អ្នកឧកញ៉ាសៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានរៀបចំរាត្រីសមោសរកម្ពុជា (Cambodia Night) ដើម្បីបង្ហាញពីផលិតផលខ្មែរ ពិសេសមុខម្ហូបខ្មែរចំនួន១១មុខ ជូនដល់វាគ្មិនអន្តរជាតិ ដែលបានអញ្ជើញចូលរូមកិច្ចប្រជុំកំពូល នៃវេទិការពិភពលោក ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
អ្នកឧកញ៉ា បន្ថែមថា “វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាការប្រមូលផ្តុំនៃសារៈសំខាន់ជាសកល។ យើងមានមោទនភាពក្នុងការជួយចែករំលែកកម្ពុជាជាមួយលោក លោកស្រី ជាមេដឹកនាំទាំងអស់ដែលមានវត្តមាននាពេលនេះ។ អ្នកឧកញ៉ា សៀ ឫទ្ធីសង្កត់ធ្ងន់ទៀតថា “ប្រទេសកម្ពុជាគឺជាកន្លែងដ៏ល្អសម្រាប់ ការវិនិយោគ និងធុរកិច្ច”។
ពិធីដ៏មានអត្ថន័យនោះ ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនរាជរដ្ឋាភិបាលកម្ពុជា និងវាគ្មិននៃវេទិកាពិភពលោកជាច្រើនរូប ។
អ្នកឧកញ៉ាសៀ ឫទ្ធី មានប្រសាសន៍ថា ចាប់តាំងពីប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០០៤ ប្រទេសកម្ពុជាបានដើរលើមាគ៌ាយ៉ាងស្វាហាប់ ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ អ្នកឧកញ៉ា មានប្រសាសន៍បន្តថា ភាពជាដៃគូគ្រប់ជ្រុងក្នុងតំបន់ (RCEP) ដែលទើបតែចូលជាធរមាននៅឆ្នាំ២០២២នេះ ត្រូវបានរំពឹងថានឹងជំរុញទំនុកចិត្តផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងនាំមកនូវការវិនិយោគដោយផ្ទាល់ ពីបរទេសថ្មីៗ បន្ថែមទៀត។ ជាមួយនិងលទ្ធភាពទាំងអស់នោះ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសេរី រីកចម្រើនក្នុងតំបន់។
អ្នកឧកញ៉ាសៀ ឫទ្ធី បន្ថែមថា ក្នុងនាមធុរជនកម្ពុជា អ្នកឧកញ៉ាពិតជាមានមោទនភាពចំពោះអ្វីៗ ដែលប្រទេសកម្ពុជាសំរេច បាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ។ ប្រទេសកម្ពុជាមានស្ថិរភាព មានការគាំទ្រអាជីវកម្ម និងគាំទ្រវិស័យ ឯកជន ពិសេសស្វាគមន៍អ្នកវិនិយោគមកពីជុំវិញពិភពលោក។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានភ្លក់នូវ រស់ជាតិមុខម្ហូបប្រពៃណីខ្មែរ បានសំដែងនូវការកោតសរសើរ ចំពោះអ្នកឧកញ៉ាសៀ ឫទ្ធី ដែលបានរៀបចំនូវរាត្រីសមោលសនេះឡើង ដើម្បីបង្ហាញដល់វាគ្មិនអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានស្វែងយល់ និងភ្លក់នូវមុខម្ហូបប្រពៃណីជាតិ។
សម្តេចតេជោ បានថ្លែងថា “ខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយនេះក៏ជាលើកដំបូងផងដែរសម្រាប់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ នៃ “រាត្រីសមោសរកម្ពុជា” (Cambodia Night) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃ វេទិកាសេដ្ឋកិច្ចពិភពលោក។ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញដល់អ្នកវិនិយោគ និងអ្នកទេសចរទាំងឡាយអំពីសមិទ្ធផលកន្លងមក និងអំពីកាលនុវត្តភាពដ៏មានសក្តានុពលរបស់កម្ពុជា រួមទាំង ឱកាសវិនិយោគ វប្បធម៌ ប្រពៃណី អាហារ និងសក្តានុពលផ្សេងៗជាច្រើនទៀត”។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអ្នកវិនិយោគទុនរបស់កម្ពុជា ត្រូវតែបង្កើននូវភាពប្រកួត ប្រជែងជាមួយនិងទីផ្សារអន្តរជាតិ អំពីផលិតផលខ្មែរ ពិសេសមុខម្ហូបប្រពៃណីជាតិ លើ គ្រប់វេទិកាអន្តរជាតិនានា ទាំងក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា កម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២២ ប្រារព្ធឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែឧសភា នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រមាណជាង ២ពាន់នាក់ នៅជុំវិញពិភពលោក មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ កិច្ចប្រជុំនេះទៀតសោត ផ្តោតសំខាន់លើកិច្ចពិភាក្សាជុំវិញមូលបទ ប្រវត្តិសាស្ត្រនៅចំណុចរបត់,គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រធុរកិច្ច ដើម្បីធ្វើឲ្យពិភពលោកកាន់តែប្រសើរ៕