លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារស្ថាបនា បានលើកឡើងថា ដោយសារតែមានការវិវត្តនៃវិស័យបច្ចេកវិទ្យា ធនាគារស្ថាបនា បានកាត់បន្ថយការពង្រីកសាខារបស់ខ្លួនជាច្រើន តួយ៉ាង កាលពីប៉ុន្មានឆ្នាំមុនៗ ធនាគារនេះ មានការពង្រីកសាខាថ្មីៗប្រហែល ២០ សាខា ឯណោះ ក្នុងមួយឆ្នាំៗ តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារស្ថាបនា បានកាត់បន្ថយការពង្រីកសាខាថ្មី មកនៅតែប្រមាណ ៥សាខាប៉ុណ្ណោះ ក្នុងមួយឆ្នាំ។
យ៉ាងណា ក៏ដោយចុះ លោក លឹម អូន ក៏បានគូសបញ្ជាក់ដែរថា ដ្បិតតែវិស័យបច្ចេកវិទ្យាកំពុងមានសន្ទុះរីកចម្រើនក៏ពិតមែន តែក៏មិនទាន់មានច្រើនលើសលុបខ្លាំងនៅឡើយទេ ដែលវានៅតែទាមទារការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ក៏ដូចជាការផ្ដល់សេវាកម្ម នៅតាមបញ្ជរ ឬសាខាដដែល។ បើតាម ការសង្កេតផ្ទាល់ របស់អ្នកជំនាញហិរញ្ញវត្ថុរូបនេះ នៅកម្ពុជា បច្ចុប្បន្ន ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុមានប្រមាណតែ ២០ ទៅ៣០ ភាគរយប៉ុណ្ណោះ ហើយប្រមាណជា ៥ឆ្នាំទៀត បច្ចេកវិទ្យាហិរញ្ញវត្ថុ អាចនឹងត្រូវបានប្រើប្រាស់ជាលក្ខណៈទូទៅ ដែលអាចមានលើស៥០%។
ជាមួយគ្នានេះ តាមប្រសាសន៍របស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ក៏ធ្លាប់បានលើកឡើងដែរថា ដោយសារតែមានការពង្រីកប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុ កាន់តែច្រើន ធនាគារអេស៊ីលីដា នឹងមិនមានការពង្រីកសាខាច្រើនទៀតនោះឡើយ ដោយងាកមកប្រើបច្ចេកវិទ្យាវិញ។ លោកថា បច្ចេកវិទ្យា នឹងជួយឲ្យអតិថិជនចំណេញទាំងពេលវេលា និងថវិកាផងដែរ ហើយផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។ ពិសេស តាមរយៈ សេវាអេស៊ីលីដាទាន់ចិត្ត អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានច្រើនយ៉ាង លឿនរហ័ស និងងាយស្រួល ពោលគឺមានតែទូរស័ព្ទស្មាតហ្វូនមួយ ដូចមានធនាគារមួយជាប់ខ្លួនដែរ។
ទោះបីជា អេស៊ីលីដា មិនមានផែនការពង្រីកសាខាច្រើនដូចមុនក៏ពិតមែន ប៉ុន្ដែ ធនាគារនេះ ក៏មិនមានផែនការនឹងកាត់បន្ថយបុគ្គលិករបស់ខ្លួននោះដែរ គឺមានតែបណ្តុះបណ្តាលដល់ធនធានមនុស្ស របស់ខ្លួនឲ្យមានចំណេះដឹង បន្ថែមលើបច្ចេកវិទ្យាទាំងនោះបន្ថែមទៀត។
លោកបណ្ឌិត អ៊ិន ចាន់នី បានបន្តថា មិនត្រឹមតែបុគ្គលិករបស់ធនាគារអេស៊ីលីដានោះទេ ដែលត្រូវមានចំណេះដឹងបន្ថែមផ្នែកបច្ចេកវិទ្យា សូម្បីតែអតិថិជនក៏ត្រូវតែធ្វើការណែនាំឲ្យចេះប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ឫ Fintech នេះដែរ ដើម្បីដើរឲ្យទាន់នូវការរីកចម្រើនរបស់ពិភពលោក។
គួរបញ្ជាក់ដែរថា វិស័យបច្ចេកវិទ្យាឌីជីថលនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ជំរុញយ៉ាងខ្លាំង។ តួយ៉ាង រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងសិក្សារៀបចំនូវគោលនយោបាយសេដ្ឋកិច្ច ឌីជីល ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា រយៈពេលវែង។ បើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលធ្លាប់បានអះអាងថា យ៉ាងហោចណាស់ កម្ពុជាត្រូវការពេល ១ទសវត្សរ៍ ដើម្បីប្រែក្លាយខ្លួនសេដ្ឋកិច្ច ទៅជាសេដ្ឋកិច្ចឌីជីលពេញលេញ។ ក្នុងនោះដែរ ដើម្បីឲ្យសេដ្ឋកិច្ច ឌីជីថល ដំណើរការបានល្អនោះ ការរៀបចំនូវប្រព័ន្ធឡូជីស្ទីក និងបញ្ញើររហ័ស ព្រមជាមួយនឹងប្រព័ន្ធទូទាត់សង់ប្រាក់អេឡិចត្រូនិក តាមរយៈធនាគារដែលជឿទុកចិត្ត គឺជាកត្តាចាំបាច់បំផុត៕