លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានថ្លែងថា បញ្ជាក់ប្រាប់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី ៤ ខែតុលាឆ្នាំ២០២៣ថា ដំណើរការជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា នឹងធ្វើឡើងនាចុងខែតុលា ឆ្នាំ២០២៣។ ឯកអគ្គរដ្ឋទូតឥណ្ឌារូបនេះ បានចាត់ទុកការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌាថា នឹងជំរុញឱ្យសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត កាន់តែមានសន្ទុះខ្លាំងក្លាឡើង។
នៅក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានឯកភាពគ្នាក្នុងការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះខ្លាំងទ្បើង ខណៈការផ្សាភ្ជាប់ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក៏កាន់តែរឹងមាំ។
ក្រៅពីសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត ឥណ្ឌាក៏គ្រោងនឹងពង្រីកវិសាលភាពលើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជាដែរ។ ដោយទ្បែក ចំពោះវិស័យការពារជាតិវិញ ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏មានវឌ្ឍនភាពលូតលាស់គួរឱ្យកត់សម្គាល់តាមរយៈការចុះអនុស្សារណៈនៃការយោគយល់រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងការរៀបចំការហ្វឹកហ្វឺនរួមគ្នាជាដើម។
សូមបញ្ជាក់ថា នៅត្រឹម៨ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា មានតម្លៃជាង ៣០០លានដុល្លារ កើនឡើង៦,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញពីកម្ពុជាទៅឥណ្ឌា មានជាង១៦០លានដុល្លារកើនជិត៣៩% ខណៈការនាំចូលមកវិញមានជាង ១៤៥លានដុល្លារ ថយចុះ ១៥%។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ ៖ បូ ដូឡា