សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងនេះដោយផ្ទាល់ ដែលពីធីប្រគល់ននិងទទួលត្រូវបានធ្វើឡើងនៅ វិមានសន្តិភាព។ គួរជម្រាបថា ហុងគ្រី គឺជាប្រទេសទី៦ ហើយដែលបានផ្តល់អំណោយវ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជាក្នុងក្របខណ្ឌទ្វេភាគី។
ស្របពេលដែលមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង នៅតែបង្កហានិភ័យ និងមានភាពមិនប្រាកដប្រជា កម្ពុជា បន្តផ្តល់អាទិភាពដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយបានបើកយុទ្ធការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ កាលពីដើមឆ្នាំ២០២២ និងពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងជូនដល់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ចាប់ពីចុងខែកុម្ភៈមក។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្ពុជាគឺជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ ៩២,២៧ ភាគរយនៃប្រជាជនសរុបប្រមាណ ១៦ លាននាក់ ៕
អត្ថបទ សោម ស្រីពេជ្រ