ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម បន្តលើកទឹកចិត្ត ដល់សហគ្រាសក្នុងស្រុកឲ្យបង្កើនសមត្ថភាពរបស់ខ្លួនដើម្បីឈានទៅផលិតកែច្នៃផលិតផលកសិកម្មសម្រេច ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស ដ្បិតថា នៅពេលសហគ្រាសក្នុងស្រុក អាចផលិតផលិតផលសម្រេចនាំចេញ នាំវានឹងបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់ក្នុងសង្វាក់ផលិតកម្ម ក៏ដូចជាជាសេដ្ឋកិច្ចផងដែរ។
ឯកឧត្តម បន្ថែមទៀតថា ពិសេស បន្ទាប់ពីអង្ករទៅ ផលិតផលគ្រាប់ស្វាយចន្ទី គឺជាផលិតផលកសិកម្មដ៏សំខាន់មួយ ដែលរដ្ឋាភិបាលកំពុងជំរុញឲ្យមានការផលិតជាផលិតផលសម្រេចដើម្បីនាំចេញ ព្រោះវាមានតម្លៃបន្ថែមខ្ពស់ក្នុងសង្វាក់ផលិតកម្ម។
ឯកឧត្តម ហេង សុខគង់ មានប្រសាសន៍យ៉ាងដូច្នេះថា «គ្រាប់ស្វាយចន្ទីមានតម្លៃបន្ថែមខ្ពស់ណាស់ ប្រសិនបើយើងអាចយកមកកែច្នៃជាផលិតផលសម្រេចដើម្បីនាំចេញ ដូចជាផ្លែស្វាយចន្ទី អាចយកទៅផលិតជាប្រេង ឬជាស្រាស ហើយសម្បកគ្រាប់ស្វាយចន្ទីគេអាចយកទៅផលិតកែច្នៃជាថាមពលអគ្គិសនីក៏បាន។ ទាំងអស់នេះ យើងឃើញថា ជាតម្លៃផលិតកម្មមួយដ៏វែង ដែលយើងចង់ជំរុញ»។
គ្រាប់ស្វាយចន្ទី ត្រូវបានគេដឹងថា គឺមានភាគច្រើនត្រូវបាននាំចេញគ្រាប់ស្រស់ទៅកាន់ទីផ្សារប្រទេសវៀតណាម ហើយវៀតណាមបានយកទៅកែច្នៃបន្តដើម្បីវេចខ្ចប់នាំចេញទៅលក់នៅក្រៅប្រទេស។ ហើយភាគច្រើន វៀតណាមទិញគ្រាប់ស្វាយចន្ទីពីអាហ្វ្រិក តែបើតាមការបញ្ជាក់ពីឈ្មួញ គ្រាប់ស្វាយចន្ទី ពីតំបន់អាហ្វ្រិក គឺមិនមានគុណភាពល្អ ដូចគ្រាប់ស្វាយចន្ទីពីកម្ពុជាយើងនោះទេ។ តួយ៉ាង នៅ ៧ខែឆ្នាំនេះ វៀតណាមបានទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា ជាង១៧ម៉ឺនតោន មានតម្លៃជាទឹកប្រាក់ប្រមាណ ជាង២៩០ លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍ពី គយវៀតណាម។
លោក ប៊ុន ហេង ប្រធានគ្រប់គ្រងចង្វាក់ផលិតកម្មនៃរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី Wel Willing Agricultural Technology បានលើកឡើងថា សម្រាប់ឆ្នាំនេះ តម្លៃគ្រាប់ស្វាយចន្ទីគឺមានតម្លៃខ្ពស់គួរសមបើធៀបនឹងឆ្នាំកន្លងទៅ ដោយក្នុងឆ្នាំនេះ ក្រុមហ៊ុនបានបញ្ជាទិញគ្រាប់ស្វាយចន្ទីពីកសិករក្នុងតម្លៃចន្លោះពី ជាង១.៦៥០ ដុល្លារទៅ ២.០០០ ដុល្លារ ក្នុងមួយតោន។ លោកបន្តថា រោងចក្រនេះ គឺមានផលិតគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេចផង និងសម្រេចផង ដើម្បីនាំចេញផ្ទាល់ជាចម្បងទៅកាន់ប្រទេសចិន និងទីផ្សារផ្សេងទៀត ហើយក៏មានការផ្គត់ផ្គង់ក្នុងស្រុកផងដែរ។
លោក ប៊ុន ហេង បន្ថែមទៀតថា គ្រាប់ស្វាយចន្ទីភាគច្រើនត្រូវបានបញ្ជាទិញពីប្រជាកសិករក្នុងខេត្តកំពង់ចាម រតនគីរី ស្ទឹងត្រែង និងព្រះវិហារ ខណៈដែលខាងក្រុមហ៊ុនក៏ទើបតែមានការនាំដុះស្វាយចន្ទី ប្រមាណ ៣៥០ ហិកតាដោយខ្លួន នៅខេត្តកំពតផងដែរ។
បើតាម អ្នកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរូបនេះ ក៏បានគូសបញ្ជាក់ទៀតថា នៅឆ្នាំ៣ឆ្នាំខាងមុខនេះ រោងចក្រនេះនឹងពង្រីកសមត្ថភាពផលិតរបស់ខ្លួនរហូតដល់ ៥ដង តាមរយៈការបង្កើតនូវរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីថ្មី ២ បន្ថែមទៀត ដោយមួយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ អាចនឹងបើកដំណើរការនៅឆ្នាំក្រោយ និងមួយទៀតនៅខេត្តកំពង់ចាមអាចនឹងរួចរាល់នៅឆ្នាំ២០២១។
គួរបញ្ជាក់ដែរថា របាយការណ៍ ពីក្រសួងកសិកម្ម បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ កម្ពុជាមានសមត្ថភាពផលិតផលិតផលកសិកម្មបានប្រមាណ ៣០លានតោនក្នុងមួយឆ្នាំៗ ដោយក្នុងនោះ ការនាំចេញមានប្រមាណ ជាង៤លានតោន កាលពីឆ្នាំ២០១៨។ របាយការណ៍ ក្រសួងកសិកម្មបានឲ្យដឹងទៀតថា សម្រាប់តែរយៈពេល ៧ខែ នៅឆ្នាំនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មប្រមាណ ២,៣លានតោន។ ប៉ុន្ដែ ក្នុងចំណោមផលិតផលកសិកម្មនាំចេញទាំងនោះ ត្រូវបានគេមើលឃើញថា មានភាគតិចណាស់ ដែលជាផលិតផលសម្រេច។
ដោយសារតែតម្រូវការគ្រាប់ស្វាយចន្ទី មានការកើនឡើង ប្រទេសវៀតណាមតាមរយៈសមាគមគ្រាប់ស្វាយចន្ទីវៀតណាម ក៏ធ្លាប់បានសន្យាជួយកម្ពុជាក្នុងការដាំស្វាយចន្ទី ឲ្យបាន១លានដើម នៅលើផ្ទៃដីប្រមាណ៥០ម៉ឺនហិកតា នៅត្រឹមឆ្នាំ២០២២ខាងមុខ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Vietnam News ។ មិនតែប៉ុណ្ណោះ វៀតណាមក៏នឹងសន្យាប្រមូលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាវិញផងដែរ។
ទោះយ៉ាងណា អ្នកជំនាញយល់ឃើញថា វាមិនមែនជាទីផ្សារប្រកបដោយចីរភាពនោះទេ នៅពេលដែលកម្ពុជានាំចេញផលិតផលវត្ថុធាតុដើម គ្រាប់ស្វាយចន្ទីស្រស់ទៅវៀតណាម ដោយមិនមានការផលិតកែច្នៃដោយខ្លួនឯង ព្រោះការនាំចេញវត្ថុធាតុដើម មានការខាតបង់តម្លៃបន្ថែមរបស់ផលិតផលនោះ ហើយទីផ្សារក៏មិនអាចស្ថិតស្ថិរដែរ បើសិនជាយើងត្រូវពឹងតែលើទីផ្សារប្រទេសវៀតណាមតែមួយនោះ៕