វិស័យដឹកជញ្ជូនកម្ពុជា

អ្នកជំនាញ៖ វិស័យដឹកជញ្ជូនកម្ពុជាអាចប៉ះពាល់ដល់ ៥០% ព្រោះឥទ្ធិពលវីរុស Covid 19


ក្រៅពីវិស័យទេសចរណ៍ និងរោងចក្រកាត់ដេរ កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារតែឥទ្ធិពលនៃវីរុសកូរ៉ូណា ឬគេឲ្យឈ្មោះផ្លូវការថា Covid 19 នោះ វិស័យដឹកជញ្ជូន ឡូជីស្ទិកកម្ពុជា ក៏កំពុងរងផលប៉ះពាល់មិនតិចដែរ ខណៈដែលអ្នកជំនាញក្នុងវិស័យនេះ អះអាងថា ទំហំផលប៉ះពាល់អាចមានរហូតដល់ទៅ ៥០% ប្រសិនបើបញ្ហាវីរុសឆ្លងដ៏កាចសាហាវនេះ នៅតែបន្ដអូសបន្លាយយូរ។
ការដឹកជញ្ជូនទំនិញតាមកំពង់ផែនៅកម្ពុជា (រូបភាព៖ http://www.pas.gov.kh)

គិត​មក​ទល់​នឹង​ម៉ោង​នេះ ចំនួន​អ្នក​ស្លាប់ និង​ឆ្លង​នូវ​វីរុស​កូ​រ៉ូ​ណា ឬ​គេ​ឲ្យ​ឈ្មោះ​ផ្លូវការ​ថ្មី​ថា Covid 19 នោះ នៅ​តែ​បន្ដ​កើនឡើង​នៅឡើយ ដែល​វា​នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ព្រួយបារម្ភ​របស់​ពិភពលោក​។

លោក ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​បញ្ជាក់​ថា ឥទ្ធិពល​នៃ​វីរុស Covid 19 នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​រហូត​ដល់ ៤០% ទៅ​៥០% ឯណោះ បើសិនជា​វា​នៅ​តែ​បន្ដ​អូស​បន្លាយ​រយៈពេល​យូរ​។ លោក ស៊ិ​ន ច​ន្ធី អះអាង​ដូច្នេះ ដោយ​ផ្អែក​ទៅ​លើ​ការ​នាំ​ចេញ​របស់​វិស័យ​កាត់ដេរ ដែល​ជា​ទំនិញ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ខណៈ​ដែល​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នា​ពេល​ថ្មី​ៗ​នេះ ទើបតែ​ប្រកាស​ពី​ការ​ខ្វះខាត​វត្ថុធាតុដើម​ផលិត និង​អាច​ឈាន​ទៅ​ដល់​ការ​បិទ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ជា​បណ្ដោះអាសន្ន​ផង​ដែរ ដោយសារ​តែ​ប្រទេស​ចិន ដែល​កំពុង​មានការ​រីក​រាលដាល​ខ្លាំង​នៃ​វីរុស Covid 19​នោះ បាន​បិទ​ទីផ្សារ ហើយ​ផ្អាក​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ការ​ផលិត​សម្រាប់​រោច​ក្រ​កាត់ដេរ​នៅ​កម្ពុជា​។ 

ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​រូប​នេះ បាន​គូសបញ្ជាក់​ទៀត​ថា កាលណា​រោងចក្រ​មិន​មាន​វត្ថុធាតុដើម​ផលិត នោះ​ការ​នាំ​ចេញ​ក៏​ត្រូវ​ធ្លាក់​ចុះ​ដែរ ដែល​វា​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា​យ៉ាង​ពិតប្រាកដ​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​បាន​ចេញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី ១១ កុម្ភៈ​កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​វត្ថុធាតុដើម​ប្រហែល​ជាង ៦០% សម្រាប់​បម្រើ​ឲ្យ​ផលិតកម្ម​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិតផល​ស្បែកជើង​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ចិន​។

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន ដោយសារ​រ​តែ​ឧបទ្ទវហេតុ​នៃ​ការ​រីក​រាលដាល​នៃ​វីរុស Covid 19 នៅ​ក្នុង​ប្រទេស​ចិន រោងចក្រ​ផលិត​វត្ថុធាតុដើម និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ជា​ច្រើន​បាន​បិទ​ដំណើរការ​បណ្ដោះអាសន្ន ហើយ​ប្រហែលជា​រហូត​ដល់​ចុងខែ​កុម្ភៈ​នេះ ទើប​អាច​ចាប់ផ្ដើម​ដំណើរការ​ឡើង​វិញ​បាន ដែល​បញ្ហា​នេះ នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ចង្វាក់​ផ្គត់ផ្គង់​ដល់​រោងចក្រ​នៅ​កម្ពុជា​។

លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (ខេមបូណូមីស)

សមាគម​រោងចក្រ​កាត់ដេរ​បាន​គូសបញ្ជាក់​ទៀត​ថា «​ប្រឈម​នឹង​បញ្ហា​នេះ រោងចក្រ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ផ្អាក​ប្រតិបត្តិការ​ផលិតកម្ម​ជា​បណ្ដោះអាសន្ន ដែល​អាច​មាន​រយៈពេល ១​ខែ​ពេញ ឬ​ដល់​២​ខែ​» ហើយ​ការ​បិទ​រោងចក្រ​បណ្ដោះអាសន្ន​នេះ អាច​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ខែមីនា​ខាង​មុខ​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ិ​ន ច​ន្ធី ការ​នាំ​ចេញ​ផលិតផល​ផ្សេង​ៗ​ទៀត​របស់​កម្ពុជា ក្រៅពី​វិស័យ​កាត់ដេរ ហាក់​មិន​ទាន់​ឃើញ​ជួប​នូវ​បញ្ហា ហើយ​ការ​នាំ​ចេញ​ទំនិញ​នានា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ជា​ដៃគូ​ផ្សេង​ទៀត ក៏​មិន​មានការ​រឹត​ដ្បិត​នោះ​ដែរ​។

អ្នកជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​រូប​នេះ បាន​សង្កត់ធ្ងន់​ថា ស្ថិត​ក្នុង​កាលៈទេសៈ​នេះ ទាំង​វិស័យ​រដ្ឋ និង​ឯកជន ត្រូវ​ចូលរួម​ធ្វើ​យ៉ាងណា ជំរុញ​ឲ្យ​វិស័យ​ដឹក​ជញ្ជូន ឡូ​ជី​ស្ទិ​ក​របស់​កម្ពុជា​យើង មាន​តម្លៃ​ថោក​អាច​ប្រកួតប្រជែង​បាន ហើយ​លើក​នេះ លោក​ថា រដ្ឋាភិបាល​មិន​អាច​គ្រាន់តែ​និយាយ​តែ​មាត់​ទេ ដាច់ខាត​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន ព្រោះ​វា​គឺជា​អ្វី​ដែល​វិស័យ​ឯកជន​ចង់បាន​បំផុត​។

សូម​បញ្ជាក់​ថា ឥទ្ធិពល​នៃ​វីរុស​កូ​រ៉ូ​ណា បាន​ក្លាយជា​កត្តា​ប្រឈម​ថ្មី​មួយ សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក និង​តំបន់​។ តួយ៉ាង ប្រទេស​ជិតខាង​របស់​កម្ពុជា ដូច​ជា​ថៃ បាន​ទម្លាក់​ការ​ព្យាករ​របស់​ខ្លួន​មក​នៅ​ត្រឹម ២,៤% ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ការ​ព្យាករ​ពី​មុន​រំពឹង​ថា​មាន ២,៨%​។ កម្ពុជា​យើង​ឯណេះ​វិញ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទម្លាក់​ការ​ព្យាករ​មក​នៅ​ត្រឹម​ជុំវិញ​៦% ប៉ុណ្ណោះ ប៉ុន្ដែ​អ្នកជំនាញ​ខ្លះ​ថា អាច​នឹង​មាន​ក្រោម ៦%​ទៅ​ទៀត ខណៈ​ដែល​ការ​ព្យាករ​ពី​មុន​ថា​មាន ៦,៥%​។ 

សម្រាប់​វៀតណាម​វិញ បើ​ទោះបីជា​មិន​បាន​ទ​មា្ល​ក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ក៏​ពិតមែន ប៉ុន្ដែ សេដ្ឋកិច្ច​វៀតណាម ក៏​កំពុង​រង​ផល​ប៉ះពាល់​គួរ​ឲ្យ​កត់សម្គាល់​ដែរ ពិសេស​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន រួម​ទាំង​វិស័យ​ទេសចរណ៍​។ ការ​មិន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន នៅ​ឆ្នាំ​នេះ គឺ​ដោយសារ​តែ​វៀតណាម​សម្អាង​លើ​កំណើន​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស​ដែល​នៅ​តែ​បន្ដ​កំណើន​ខ្លាំង​។ ជាក់ស្ដែង ត្រឹមតែ​មួយ​ខែ​ដំបូង ប៉ុណ្ណោះ នៃ​ឆ្នាំ​២០២០​នេះ ពោល​គឺ​ក្នុង​ខែមករា កន្លង​ទៅ​នេះ ប្រទេស​វៀតណាម​បាន​ស្រូប​ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ប្រមាណ​ជាង ៥.៣០០ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​ជិត ១៨០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​របាយការណ៍​ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​៕

None



អត្ថបទបន្ទាប់


ស្ត្រីអាមេរិកាំង​ពី​នាវា​ Westerdam ធ្វើ​តេស្ត​​លើកទីពីរនៅម៉ាឡេស៊ី រកឃើញថាមាន​ផ្ទុក​ Covid-19

ប្រទេស​ម៉ាឡេស៊ី​ប្រកាស​នៅថ្ងៃអាទិត្យ​ ទី១៦ កុម្ភៈ ២០២០នេះ ថា អ្នកដំណើរ​ជនជាតិ​អាមេរិកាំងពីនាវា​ Westerdam ដែលចូលចត​នៅក្នុង​ប្រទេស​កម្…

វិនិយោគិនកូរ៉េ ចាប់អារម្មណ៍លើ​ការទិញ​ភាគហ៊ុន​ធនាគារអេស៊ីលីដា

បើមិនមានអ្វីប្រែប្រួលទេ តាមការរំពឹងទុក ធនាគារអេស៊ីលីដា នឹងធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន របស់ខ្លួននៅក្នុងផ្សារមូលបត្រកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ