លោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារទី១០ ខែកញ្ញា ថា ការចោទប្រកាន់មកលើលោក កឹម សុខា គ្មានមូលដ្ឋានទេ ហើយក៏បានអំពាវនាវឲ្យកម្ពុជាធ្វើការផ្សះផ្សាដោយអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយនិងសង្គមស៊ីវិលដំណើរការដោយគ្មានការភ័យខ្លាច, គ្មានការបំភិតបំភ័យ ឬគ្មានការសងសឹក។
តាមរយៈខ្សែវីដេអូខ្លីចែកចាយតាមទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកនៅកម្ពុជា, លោកស្រី Morgan Ortagus បាននិយាយដូច្នេះថា «សហរដ្ឋអាមេរិកអំពាវនាវជាថ្មីម្តងទៀត ឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោក កឹម សុខា, ស្តារឡើងវិញនូវសិទ្ធិស៊ីវិលនិងនយោបាយរបស់គាត់, និងដោះលែងអ្នកជាប់ឃុំតាមអំពើចិត្តផ្សេងទៀត។»
លោកស្រី Morgan Ortagus បាននិយាយផងដែរថា «ថ្ងៃទី៣ ខែកញ្ញា ជាគម្រប់ពេល២ឆ្នាំនៃការចាប់ខ្លួនរបស់មេដឹកនាំប្រឆាំងលោក កឹម សុខា ពីបទចោទប្រកាន់ដោយគ្មានមូលដ្ឋាន។»
លោកស្រី Morgan Ortagus បានបន្តថា «រដ្ឋាភិបាលកម្ពុជាមិនទាន់បានកាត់ទោសគាត់ ឬបង្ហាញអ្វីជាភ័ស្តុតាងអាចជឿទុកចិត្តបាននោះទេ ដើម្បីគាំទ្រការចោទប្រកាន់នេះ ដែលត្រូវប្រើប្រាស់ក្នុងការរំលាយគណបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ។»
ក្រសួងការបរទេសកម្ពុជា បាននិយាយថា ខ្លួនត្រូវបង្ខំចិត្តឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោកស្រី Morgan Ortagus។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានិយាយដូច្នេះថា «ចាប់តាំងពីថ្ងៃទី0៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយផ្អែកលើហេតុផលមនុស្សធម៌ លោក កឹម សុខា ត្រូវបានដោះលែងឲ្យមករស់នៅក្នុងផ្ទះរបស់គាត់ ជាមួយគ្រួសារយ៉ាងសុខស្រួលក្រោមការត្រួតពិនិត្យរបស់តុលាការ។»
សេចក្តីថ្លែងការណ៍បានបន្តថា អាមេរិកបានទទួលបរាជ័យក្នុងការប៉ុនប៉ងជំរុញឱ្យមានការផ្លាស់ប្តូររបបនៅកម្ពុជា ហើយថា កម្ពុជាមានសិទ្ធិអធិបតេយ្យពេញលេញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលនិងអង្គភាពទាំងឡាយណា ដែលរំលោភរដ្ឋធម្មនុញ្ញនិងច្បាប់ ដើម្បីការពារសន្តិសុខជាតិនិងនីតិរដ្ឋរបស់ខ្លួន។
ក្រសួងការបរទេសកម្ពុជាក៏បានទាមទារឲ្យបរទេសទាំងអស់ គោរពអធិបតេយ្យរបស់កម្ពុជា និងជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយយកលេសបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
លោក ចាន់ ចេន មេធាវីមួយរូបរបស់លោក កឹម សុខា បាននិយាយនៅថ្ងៃពុធ ទី១១ ខែកញ្ញានេះ ផងដែរ ថា បើមេដឹកនាំខ្មែរពិតជាចង់ការពារអធិបតេយ្យជាតិ រក្សានូវស្ថិរភាព អភិវឌ្ឍន៍ដោយចីរភាពពិតមែននោះ គឺត្រូវតែសន្ទនាគ្នាដើម្បីបញ្ឈប់ការប្រើវោហារសព្ទវាយប្រហារ។
លោក ចាន់ ចេន បាននិយាយដូច្នេះថា «ផ្ទុយទៅវិញ បើមេដឹកនាំខ្មែរមិនព្រមសន្ទនាគ្នាទេ កម្ពុជាជៀសមិនផុតពីការប្រទាញប្រទង់ពីមហាអំណាចទេ ហើយក៏អាចឈានទៅមានវិបត្តិនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងសង្គម។ ទស្សនៈដោយសុច្ឆន្ទៈរបស់មេដឹកនាំ មិនមែនភ្លើងនិងមិនមែនសាំង»៕