
លោក ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានធ្វើបទបង្ហាញក្នុងមហាសន្និបាតពីសកម្មភាពនានារបស់រដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រផលិតកម្មស្វាយចន្ទីនៅកម្ពុជា និង ស្ថានភាពនាំចេញស្វាយចន្ទីនៅកម្ពុជា ដើម្បីអូសទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុនកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ាន វណ្ណហន។
លោក ហ៊ាន វណ្ណហន បញ្ជាក់យ៉ាងដូច្នេះថា៖ «អគ្គនាយកដ្ឋានកសិកម្ម មានបំណងបង្ហាញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ដល់មហាសន្និបាតស្វាយចន្ទីពិភពលោក ឲ្យទៅធ្វើនៅប្រទេសកម្ពុជានៅឆ្នាំក្រោយនេះ ដែលនេះជាការស្នើរបស់គេឲ្យយើងធ្វើ។ វាជាឱកាសសម្រាប់វិស័យឯកជនរបស់យើង ដើម្បីបង្ហាញផលិតផលរបស់យើង»។
បើតាមហ្វេសប៊ុកដដែល បានឲ្យដឹងថា ក្នុងឱកាសកិច្ចប្រជុំនេះ លោកបានជួបពិភាក្សាជាមួយដៃគូដែលមានបំណងចង់វិនិយោគលើវិស័យស្វាយចន្ទីនៅកម្ពុជា និង ផ្នែកផ្សេងៗទាក់ទងវិស័យកសិកម្ម។
លោកស្នើឲ្យកម្ពុជាគាំទ្រសន្និបាតនេះ ទោះតិចតួចក៏ដោយ ព្រោះ នេះជាការជួបជុំក្រុមហ៊ុនធំៗលើពិភពលោក ដែលត្រូវការទិញគ្រាប់ស្វាយចន្ទី។

កាលពីពេលកន្លងមក សមាគមគ្រាប់ស្វាយចន្ទីវៀតណាម បានសម្រេចផ្ដល់ទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុង ឬស្មើនឹងប្រមាណ ៦៦,០០០ដុល្លារអាមេរិក មកឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទកម្ពុជា ដើម្បីបង្កើនការដាំដុះដំណាំស្វាយចន្ទីឲ្យបាន១លានដើម នៅលើផ្ទៃដីប្រមាណ៥០ម៉ឺនហិកតា ដែលនេះជាមហិច្ឆិតារបស់វៀតណាម ក្នុងការនាំចេញស្វាយចន្ទីពីកម្ពុជា ចូលទៅវៀតណាម ឲ្យបាន១លាន តោនជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ២០២២។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៧នេះ កម្ពុជាបានប្រមូលផលគ្រាប់ស្វាយចន្ទីបានប្រមាណជាង ១០ម៉ឺនតោន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម ដែលបង្ហាញថា ខេត្តចំនួន២២ ដែលបានដាំដុះដំណាំស្វាយចន្ទី រួមមាន៖ ខេត្តកំពង់ធំជាប់លេខមួយក្នុងការដាំដុះដំណាំស្វាយចន្ទី ដោយបានប្រមូលផលបាន ៣០២៦៦,៥តោន ខណៈខេត្តសម្បូរចម្ការស្វាយចន្ទីបន្ទាប់ទៀត គឺខេត្តកំពង់ចាម ដែលទទួលផល១៩១៥០,៨តោន រីឯខេត្តរតនគិរី ទទួលបានទិន្នផល ១៧៤០៩ តោន និងមានខេត្តត្បូងឃ្មុំ សៀមរាប និងខេត្តបន្តបន្ទាប់ទៀត៕