ចំនួនទេសចរ​អន្តរជាតិ

៦ខែឆ្នាំ២០២០នេះ កម្ពុជាបាត់ចំនួនទេសចរអន្តរជាតិជាងពាក់កណ្ដាល


វិស័យទេសចរណ៍កំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ នឹងមិនទាន់មានពន្លឺថានឹងប្រសើរឡើងវិញនៅឡើយទេ ខណៈការរីករាលជាសកលនៅតែបន្ដ។ យ៉ាងណាមិញ នៅរយៈពេល៦ខែដំបូងនៅឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរចូលមកកាន់កម្ពុជា មានបង្ហាញពីការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ដោយមានចំនួនត្រឹមតែជិត១,២លាននាក់ប៉ុណ្ណោះ ខណៈដែលកាលពី៦ខែដំបូងកាលពីឆ្នាំ២០១៩មានដល់ទៅជាង៣,៣លាននាក់ ពោលគឺធ្លាក់ដល់ទៅ ៦៤,៦% ។ នេះបើយោងតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ក្រសួងទេសចរណ៍។
ទេសចរណ៍​ដើរ​កម្សាន្ត​នៅ​មុខប្រាង្គ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ

យោងតាម​តួលេខ​ពីក្រសួង​ទេសចរណ៍ បាន​ឲ្យដឹងទៀតថា បើគិត​តាំងពី​ខែមករា​មកទល់​នឹង​ខែ​មិថុនា​ឆ្នាំ២០២០  ចំនួន​ភ្ញៀវទេសចរអន្តរជាតិ​ដែល​បាន​ធ្វើដំណើរ​ចូល​មកកាន់​កម្ពុជា​ គឺបាន​ដាំក្បាល​ចុះ​ជាលំដាប់​ ពិសេស​គឺនៅ​នៅត្រីមាសទី២ មាន​ការធ្លាក់ចុះ​យ៉ាងគំហុក​ដល់ទៅ ជាង៩៨% ធៀបនឹង​ត្រីមាសទី ២កាលពីឆ្នាំ២០១៩។

ការធ្លាក់ចុះ​ខ្លាំង​នៅត្រីមាសទី​២ ត្រូវបាន​មន្ត្រីជាន់​ខ្ពស់​នៃក្រសួង​ទេសចរណ៍​ធ្លាប់បាន​អះអាងថា គឺដោយសារតែ​មានគោលការណ៍​រឹតបន្ដឹង​លើការធ្វើដំណើរ​ពីសំណាក់​រាជរដ្ឋាភិបាល និងវិធានការ​ដាក់ចេញ​ជាបន្ដបន្ទាប់​ក្នុងការ​ទប់ស្កាត់​ការរីរាល​ដាល​នៃមេរោគ​កូវីដ-១៩។ ក្នុងនោះដែរ ប្រទេស​ជាច្រើន​លើពិភពលោក​ក៏មាន​ការ​រឹតត្បិត​លើការធ្វើដំណើរ​ដូចគ្នាដែរ។ 

តាមទិន្នន័យ​ពី​ក្រសួងទេសចរណ៍ ភ្ញៀវទេសចរ​ចិន ដែលធ្លាប់តែ​មាន​កំណើន​ខ្ពស់រហូតដល់​ជិត​១លាន​៣សែននាក់​កាលពី​៦ខែដំបូង​នៅឆ្នាំ២០១៩នោះ បានធ្លាក់ចុះ​មកនៅត្រឹមតែ​ជាង​២៧ម៉ឺននាក់​ប៉ុណ្ណោះ​នៅ៦ខែ​ឆ្នាំ២០២០នេះ ខណៈដែល​ភ្ញៀវ​ទេសចរ​មកពីប្រទេស​ផ្សេងទៀត​ដូចជា វៀតណាម ថៃ អាមេរិក កូរ៉េ ជាដើម​ក៏ធ្លាក់ចុះ​ដូចគ្នាដែរ។

ស្របពេលដែល​ចំនួន​ទេសចរ​អន្តរជាតិធ្លាក់ចុះ​ដ៏គំហុកនេះ វាក៏បាន​ញ៉ាំងឲ្យ​វិស័យទេសចរណ៍​ទាំងមូល​កំពុង​ប្រឈម​នឹងបញ្ហា​ដូចគ្នាដែរ តួយ៉ាង​អាជីវកម្ម​ក្នុងវិស័យ​ទេសចរ​ជាច្រើន​បាននិងកំពុង​ជួប​នូវការ​លំបាក​ពិសេស​ទាក់ទង​បញ្ហា​លំហូរ​សាច់ប្រាក់ ខណៈដែល​ថ្មីៗនេះ សមាគម​ទីភ្នាក់ងារទេសចរណ៍​កម្ពុជា បាន​និងកំពុង​ដាក់​សំណើ​ទៅកាន់​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​ទម្លាក់​ប្រាក់​កម្ចី​អត្រា​ការប្រាក់​ទាប​ ដើម្បី​ជួយ​សង្គ្រោះ​ ក៏ដូចជា​បន្ត​ដង្ហើម​រស់​របស់​អាជីវកម្ម​ក្នុងវិស័យទេសចរណ៍ នៅអំឡុង​គ្រាដ៏លំបាក​នៃ​វិបត្តិកូវីដ-១៩។ 

ទាក់ទង​នឹង​ការ​ផ្ដល់​ប្រាក់​កម្ចី​ដល់​អាជីវកម្ម​ក្នុងវិស័យ​ទេសចរណ៍ លោកបណ្ឌិត អ៊ិន ចាន់នី នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ធ្លាប់​បាន​គូសបញ្ជាក់​ថា  ក្នុង​ដំណាក់កាល​ដែល​កម្ពុជា​យើង​កំពុង​មាន​មានរោគ​ឆ្លង​រាត​ត្បាត​នេះ ជាការពិតណាស់​ ខាងធនាគារឯកជន​​គឺ​ផ្ដល់​កម្ចី​សម្រាប់​តែ​អាជីវកម្មណា​ដែលអាច​មាន​ការរីកចម្រើន​លូតលាស់​បាន​នៅក្នុង​ដំណាក់កាល​នេះ​ប៉ុណ្ណោះ។

លោក​បណ្ឌិត​បន្ថែមថា ជាក់ស្ដែង នៅក្នុង​វិស័យទេសចរណ៍ គឺ​​កំពុង​មាន​ផល​ប៉ះពាល់​ខ្លាំង ដែល​អ្នកខ្លះ​មិនមាន​លទ្ធភាព​សងត្រឡប់ ដូច្នេះ បើខាងធនាគារ​ផ្ដល់​ប្រាក់​កម្ចី​ទៅឲ្យពួកគាត់ទៀត​នៅក្នុង​វិស័យដដែលនេះ គឺពិតជា​មិនអាចទេ ក៏ប៉ុន្ដែ​បើម្ចាស់អាជីវកម្មនោះ​មាន​មុខរបរ​ណា​ផ្សេងទៀត ដែលធានា​បាន​នូវប្រាក់ចំណូល​ដែលត្រូវ​នឹង​កាលៈទេសៈ​នាពេល​បច្ចុប្បន្ននេះ នោះ ខាងធនាគារ​នឹងនៅតែបន្ត​ផ្ដល់កម្ចី​ជូន​ពួកគាត់។

កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ជួយសង្គ្រោះ​ជាបន្ដ​បន្ទាប់ដែរ ដល់​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់​ព្រោះតែ​កូវីដ-១៩ ដោយក្នុងនោះ​វិស័យ​ទេសចរណ៍​ក៏ទទួល​បាន​ដូចគ្នា​ ដូចជា​ការលើកលែង​ពន្ធនានា និងការជួយឧបត្ថម្ភ​ប្រាក់​ប្រចាំខែ​ដល់​បុគ្គលិក​ក្នុងវិស័យ​ទេសចរណ៍ ដែលបាន​បាត់បង់​ការងារ​ ដែលបណ្ដាល​មកពី​បញ្ហាកូវីដ-១៩ផងដែរ។

ទោះយ៉ាងណា តាមការ​អះអាង​របស់​អ្នកជំនាញ​ក្នុងវិស័យ​ទេសចរណ៍ មានអាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ជាច្រើន​បាននិង​កំពុង​ជួបផល​ប៉ះពាល់ធ្ងន់ធ្ងរ រួមមានអាជីវកម្មសណ្ឋាគារ ភោជនីដ្ឋាន និងជាពិសេស​គឺក្រុមហ៊ុន​ទេសចរណ៍​បានបិទ​អាជីវកម្ម​ស្ទើរ​តែទាំងស្រុង បើទោះបីជា​មិនមាន​តួលេខ​ជាក់លាក់​អំពីការស្នើ​សុំ​ការព្យួរ​ការងារ​នៅក្រសួង​ការងារ​ក៏ដោយ ប៉ុន្តែអាជីវកម្ម​ទាំងអស់នោះ​គឺបាន​បិទទ្វារ​ដោយខ្លួន​ឯងអស់​ទៅ​ហើយព្រោះគ្មានភ្ញៀវ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ធ្លាប់បាន​លើកឡើង​កាលពី​ចុង​ខែ​មិថុនា​កន្លងទៅនេះថា ដោយសារតែបញ្ហាការរីករាលដាលនៃមេរោគកូវីដ-១៩ យ៉ាងហោចណាស់ បានធ្វើឲ្យ​អាជីវកម្មទេសចរណ៍​បានបិទទ្វារ​បណ្ដោះអាសន្ន​ប្រមាណជិត ៣ពាន់ទីតាំង និងបានធ្វើឲ្យប៉ះពាល់​ដោយផ្ទាល់​ដល់ការងារ​កម្មករ​និយោជិត​ក្នុងវិស័យនេះ ប្រមាណជាង ៤,៥ ម៉ឺននាក់។

ឯកឧត្តម រដ្ឋមន្ត្រី​បន្ថែមទៀតថា តាមការ​វាយតម្លៃ​ពីក្រុម​អ្នកជំនាញ​ ​បញ្ហា​រីករាលដាល​នៃជំងឺ​កូវីដ-១៩នេះ នឹងធ្វើទាញ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ដើរយឺត​ ៧ឆ្នាំ ហើយចំពោះ​កម្ពុជា នឹងដើរយឺត ៥ឆ្នាំដែរ។ មានន័យថា បើនៅឆ្នាំ​២០២០នេះ មិនមាន​បញ្ហាកូវីដ-១៩ទេ គឺកម្ពុជា អាចនឹង​ទទួល​ភ្ញៀវទេសចរ​​៧លាននាក់ តែដោយ​សារតែ​បញ្ហាកូវីដ-១៩ កើតឡើង ដូច្នេះចំនួនទេសចរ ៧លាននាក់​នេះ អាចនឹង​ទទួលបាន​នៅឆ្នាំ ២០២៥​ឯណោះ។

សូមបញ្ជាក់ថា តាមរបាយការណ៍​ក្រសួង​ទេសចរណ៍ បាន​ឲ្យដឹងថា កាលពីឆ្នាំ២០១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិសរុប​​ជាង​៦លាន​៦សែននាក់ កើនឡើង ៦,៦% ធៀបនឹង​ឆ្នាំ២០១៨៕

None



អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា តម្លៃដីធ្លីនៅខណ្ឌដង្កោ កើនឡើងជាលំដាប់ ទោះបីកំពុងមានវិបត្តិកូវីដ-១៩

យោងតាមក្រុមអ្នកជំនាញវាយអចនលនវត្ថុរបស់ក្រុមហ៊ុនអចលនទ្រព្យ CPL បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ពេលនេះ តម្លៃដីធ្លីនៅក្នុងខណ្ឌដង្កោ…

ត្រកូលគ្រួសារម្ចាស់ក្រុមហ៊ុន CP របស់ថៃ ជាប់ជាត្រកូលមានទ្រព្យសម្បត្តិច្រើនបំផុតទី២១ ក្នុងពិភពលោក

ត្រកូលគ្រួសារម្ចាស់ក្រុមហ៊ុន Charoen Pokphand (CP) Group នៅក្នុងខែ សីហានេះ ត្រូវបានស្ថាប័ន Bloomberg ចាត់ចំណាត់ថ្នាក់ថា ជាគ្រួសារដែលម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ