កសិដ្ឋានចិញ្ចឹមក្រពើ

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើកំពុងលក់ក្រពើឡៃឡុង ក្រោយពីទប់លែងជាប់នឹងការខាតបង់


តាំងពីមានមេរោគរាតត្បាតកូវីដ-១៩ចូលលុកលុយមក មុខរបរចិញ្ចឹមក្រពើបានជួបបញ្ហាធ្លាក់ចុះកាន់តែខ្លាំង ដោយកូនក្រពើនៅមុនពេលមានកូវីដ-១៩ ធ្លាប់លក់បានតម្លៃចន្លោះពី៧ដល់១០ដុល្លារក្នុងមួយក្បាល តែមកទល់ពេលនេះលក់ត្រឹមតែ១ដុល្លារប៉ុណ្ណោះ ហើយនៅមិនមានអ្នកទិញទៀត។ ប្រការនេះ បានធ្វើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើតូចៗ​ជាច្រើនបានលក់ក្រពើឡៃឡុងចោល ព្រោះទប់នឹងការចំណាយលែងជាប់។ នេះបើតាមការអះអាងរបស់ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅកម្ពុជាប្រាប់ខេមបូណូមីស។
នៅ​កម្ពុជា អ្នក​ចិញ្ចឹម​ក្រពើភាគច្រើន​លើស​លប់ចិញ្ចឹម​ភ្ញាស់​កូន​លក់ មិន​មាន​អ្នក​ចិញ្ចឹម​យក​ស្បែក​កែ​ច្នៃ​ទេ។
ដោយ

លោកកាំង សារិន ម្ចាស់កសិដ្ឋានCambo Crocodiles​ ដែលបាន​ចិញ្ចឹម​ក្រពើរាប់សិបឆ្នាំមក​ហើយ​​នៅ​សង្កាត់ព្រែកំពឹស​ ខណ្ឌដង្កោ​ បាន​អះអាងថា នៅឆ្នាំ២០២១នេះ តម្លៃកូនព្រោះ​ដាំក្បាលចុះខ្លាំងមែនទែន ថែមទាំងមាន​បញ្ហាកូវីដ-១៩ទៀត បាននិងកំពុង​ជំរុញ​ឲ្យកសិដ្ឋាន​ជាច្រើន​ត្រូវ​បិទទ្វារ ក្ស័យធន ព្រោះតែមិនអាច​ទ្រាំទ្រនឹង​ការចំណាយ​បាន​។ កសិដ្ឋានខ្លះ​បាន​បង្ខំចិត្ត​លក់កូនក្រពើ និងមេក្រពើ​ក្នុងតម្លៃថោកឡៃឡុង ដើម្បីបិទកសិដ្ឋាន​ទៅរក​ស៊ីរបរ​ផ្សេងវិញ ដោយតម្លៃមេក្រពើមួយក្បាលពីមុន​លក់បានដល់ ៤០០ ទៅ៥០០​ដុល្លារ ឥឡូវ​នៅសល់​តែ៨០ដុល្លារប៉ុណ្ណោះ។ រីឯ​កូនក្រពើវិញពីមុនតម្លៃធ្លាប់លក់បាន​ចន្លោះពី៧ ទៅ១០ដុល្លារក្នុងមួយក្បាល ប៉ុន្ដែឥឡូវ នៅសល់​តម្លៃតែ១ដុល្លារ ហើយគ្មានឈ្មួញ​ទិញទៀត។

បើតាម​លោក កាំង សារិន ស្ថានភាព​បច្ចុប្បន្ននេះ អ្នកចិញ្ចឹមក្រពើច្រើន​ខាតច្រើន ចិញ្ចឹម​តិចខាតតិច ហើយបច្ចុប្បន្ន​អ្នកធ្វើរបរនេះ ទាល់តែមាន​​ប្រភពចំណូល​​ផ្សេងមកជួយទប់​ទើបអាច​រត់រួច​​នឹងការចំណាយ​ បើមិនដូច្នេះទេ​ គឺត្រូវក្ស័យធន បិទកសិដ្ឋានជាក់ជា​ពុំខានឡើយ។

លោក ញឹម បូរាណ ដែលម្ចាស់កសិដ្ឋាចិញ្ចឹមក្រពើនៅក្នុងខេត្តសៀមរាប​លោកបានប្រាប់​ក្រុមការងារ​ខេមបូណូមីសដែរថា ទីផ្សារភាគច្រើនទីផ្សារ​នាំចេញកូនក្រពើ​របស់​កម្ពុជា គឺពឹងផ្អែក​ទាំងស្រុង​​ទៅលើ​ប្រទេសវៀតណាម ប៉ុន្តែដោយសារតែ​ការរីករាលដាល​នៃជំងឺ​កូវីដ-១៩​មានការឆ្លង​រីករាលកាន់តែ​ខ្លាំង​នៅក្នុងប្រទេស​វៀតណាម​ទើបធ្វើឲ្យ​ទីផ្សារក្រពើ​ជួបញ្ហា​ដុនដាបខ្លាំង។ បើតាម​ម្ចាស់កសិដ្ឋាន​រូបនេះ បច្ចុប្បន្ន​អ្នកចិញ្ចឹមក្រពើតូចៗ​​បានលក់ក្រពើ​ចោលអស់ហើយ ហើយកសិដ្ឋាន​របស់លោកផ្ទាល់​ក៏ត្រៀមនឹងលក់ដែរ ប្រសិនបើ​ក្រពើមាន​តម្លៃថ្លៃជាងនេះបន្ដិច។

​របាយការណ៍​ឆមាសទី១​ឆ្នាំ២០២១ របស់​ក្រសួងកសិកម្មវិញ បង្ហាញថា ការចិញ្ចឹមក្រពើ​នៅទូទាំងប្រទេស​សម្រេច​បាន​ប្រមាណ ជាង​៩ម៉ឺនក្បាល មានការថយចុះ​ជាង៥ម៉ឺនក្បាល​បើធៀបនឹងឆមាសទី១ឆ្នាំ២០២០។

បើទោះជាឆ្នាំនេះ ត្រូវខាតឡុងចុងច្រើន ប៉ុន្ដែ​ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នឹង​នៅតែក្ដីសង្ឃឹមថា ក្រោយកូវីដ-១៩​ផុតរលត់​តម្លៃក្រពើ​អាចនឹង​វិលមកល្អប្រសើរវិញ។ ប៉ុន្ដែ តើកូវីដ-១៩ នឹងផុតរលត់នៅពេលណានោះ យើងទាំងអស់គ្នា​នៅតែមិនទាន់​មាន​ចម្លើយ​ជាក់លាក់​នៅឡើយទេ៕

អត្ថបទដោយ៖ ហួន ស្រីនីត

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកស៊ី ជីនពីង អះអាងថា ចិន​បានផ្តល់ហិរញ្ញវត្ថុក្រោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩

ព័ត៌មាន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា ប្រទេសចិនបានផ្តល់ហិរញ្ញប្បទានសម្រាប់បង្កើតមូលនិធិមួយ ក្រោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី...

ប្រជាកសិករត្អូញត្អែរថា តម្លៃស្រូវធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយមានការរឹតបន្ដឹងតាមច្រកព្រំដែនកម្ពុជា-វៀតណាម

ព័ត៌មាន
ក្រុមប្រជាកសិករបានអះអាងថា តម្លៃស្រូវបានធ្លាក់ចុះជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីមានការផ្អាកការធ្វើដំណើរចេញចូលនៅតាម...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ