កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីរួមចំណែកជួយស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ច ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ កន្លងមក។
ការបំផុសស្មារតីស្រលាញ់បរិស្ថានដល់យុវជន និងរឹតចំណងមិត្តភាពជាមួយប្រទេសជិតខាង និងអបរអរទិវាជនពិការពិភពលោក ក៏ស្ថិតក្នុងគោលបំណងនៃការរៀបចំនេះដែរ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានមានប្រសាសន៍ថា ក្រោមការគាំទ្រពីក្រសួងពាក់ព័ន្ធ សមាគមរបស់លោកនឹងរៀបចំកម្មវិធី«យាត្រាដើម្បីបេតិកភណ្ឌ»លើកទី១នៅប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារចាប់ពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជាឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់។ បន្ថែមលើនេះ គឺដើម្បីរួមចំណែកជួយស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជារូបនេះរំពឹងថា តាមរយៈព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះវានឹងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរជនជាតិថៃឲ្យទៅកម្សាន្តនៅប្រាសាទព្រះវិហារកាន់តែច្រើនបន្ថែមទៀត។ ការជឿជាក់បែបនេះធ្វើឡើងក្រោយលោកសង្កេតឃើញថា ក្រោយសមាគមប្រកាសពីគម្រោងរៀបចំព្រឹត្តិការណ៍នេះមានភ្ញៀវទេសចរជនជាតិថៃបានទៅកម្សាន្តនៅតំបន់ប្រាសាទព្រះវិហារជារៀងរាល់សប្តាហ៍។
បើតាមការគូសបញ្ជាក់របស់លោក ធួន ស៊ីណាន ព្រឹត្តិការណ៍យាត្រាដើម្បីបេតិកភណ្ឌនេះរៀបចំឡើងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តព្រះវិហារ ហើយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជានឹងរៀបចំព្រឹត្តិការណ៍នេះជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។ សម្រាប់ការរៀបចំលើកដំបូងព្រឹត្តិការណ៍នេះទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចុះឈ្មោះចូលរួមជាង១៥០នាក់៕