សេចក្ដីប្រកាសពត៌មានដដែលនេះបានឲ្យដឹងថា នេះមិនមែនជាជំនួយលើកដំបួងនោះទេ ដែលអាមេរិកបានជួយមកដល់កម្ពុជា កន្លងទៅថ្មីៗនេះផងដែរ អាមេរិកក៏បានផ្ដល់ជំនួយជាវ៉ាក់សាំងប្រភេទ Johnson&Johnson ជាង១លានដូស ដែលផ្ដល់ជំនួយតាមរយៈយន្តការកូវ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ និងជំរុញការចាក់វ៉ាក់សាំងនៅក្នុងចំណោមប្រជាជនដែលត្រូវចាក់ធ្វើអន្តរាគមន៏ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៏ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។
លោកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា w. Patrick Murphyបានមានប្រសាសន៏ថា ៖ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺមានសារសំខាន់ណាស់មិនត្រឹមតែដើម្បីការពារសុខភាពនិងសុវត្តិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុលភាពសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។
ជំនួយបន្ថែមនេះ គឺជាជំនួយ ដែលបានមកពីផែនការជួយសង្រ្គោះរបស់អាមេរិក គឺជាការបន្ថែមលើជំនួយចំនួន ១១លានដុល្លារបស់អាមេរិកទាក់ទងជំងឺកូវីដ១៩ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើងជាលើកដំបូង។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២មក សហរដ្ឋអាមេរិកចំណាយថវិការអស់ជាង១,៥៤ពាន់លានដុល្លា នៅកម្ពុជា តាមរយះទីភ្នាក់ងារជំនួយរបស់អាមេរិកUSAID។
អត្ថបទ៖ ហួន ស្រីនីត