ក្រៅពីគម្រោងដ៏មានសារសំខាន់មួយនេះ កម្ពុជា-ជប៉ុន ក៏បានពិភាក្សាគ្នាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែផងដែរ ជាពិសេសផ្តោតលើកំពង់ផែស្វយ័តនៅក្រុងព្រះសីហនុតែម្តង។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានចាត់ទុកការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងគម្រោងបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន គឺជារឿងមួយដ៏ល្អសម្រាប់រាជរដ្ឋាភិបាល និងអ្នកវិនិយោគកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈគម្រោងទាំងនេះ វានឹងជួយបង្កើនភាពទាក់ទាញដល់កម្ពុជាមួយកម្រិតទៀតក្នុងការទាក់ទាញវិនិយោគិនបរទេស ជាពិសេសវិនិយោគិនជប៉ុនឱ្យមកបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត សំដៅជួយជំរុញកំណើននៃការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។ ទន្ទឹមនឹងបង្ហាញក្តីរំពឹងបែបនេះ អ្នកជំនាញរូបនេះ ស្នើឱ្យរដ្ឋាភិបាលគួរពង្រីកវិសាលភាពច្បាប់ដឹកជញ្ជូនឆ្លងកាត់ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសបន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ចូនទំនិញរបស់កម្ពុជា។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃប្រទេសជប៉ុន ដឹកនាំដោយឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា ជុំវិញការងារទាក់ទងនឹងវិស័យភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ ដោយផ្តោតសំខាន់លើការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែប្រចាំតំបន់ និងគម្រោងសិក្សារៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដើម្បីលើកទឹកចិត្តដល់បណ្តាវិនិយោគិនជប៉ុនឱ្យងាកមកវិនិយោគនៅកម្ពុជា។
នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣ ដែលផែនការមេមួយនេះ ត្រូវបានរៀបចំឡើងដោយការធ្វើសំយោគបញ្ចូលគ្នានូវផែនការមេសំខាន់ៗចំនួន៧ ដើម្បីឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ-អ្នកដំណើរ-សេវា ទាំងក្របខណ្ឌក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក៕