បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរវាង កម្ពុជា និងឥណ្ឌូនេស៊ីកាលពីឆ្នាំ២០១៨ កន្លងមកនេះ សម្រេចបានជាង ៥៥៨លានដុល្លារអាមេរិក ពោលគឺ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ឥណ្ឌូនេស៊ីវិញ រយៈពេល៥ឆ្នាំចុងក្រោយនេះវិញ គឺមានកំណើនជាមធ្យមជាង ៧ភាគរយ។
ដោយឡែកបើគិតត្រឹមខែមេសាឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានចំនួន ១៩៦លានដុល្លារ កើនឡើងជាង ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលក្នុងនោះការនំាចេញរបស់កម្ពុជាកើនឡើង ៥៤ភាគរយ ខណៈឥណ្ឌូនេស៊ីនាំចូលមកកម្ពុជាកើនឡើងជាង ៧ភាគរយ។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា កម្ពុជានឹងបន្តពង្រីកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសឥណ្ឌូនេស៊ី ខណៈប្រទេសទាំងពីរកំពុងមានតម្រូវការទិញអង្ករច្រើនជារៀងរាល់ឆ្នាំពីបណ្តាប្រទេសដែលមានអង្ករច្រើនដូចជាវៀតណាម ថៃ និង កម្ពុជា។
ឯកឧត្តម ស៊ូឌឺម៉ាន ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានលើកឡើងថា កាលពីឆ្នាំ២០១៨ កន្លងមកកម្ពុជា និងឥណ្ឌូនេស៊ីធ្លាប់បានចុះ MoU ជាមួយគ្នារួចហើយសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនេះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានតួលេខណាមួយជាក់លាក់នៅឡើយទេ សម្រាប់ការនាំចូលអង្ករពីកម្ពុជា។
ប៉ុន្តែយ៉ាងណាឯឧត្តម ឌឺម៉ាន ហាសេង ទទួលស្គាល់ថា ឥណ្ឌូនេស៊ីពិតជាត្រូវការទិញអង្ករសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុករបស់ខ្លួនដែរ បើទោះបីជាប្រទេសខ្លួនក៏មានការផលិតអង្ករដែរនោះ។ ឯកឧត្តមបញ្ជាក់ថា ដោយឆ្នាំខ្លះធ្វើស្រូវបាន និងឆ្នាំខ្លះក៏ធ្វើស្រូវមិនបានដោយសារកត្តាអាកាសធាតុ ដូច្នេះបានជាឥណ្ឌូនេស៊ីកន្លងមកបាននាំចូលអង្ករពីប្រទេសជិតខាងដែលគិតជាមធ្យមក្នុង១ឆ្នាំៗ នាំចូលអង្ករប្រមាណ១លានតោន។
របាយការណ៍ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែប បទនាំចេញអង្ករបង្ហាញថា ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិពីខែមករា ដល់ដំណាច់ខែមិថុនា ឆ្នាំ ២០១៩ នេះ សម្រេចបានចំនួនជាង ២៨ម៉ឺន តោនកើនឡើងជាង ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ មានចំនួនត្រឹមតែជាង ២៧ ម៉ឺនតោនប៉ុណ្ណោះ៕