ការនាំចេញកសិផល

ទីបំផុត ផ្លែមៀនស្រស់របស់កម្ពុជាត្រូវបានសម្ពោធនាំចេញជាផ្លូវការទៅកាន់ទីផ្សារចិនហើយ


បន្ទាប់ពីចរចាអស់រយៈពេលជាង៣ឆ្នាំ និងបានអនុវត្តការផលិតវេខ្ចប់ស្របតាមស្ដង់ដារតម្រូវរបស់រដ្ឋបាលគយចិនរួចមក នៅទីបំផុត ផ្លែមៀនស្រស់របស់កម្ពុជា ត្រូវបានបើកសម្ពាធនាំចេញទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការហើយ នៅថ្ងៃទី ២៧ ខែតុលា ដោយពិធីសម្ពោធនាំចេញផ្លែមៀនស្រស់នេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ទីបំផុត ផ្លែមៀនស្រស់របស់កម្ពុជាត្រូវបានសម្ពោធនាំចេញជាផ្លូវការទៅកាន់ទីផ្សារចិនហើយ
ដោយ

សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិននេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ បានលើកឡើងថា នេះគឺជាជោគជ័យថ្មីមួយទៀត ដែលកើតចេញពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេស​កម្ពុជា​ និងចិន ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិក​ម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឲ្យការនាំចេញ និងដល់ការបង្កើតការងារ និងបង្កើន ប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

ឯកឧត្តម វ៉ាង វិនធាន បាន​លើកឡើងដែរថា ផ្លែមៀន គឺជាកសិផលទី៣ហើយរបស់​កម្ពុជា ដែលត្រូវបានអនុម័ត​នាំចេញផ្ទាល់ទៅកាន់ទីផ្សារ​ចិន បន្ទាប់ពីត្រីប្រា និងពោត​នៅក្នុងឆ្នាំនេះ។

បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួងកសិកម្ម ចម្ការមៀន​ ដែលត្រូវបាន​អនុញ្ញាត​ឲ្យ​នាំចេញ​ទូលំទូលាយ​ទៅកាន់ទីផ្សារប្រទេសចិន គឺមានសរុប​ចំនួន ៧៤ចម្ការ ខណៈក្រុមហ៊ុន​ដែល​ទទួលសិទ្ធិវេចខ្ចប់ និងនាំចេញមៀនទៅកាន់ប្រទេសចិនវិញមានចំនួន ៨ក្រុមហ៊ុន។

យ៉ាងណាមិញ ទោះបីជា មានការសម្ពោធជាផ្លូវការ​សម្រាប់​ការនាំចេញ​មៀនស្រស់ទៅកាន់ប្រទេសចិន​ក៏ពិតមែន ប៉ុន្ដែ ការនាំចេញលើកដំបូង គឺអាចនឹងធ្វើឡើង​នៅក្នុងខែវិច្ឆិកាខាងមុខ ហើយក៏មិនទាន់ដឹងប្រាកដថា នឹងអាចនាំចេញបាន​ក្នុងបរិមាណប៉ុន្មាននៅឡើយដែរ ដោយរង់ចាំ​ការប្រមូលផល​របស់​កសិករ​សិន។

ពិធិសម្ពោធនាំចេញមៀនទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០២២

ជាមួយគ្នានេះ លោក សារ ចំរើន ទីប្រឹក្សាសហគមន៍មៀនប៉ៃលិន បានបញ្ជាក់ប្រាប់ខេមបូណូមីស​ថ្មីៗនេះថា ក្រុមហ៊ុនដែលបាននាំចេញមៀនប៉ៃលិនទៅប្រទេសចិននេះ បានធ្វើកិច្ចសន្យាទិញផ្លៃមៀនពីប្រជាពលរដ្ឋ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ហើយនៅពេលបច្ចុប្បន្នខាងក្រុមហ៊ុនកំពុងធ្វើការប្រមូលផលបេះផ្លែមៀនដែលទុំបណ្តើរៗពីចម្ការរបស់ប្រជាកសិករផងដែរ។

ចំពោះតម្លៃផ្លែមៀនប៉ៃលិនដែលក្រុមហ៊ុនបានទិញពីប្រជាកសិករនោះ គឺតម្លៃត្រូវកំណត់ទៅតាមខែនីមួយៗ ដោយគិតចាប់ពីដើមខែតុលា ដល់ចុងខែធ្នូ ឆ្នាំ ២០២២នេះ គឺក្រុមហ៊ុនទិញពីប្រជាកសិករក្នុងតម្លៃ ៣៣០០រៀលក្នុងមួយគីឡូក្រាម, ក្នុងខែមករាឆ្នាំ ២០២៣ មានតម្លៃ ៣៥០០រៀលក្នុងមួយគីឡូក្រាម, ចំពោះខែ កុម្ភៈ មានតម្លៃ ៣៩០០ រៀលក្នុងមួយគីឡូក្រាម និង ក្នុងខែមីនា មានតម្លៃ ៤៣០០ រៀលក្នុងមួយគីឡូក្រាមផងដែរ។ លោក បានបន្ថែមថា ចំពោះតម្លៃនេះដែរ គឺជាតម្លៃដែលក្រុមហ៊ុនទិញពីកសិករ ដោយគិតតម្លៃនៅលើដើមតែម្តង បានន័យថា ការចំណាយផ្សេងៗក្នុងការបេះ ការប្រមូលផល ការវេចខ្ចប់នានា គឺជាបន្ទុករបស់ក្រុមហ៊ុន។

បើតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ២០២១ ដំណាំមៀននៅទូទាំងប្រទេសកម្ពុជាមានការដាំដុះលើផ្ទៃដីសរុបជិត១ម៉ឺន៣ពាន់ហិកតា ខណៈផ្ទៃដីប្រមូលផលមានជាង១ម៉ឺនហិកតា ដោយទិន្នផលអាចទទួលបានជាមធ្យមជាង១ម៉ឺន២ពាន់តោនក្នុងមួយហិកតា ដែលមានបរិមាណផលសរុបជាង១៣ម៉ឺនតោន៕

None



អត្ថបទបន្ទាប់


ការនាំចេញស្រារបស់អូស្ត្រាលីទៅប្រទេសចិនធ្លាក់ចុះ ៩២% ដោយសារការដាក់ពន្ធ និងការរំខានពីជំងឺកូវីដ១៩

តម្លៃនៃការនាំចេញផលិតផលស្រារបស់អូស្ត្រាលីទៅកាន់តំបន់អាស៊ីភាគឦសានបានធ្លាក់ចុះជិតពាក់កណ្តាល គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២២ ដោយសារមានការ…

អេសស៊ីជី (SCG) មានមោទនភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រកួតជំនាញថ្នាក់ជាតិរបស់ កម្ពុជា

អេសស៊ីជី (SCG) បានចូលរួមជាមួយបណ្ដាស្ថាប័នជាច្រើនទៀត ក្នុងការឧបត្ថម្ភគាំទ្រកម្មវិធី ប្រកួតជំនាញថ្នាក់ជាតិលើកទី៨ របស់កម្ពុជា ដែលរៀបចំឡើងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ