ្មីចំនួន ៧៧រោងចក្រ ត្រីមាសទី១ឆ្នាំនេះ ទោះមានវិបត្តិកូវីដ១៩

តាមរបាយការណ៍បច្ចុប្បន្នភាពនៃវិស័យឧស្សាហកម្ម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា នៅក្នុងត្រីមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ