កម្ពុជាដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ CSS ដើម្បីសម្រួលការទូទាត់ប្រាក់តាមឌីជីថល

ធនាគារជាតិដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ CSS ដើម្បីលើកកម្ពស់ការទូទាត់ប្រាក់តាមឌីជីថលនៅកម្ពុជា


ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍន៍ និងដាក់ឲ្យប្រើប្រាស់កម្មវិធីទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជួយសម្រួលដល់ការទូទាត់ពាណិជ្ជកម្ម ក៏ដូចជាដើម្បីអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាឲ្យឆើ្លយតបនឹងការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធខេមបូឌាស៊ែស្វិច(CSS)មួយបន្ថែមទៀត ដើម្បីលើកកម្ពស់ការទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជាឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព។
កម្ពុជាដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ CSS ដើម្បីសម្រួលការទូទាត់ប្រាក់តាមឌីជីថល

ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាជឿជាក់ថា តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ CSS នេះ វាមិនត្រឹមតែជួយសម្រួលដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយក្នុងការជួយជំរុញការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

នាពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធខេមបូដាស៊ែស្វិច នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ជា សិរី ទេសាភិបាលរងធានាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា នាយុគសម័យសាកលភាវូបនីយកម្មឌីជីថល បច្ចេកវិទ្យាឌីជីថលបានបោះជំហ៊ានយ៉ាងលឿន ហើយបានក្លាយជាកត្តាគន្លឹះសម្រាប់ការជំរុញការគ្របដណ្ដប់ និងការតភ្ជាប់សេដ្ឋកិច្ច និងសង្គមនៅលើពិភពលោក រួមទាំងកម្ពុជាឲ្យកាន់តែស្អិតល្មួត។ ស្របពេលសេដ្ឋកិច្ចពិភពលោក ក៏ដូចជានៅកម្ពុជាហាក់មានភាពល្អប្រសើរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ មានភាពធូរស្បើយ ការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ជាការងារអាទិភាព ដែលធនាគារជាតិនៃកម្ពុជាត្រូវធ្វើ ដើម្បីជួយសម្រួល និងផ្ដល់មធ្យោបាយទូទាត់ប្រកបដោយនវានុវត្តន៍ ភាពរឹងមាំ សុវត្ថិភាព និងប្រសិទ្ធិភាព សំដៅជួយសម្រួលដល់ការទូទាត់ពាណិជ្ជកម្មក្នុងប្រទេស និងក្នុងតំបន់ឲ្យកាន់តែប្រសើរបន្ថែមទៀត។

បើតាមលោកជំទាវ ជា សិរី តាមរយៈការដាក់ឲ្យប្រើប្រាស់សេវា និងឧបករណ៍ទូទាត់ថ្មីៗ ជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួយធ្វើឲ្យប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកជំទាវបានបន្ថែមថា ដោយមើលឃើញពីសារៈសំខាន់នៃទូទាត់សងប្រាក់ និងការចាប់យកសេវាឌីជីថលយ៉ាងឆាប់រហ័សពីសំណាក់ប្រជាជនកម្ពុជា ធនាគារជាតិនៃកម្ពុជា បានបន្តអភិវឌ្ឍន៍ និងធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់នៅតាមដំណាក់កាល នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសុវត្ថិភាព ប្រសិទ្ធិភាព និងភាពប្រទាក់ក្រឡា តាមរយៈការអភិវឌ្ឍន៍ប្រព័ន្ធ CSS ដែលជាគំនិតផ្ដួចផ្ដើមថ្មីមួយទៀតរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលប្រតិបត្តិការទូទាត់សងប្រាក់តាមរយៈប័ណ្ឌទូទាត់នៅកម្ពុជា។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ស្ថិតក្នុងបរិការនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗកាន់តែច្រើន ការធ្វើទំនើបកម្មបច្ចេកវិទ្យារបស់ធនាគារជាតិនៃកម្ពុជាសម្រាប់ការទូទាត់សងប្រាក់ជាបន្តបន្ទាប់បានចូលរួមយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធិភាពសម្រាប់អ្នកប្រើប្រាស់។ លើសពីនេះ តាមរយៈការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ CSS នេះ វានឹងជួយរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុទាំងមូលនៅកម្ពុជា ដ្បិតប្រព័ន្ធនេះវាកាន់តែបង្កភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ក្នុងការធ្វើប្រតិបត្តិការអន្តរធនាគារ។ បើតាមលោក សុខ វឿន ការដាក់ឲ្យអនុវត្តប្រព័ន្ធថ្មីនេះ នឹងកាន់តែជំរុញដល់អ្នកប្រើប្រាស់ទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទអាចប្រើប្រាស់សេវាធនាគារបានកាន់តែទូលំទូលាយ ដែលចូលរួមចំណែកយ៉ាងសកម្មនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

តាមការកត់សម្គាល់របស់ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈការដាក់ឲ្យប្រើប្រាស់សេវា និងឧបករណ៍ទូទាត់ថ្មីៗជាបន្តបន្ទាប់។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២២ កន្លងមក ការទូទាត់នៅក្នុងប្រព័ន្ធអេឡិចត្រូនិច នៅទូទាំងប្រទេសកម្ពុជាមានរហូតជិត១ពាន់ភាគរយ ឯណោះ នៃផលិតផលក្នុងស្រុកសរុប។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយលោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា៕




អត្ថបទបន្ទាប់


កម្ពុជាទទួលបានទេសចរអន្តរជាតិជាង២លាននាក់នៅឆមាសទី១ និងរំពឹងបានជាង៤លាននាក់នៅឆ្នាំនេះ

ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា ហាក់មានភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់នៅប៉ុន្មានខែកន្លងមកនេះ ដែលធ្វើឱ្យកម្ពុជារំពឹងអាចស្រូបទាញភ្ញ…

ស្ពានឆ្លងទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រទៅកោះនរា គ្រោងបើកឲ្យធ្វើចរាចរណ៍សាកល្បងនៅចុងខែតុលា

ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរាសម្រេចការសាងសង់បានជាង៨០% ហើយ ដោយគ្រោងភ្ជាប់កំណាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ