អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានបង្ហាញសុទិដ្ឋិនិយមលើវេទិកានេះក្នុងការជួយជំរុញការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង ក៏ដូចជាទាក់ទាញការវិនិយោគពីបរទេស។ តើកម្ពុជា អាចផលប្រយោជន៍អ្វីខ្លះពីវេទិកាហិរញ្ញវត្ថុ Black Swan Summit ដែលខ្លួនជាម្ចាស់ជាលើកដំបង?
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា វេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងមិនត្រឹមតែផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ថែមទាំងជួយដល់វិស័យទេសចរណ៍ និងសេវាកម្មផ្សេងៗផងដែរ ដ្បិតកម្មវិធីនេះត្រូវបានរៀបចំឡើងអបជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងហ្វ្រង់កូតិច ដែលមានប្រទេសជាង៨០ចូលរួម។ អ្នកជំនាញរូបនេះ ក៏រំពឹងផងដែរថា វេទិកានេះនឹងក្លាយជាចលករដ៏សំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសជួយពង្រីកការផ្សព្វផ្សាយប្រព័ន្ធទូទាត់បាគងឱ្យប្រទេសនានានៅលើពិភពលោកស្គាល់កាន់តែច្រើនថែមទៀត ព្រោះប្រព័ន្ធបាគងបានក្លាយជាប្រធានបទមួយដែលត្រូវបានលើកយកជជែកនៅក្នុងវេទិកានេះ។
ស្រដៀងគ្នានេះ លោក កាំង តុងងី ប្រនាយនាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុកវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Submit ជាវេទិកាដ៏មានសារសំខាន់សម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយអ្នកជំនាញហិរញ្ញវត្ថុជាតិ និងអន្តរជាតិបានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗជាច្រើន ជាពិសេសប្រធានបទដែលពាក់ព័ន្ធនឹងការបង្កើតឆ្អឹងខ្នងនៃប្រព័ន្ធទូទាត់បាគងរបស់កម្ពុជាតែម្តង។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ប្រព័ន្ធបាគងមានទិន្នន័យនៃការទូទាត់មានទំហំធំ តែការទាញយកផលប្រយោជន៍ពីទិន្នន័យនេះហាក់នៅមានកម្រិតនៅឡើយ។
ងាកទៅមើលធនាគារ អេស៊ីលីដា វិញលោកបណ្ឌិត អ៊ិន ចាន់នី មើលឃើញថា វេទិកាហិរញ្ញវត្ថុអន្តរជាតិនេះ ក៏បានផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍មួយចំនួនដល់ធនាគារ អេស៊ីលីដា ក្នុងការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មរបស់ខ្លួនផងដែរ។
ថ្លែងក្នុងពិធីបើកវេទិកាអន្តរជាតិ Black Swan Submit កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រព័ន្ធបាគងបានតភ្ជាប់គណនីប្រមាណ៣៨លានគណនីនៅក្នុងប្រទេស ដែលមានប្រជាជន១៧លាននាក់។ លោកជំទាវបានសង្កត់ធ្ងន់ថា ប្រព័ន្ធហិរញ្ញវត្ថុគួរត្រូវបានវាយតម្លៃដោយផ្អែកលើចំនួនមនុស្ស ដែលអាចទទួលបានសេវាទាំងនោះប្រកបដោយប្រសិទ្ធភាព មិនមែនវាស់វែងតែលើទំហំទឹកប្រាក់ដែលត្រូវបានចរាចរនោះទេ។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ បើទោះបីជាហេដ្ឋារចនាសម្ព័ន្ធទូទាត់មានការរីកចម្រើនខ្លាំងក៏ដោយ ក៏កិច្ចការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅតែត្រូវបន្តពង្រឹងបន្ថែមទៀត ជាពិសេសសម្រាប់ស្ត្រីគ្រួសារនៅតាមជនបទ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕