របាយការណ៍ពីក្រសួងកសិកម្មបានឲ្យដឹងថា នៅ៦ខែពាក់កណ្ដាលឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញស្រូវជិត ១លាន៧សែនតោន កើនដល់ទៅជាង ៧២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចេញអង្ករវិញ សម្រេចបានត្រឹមតែប្រមាណ២៨ម៉ឺនតោនប៉ុណ្ណោះ ធ្លាក់ចុះជិត៣០% និងមានក្នុងទំហំទឹកប្រាក់នាំចេញសរុបប្រមាណជាង២៣៧លានដុល្លារ។ ចំនួនទឹកប្រាក់នាំចេញស្រូវបានហក់ឡើងខ្ពស់ជាងទឹកប្រាក់នាំចេញអង្ករនាពេលនេះ ត្រូវបានគេមើលឃើញថា ដោយសារតែការនាំចេញស្រូវរបស់កម្ពុជាហក់ឡើងខ្ពស់ ស្របពេលដែលការនាំចេញអង្ករដាំក្បាលចុះ។
ការនាំចេញអង្ករធ្លាក់ចុះនេះ ត្រូវបានប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន បានលើកឡើងថា ដោយសារតែបញ្ហាកង្វះទូរកុងតេន័រដឹកជញ្ជូន តម្លៃដឹកជញ្ជូនកើនឡើងខ្លាំង និង ការធ្លាក់ចុះតម្លៃអង្ករនៅទីផ្សាអន្តរជាតិ ។
បើតាមឧកញ៉ា សុង សារ៉ន ជាប្រវិត្តសាស្រ្តហើយ ដែលមុខទំនិញពីកម្ពុជា មានការបញ្ជាទិញច្រើននាពេលបច្ចុប្បន្ននេះ ប៉ុន្តែវាបញ្ហា ត្រង់ថាយើងកំពុងតែខ្វះខាតទូកុងតេន័រ ដើម្បីដឹកជញ្ជូនទំនិញធុនធ្ងន់ជាពិសេស អង្ករតែម្តង។ ជាងនេះទៀត តម្លៃដឹកជញ្ជូនបានកើនឡើងខ្លាំង ជិត ៥ ដង ទៅ ១០ ដងនៅតាមតំបន់ខ្លះ ជាហេតុធ្វើឲ្យការនាំចេញអង្ករធ្លាក់ចុះ។
ជុំវិញនឹងការដឹកជញ្ជូននេះដែឬ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានលើកឡើងថា បញ្ហាតម្លៃដឹកជញ្ជូនឡើងថ្លៃនេះ បច្ចុប្បន្ននៅតែបន្ដកើនឡើងខ្លាំងដដែលមិនទាន់ឃើញស្រកចុះមកវិញនោះទេ។ ឧកញ៉ា ស៊ិន ចន្ធីបន្ថែម ការកើនឡើងតម្លៃដឹកជញ្ជូននេះ អាចនឹងបន្ដកើនឡើងកាន់តែខ្លាំងទៀតនៅឆ្នាំ ហើយកត្តានេះ ពិតណាស់ចង់ឬមិនចង់ គឺវាបាននិងកំពុងបន្ដបះពាល់កាន់តែខ្លាំងចំពោះការដឹកជញ្ជូនទំនិញរបស់កម្ពុជា ពិសេសអង្ករតែម្ដង។
បើតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា ដំណោះស្រាយសម្រាប់កំណើននៃការនាំចេញអង្ករនាពេលខាងមុខ គឺត្រូវស្វែងរកការសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ជាពិសេស ក្នុងការបង្កើនទូកុងតុន័រ សម្រាប់ការដឹកជញ្ជូនទំនិញអង្ករ ទីកាន់ទីផ្សារអន្តរជាត។ ជាពិសេស ការបង្កើននាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន សាំងហ្គាពួរ ជាដើម។
បើតាមរបាយការណ៍ក្រសួងកសិកម្ម នៅ៦ខែដំបូងនៅឆ្នាំ២០២១នេះ កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មសរុបក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង២ពាន់៥រយលានដុល្លារអាមេរិក ដោយមានបិរមាណជាង៤លាន៤សែនតោន បានកើនឡើងជាង៨៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕