ប្រសិនបើការបើកប្រទេសទទួលទេសចរបរទេស យឺតយ៉ាវជាងប្រទេសជិតខាង តើវានឹងធ្វើឱ្យកម្ពុជា បាត់បង់នូវភាពប្រកួតប្រជែង ក្នុងការទាក់ទាញទេសចរអន្តរជាតិឡើងវិញ ដែរឬយ៉ាងណា?
ប្រទេសថៃ,ឥណ្ឌូនេស៊ី,វៀតណាម,ហ្វីលីពីន,ម៉ាឡេស៊ី និងសិង្ហបុរី សុទ្ធតែបានបង្ហាញពីផែនការជាក់លាក់ដើម្បីបើកប្រទេសរបស់ខ្លួន ជាបណ្ដើរៗ ដើម្បីទទួលទេសចរអន្តរជាតិឡើងវិញ ដោយថៃ ជាប្រទេស ដែលបានបើកទទួលទេសចរមុនគេ បន្ទាប់មកគឺ ប្រទេសឥណ្ឌូនេស៊ី។ ដោយឡែកកម្ពុជា ក៏កំពុងញាប់ដៃញ៉ាប់ជើងក្នុងការឈានទៅបើកប្រទេសទទួលទេសចរឡើងវិញផងដែរ ក៏ប៉ុន្ដែ មកទល់ពេលនេះ រាជរដ្ឋាភិបាលនៅមិនទាន់កំណត់ពេលវេលាជាក់លាក់ថា នឹងបើកទទួលទេសចរបរទេសឡើងវិញនៅពេលណានៅឡើយទេ។ ដ្បិតថា កម្ពុជា មានផែនការបើកប្រទេសក្រោយគេមួយជំហានក៏ដោយចុះ តែក្រុមអ្នកជំនាញសុទ្ធតែយល់ឃើញថា វាជាការប្រសើរដែលកម្ពុជា គិតគូបើកប្រទេសឡើងវិញ ជាជំហានៗ ដើម្បីស្ទាបស្ទង់អំពីស្ថានការណ៍មិនច្បាស់លាស់របស់ជំងឺកូវីដ-១៩។
ដោយឡែកជុំវិញសំនួរសួរថា តើកម្ពុជា អាចនឹងបាត់បង់នូវភាពប្រកួតប្រជែង ក្នុងការទាក់ទាញទេសចរអន្តរជាតិដែរឬទេ នៅពេលកម្ពុជា មានផែនការបើកប្រទេសយឺតជាងគេនោះ? លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក និងជាអ្នកជំនាញក្នុងវិស័យទេសចរណ៍ ច្រើនឆ្នាំមកហើយនោះ បានយល់ឃើញថា វិធានការកាត់បន្ថយការធ្វើចត្តាឡីស័ក ដល់អ្នកវិនិយោគ និងទេសចរ ដែលចូលមកកម្ពុជា ជាសញ្ញាវិជ្ជមានមួយក្នុងវិស័យទេសចរណ៍ ក៏ពិតមែន តែកម្ពុជា មិនគួរអូសបន្លាយទៀតទេ ក្នុងការបើកសេដ្ឋកិច្ច និងសង្គមពេញលេញឡើងវិញ។ លោក ធួន ស៊ីណាន បានគូសបញ្ជាក់ដូច្នេះ ផ្អែកលើស្ថានភាពនៅកម្ពុជាបច្ចុប្បន្ន សន្ទុះនៃការឆ្លងកូវីដ-១៩ បានថមថយគួរឱ្យកត់សម្គាល់ បើប្រៀបនឹងប្រទេសជិតខាង ដូច្នេះ កម្ពុជា ក៏គួរជាអ្នកដែលបើកប្រទេសមុនគេ។
ផ្ទុយពីការលើកឡើងរបស់លោក ធួន ស៊ីណាន អ្នកជំនាញខាងទេសចរណ៍ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការយល់ថា ផែនការបើកប្រទេសឡើងវិញ ជាជំហានៗ របស់រាជរដ្ឋាភិបាល គឺជាការស្ទាបស្ទង់មួយអំពីស្ថានការណ៍របស់កូវីដ-១៩។ បណ្ឌិត ហុង វណ្ណៈ បានគូសបញ្ជាក់ថា ការដាក់ចេញនូវយន្តការនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបានត្រឹមត្រូវ គឺជាជំហ៊ានឆ្ពោះទៅការបើកប្រទេសពេញលេញឡើងវិញ ប្រកបដោយភាពជោគជ័យ។
ម្យ៉ាងវិញទៀតអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ក៏យល់ថា ការដាក់ចេញនូវវិធានការធ្វើចត្តាឡីស័ក គឺជា ការបន្ថែមនូវទំនុកចិត្ត ដល់ក្រុមអ្នកនិយោគ ក៏ដូចជា ភ្ញៀវទេសចរ ទៅវិញទេ ដូច្នេះ កម្ពុជា មិនចាំបាច់នោះទេនូវការអនុវត្តដូចនឹងប្រទេសថៃ ដែលមិនតម្រូវឱ្យអ្នកដំណើរ ចូលទៅប្រទេសរបស់ខ្លួនធ្វើចត្តាឡីស័កនោះ។ អ្នកជំនាញ បានសង្កត់ធ្ងន់ថា បើទោះបី កម្ពុជា មានភាពយឺតយ៉ាងជាងប្រទេសថៃ មួយជំហ៊ាន ក្នុងការបើកប្រទេសឡើងវិញក៏ដោយចុះ ប៉ុន្តែ វាមិនទាន់យឺតពេលនោះទេ សម្រាប់កម្ពុជា ព្រោះកម្ពុជា មានសក្ដានុពលច្រើន ពិសេសផ្នែកទេសចរណ៍ ដូច្នេះ កម្ពុជា មិនចាំបាច់បារម្ភនោះទេ ថា នឹងបាត់បង់ឱកាសប្រកួតប្រជែង ជាមួយបណ្ដាប្រទេសជិតខាង ក្នុងការទាក់ទងទេសចរអន្តរជាតិ។
បន្ទាប់ពីបានបន្ធូរបន្ថយការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរពីបរទេសចូលមកកម្ពុជា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានបើកឱ្យដំណើរការឡើងវិញនូវជើងហោះហើរត្រង់ពីប្រទេសចំនួន៣ ក្នុងតំបន់អាស៊ានផងដែរ រួមមាន ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ដើម្បីរួមចំណែកដល់ការបើកដំណើរការឡើងវិញ នូវសកម្មភាពការសេដ្ឋកិច្ច-សង្គម ជាជំហានៗ លើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី រួមទាំងការស្ដារឡើងវិញ នូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។
សូមបញ្ជាក់ថា តាមការស្រង់តួលេខករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃ នៅថ្ងៃទី២៤ តុលាបង្ហាញថា ក្នុងចំណោមប្រទេសអាស៊ានទាំង១០ កម្ពុជាមានករណីឆ្លងកូវីដ១៩តិចជាងគេបំផុត គឺមានប្រមាណជិត១៣០នាក់ប៉ុណ្ណោះ ខណៈដែលប្រទេសថៃមានករណីឆ្លងប្រចាំថ្ងៃច្រើនជាងគេដល់ទៅ ជាង៩ពាន់នាក់ បន្ទាប់មកម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងវៀតណាមជាដើម៕